សម្រាប់រដូវកាលថ្មី នៃព្រឹត្តិការណ៍បាល់ទាត់ លំដាប់ទី២ របស់កម្ពុជា គឺពាន Hun Sen-Cup លើកទី៩ ឆ្នាំ២០១៥នេះ ត្រូវបានគណៈកម្មការ រៀបចំការប្រកួត នៅលើទីលាន២ផ្សេងគ្នា ក្នុងនោះវគ្គជម្រុះតាមពូល ធ្វើឡើងនៅទីលានទន្លេបាទី ខេត្តតាកែវ រីឯដំណាក់កាលបន្ទាប់ ពោលគឺចាប់ពីការប្រកួតវគ្គ ៨ក្រុមចុងក្រោយ រហូតវគ្គផ្ដាច់ព្រ័ត្រ ត្រូវប្ដូរទៅប្រកួត នៅលើទីលាន ខេត្តស្វាយរៀងវិញ ។ប៉ុន្ដែដើម្បីបានចូលរួមទស្សនា ការប្រកួត ផ្ទាល់ចាប់ពីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ (វគ្គ៨ក្រុងចុងក្រោយ) រហូតដល់វគ្គផ្ដាច់ព្រ័ត្រនោះ ក្លឹបបាល់ខេត្តស្វាយរៀង បានប្រកាសលក់សំបុត្រ ឲ្យអ្នកគាំទ្រទាំងអស់ ដែលមានបំណង ចង់ចូលទស្សនា ការប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៩នេះ ដែលក្នុងនោះ សំបុត្រមួយសន្លឹក មានតម្លៃត្រឹម ២.០០០ រៀលប៉ុណ្ណោះ ។ គួរបញ្ជាក់ថា ចំពោះកម្មវិធីប្រកួត ដែលទស្សនិកជនត្រូវ ទិញសំបុត្រចូលទស្សនានោះ គឺវគ្គ៨ក្រុមចុងក្រោយ ដែលការប្រកួតនឹងចាប់ផ្ដើម នៅថ្ងៃទី ៣១ ខែមករា និងថ្ងៃទី០១ ខែកុម្ភៈខាងមុខនេះ ។ ឯការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ខណៈថ្ងៃប្រកួត វគ្គផ្ដាច់ព្រ័ត្រនោះ ការប្រកួតនឹងចាប់ផ្ដើម នៅវេលាម៉ោង ៤រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ ៕
Post a Comment