GuidePedia

0
អ្នក​ប្រដាល់​លាស់ យីន​( រាជសីហ៍ បា​បា​) ក្លឹប​សម្រែក​រាជសីហ៍​ប​ង្ក្រា​ប​គ្រឿងញៀន នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​ជ័យ ប៊ុន​សង់ អ្នក​ប្រដាល់​ក្លឹប​គី​សែ​មាន​រិ​ទ្ធ នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២៥ មករា ២០១៥​នេះ នៅ​លើ​សង្វៀន​SEA-TV។


លាស់ យីន តាំងពី​ដូរ​ឈ្មោះ​មក គេ​ប្រកួត​ពុំដែល​ស្គាល់​ពាក្យ​ចាញ់​នៅឡើយ​ទេ។ ការប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ម៉ុង ហ្គោ​លី​ក្នុង​ទឹក​ទី​៤​ដែល​បញ្ជាក់​ថា គេ​ខ្លាំង​ជាង​មុន។ អ្នក​ប្រដាល់​រូប​នេះ មាន​ផ្លែ​ជង្គង់​ល្អ ហើយដោយ​សារ​គេ​ខ្ពស់​ស្រាប់​ផង​នោះ រឹតតែ​ធ្វើអោយ​ការប្រកួត​របស់​គេ​ល្អ​ជាង​មុន​ទៅទៀត។ ម្នាក់​នេះ​កណ្តាប់ដៃ​មិនសូវ​ជា​ល្អ​ទេ តែបើ​ស្នៀត​ជង្គង់​និង​កែង គឺ​ល្អ​តែម្តង។

ជ័យ ប៊ុន​សង់ ចាញ់​កម្ពស់​លាស់​យីន។ តែ​យ៉ាងណា​គេ​មិន​ខ្លាចញញើត​លាស់ យីន នោះ​ទេ។ កណ្តាប់​ដៃ​និង​ស្នៀត​ជើង​ទាត់​របស់​ប៊ុន​សង់​លឿន ហើយ​គេ​វាយ​ទៅតាម​លក្ខណៈ​បច្ចេកទេស​ល្អ​ថែមទៀត។

ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​មាន​ចិត្តធំ ប៊ុន​សង់ វាយ​បុក​ទៅលើ​គូប្រកួត​មុន​ជានិច្ច។ ជាមួយ​នឹង​មាន​ស្នៀត​វាយលុក​ល្អ ជ័យ ប៊ុន​សង់​គេ​ក៏​មាន​ស្នៀត​ការពារ​ខ្លួន​ល្អ​ផង​ដែរ។ ប៉ុន្តែ​យ៉ាងណា ជួប​ជាមួយ​លាស់ យីន​លើក​នេះ មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ទេ។

ប៊ុន​សង់ គេ​ប្រកួត​ចុងក្រោយ វាយ​ចាញ់​សេន គឹម​រួន អ្នក​ប្រដាល់​ក្លឹប​រត្ន​ន៍​សែន​ជ័យ​ដោយ​ពិន្ទុ។ ការ​វាយ​ចាញ់​សេន គឹម​រួន​ហើយ​នោះ ប៊ុន​សង់​ជួប​ជាមួយ​លាស់ យីន គឺ​មិន​សង្ឃឹម​ឈ្នះ​នោះ​ទេ ព្រោះ​លាស់​យីន​ខ្លាំង​ជាង​សេន គឹម​រួន​ទៅទៀត។

ហ៊​ល ដា​រ៉ា អ្នក​ប្រដាល់​ក្លឹប​សាល​វ័​ន្ត​កីឡា នឹង​ជួប​ប្រកួត​ជាមួយ ងួន គា​អ្នក​ប្រដាល់​ក្លឹប​តា​ឡី​ដំរី​មាន​រិ​ទ្ធ។ ពួកគេ​ពីរ​នាក់​នេះ មិនដែល​ប៉ះ​គ្នា​ទេ​ពី​មុន​មក ដោយសារតែ​ងួន គា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ហើយក៏​ទើបតែ​មានការ​វិវត្តន៍​រីក​ចំរើន​នា​ចុងឆ្នាំ​២០១៤​នេះ​ប៉ុណ្ណោះ។

ងួន គា ស្នៀត​ប្រដាល់​របស់​គេ​មិនសូវ​ជា​ច្បាស់ និង​មាន​ផ្លែ​ល្អ​ប៉ុន្មាន​ទេ តែ​គេ​មានចិត្ត​ប្រដាល់​ធំ វាយ​មិន​ចេះ​ខ្លាចញញើត​គូប្រកួត​ឡើយ។ បែប​នេះ​ហើយ ទើប​ការប្រកួត​របស់​គេ​តែង​ទទួលលទ្ធផល​ឈ្នះ​លើ​គូប្រកួត​ជានិច្ច។ ប្រកួត​ចុងក្រោយ​នេះ គេ​ប្រកួត​ស្មើ​ជាមួយ​ស្រិល ទ្រី អ្នក​ប្រដាល់​ក្លឹប​និរោធ​មានជ័យ។

សម្រាប់​ការ​ជួប​ជាមួយ​ហ៊​ល ដា​រ៉ា​លើក​នេះ ងួន គា ប្រហែលជា​មិន​ជួប​សំណាងល្អ​នោះ​ទេ ដោយសារតែ​ដា​រ៉ា​ជា​អ្នក​ប្រដាល់​ចាស់វស្សា មាន​ស្នៀត​ប្រដាល់​ល្អ ទិច​និ​ច​ប្រកួត​ល្អ។ ប្រកួត​ចុងក្រោយ​នេះ ដា​រ៉ា វាយ​ឈ្នះ​សេន កុសល ក្លឹប​មោងឫស្សី​មរតក​គុន​ខ្មែរ​ដោយ​ពិន្ទុ។ សម្រាប់​ការជួបគ្នា​នេះ គេ​រំពឹងថា​ហ៊​ល ដា​រ៉ា នឹង​ឈ្នះ​ងួន គា។

សល់ រ៉ា​ជន អ្នក​ប្រដាល់​ក្លឹប​កុសល​កីឡា នឹង​ត្រូវ​ជួប​ជាមួយ​យ៉​ន វិចិត្រ អ្នក​ប្រដាល់​ក្លឹប​កងទ័ព​ឆ័​ត្រ​យោង​៩១១ ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ​កន្លងមក។

យ៉​ន វិចិត្រ គេ​មិនជា​ល្អ​នោះ​ទេ ប៉ុន្តែ​គេ​អាច​ល្អ​ជាង​រ៉ា​ជន ទាំង​កម្លាំង​កាយសម្បទា ទាំង​ស្នៀត​ប្រដាល់។ ការប្រកួត​ចុងក្រោយ​នេះ យ៉​ន វិចិត្រ បាន​ផ្តួល​ឯម ចាន់​ឌី អ្នក​ប្រដាល់​ក្លឹប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទី​១ ខ​ណៈ​ដែល​ការប្រកួត​ចុងក្រោយ​របស់​សល់ រ៉ា​ជន គេ​វាយ​ចាញ់​ថៃ សាក់​សា​រះ អ្នក​ប្រដាល់​ក្លឹប​កងទ័ពជើងទឹក​ដោយ​ពិន្ទុ។

ដូច្នេះ សម្រាប់​ការ​ជួបគ្នា​រវាង​សល់ រ៉ា​ជន និង យ៉​ន វិចិត្រ នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​ប្រដាល់​អះអាង​ថា វិចិត្រ​នឹង​ឈ្នះ​ការប្រកួត​នេះ។

អ្នក​ប្រដាល់​ម៉ន គឹម​ឡុង ក្លឹប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវ​ឡើង​ប្រកួត​ជា មួយ​ខន សុខុន អ្នក​ប្រដាល់​ក្លឹប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី។ ពីរ​នាក់​នេះ ពុំដែល​ជួបគ្នា​ទេ​ពី​មុន​មក។

ខន សុខុន គេ​ឡើង​ប្រកួត​មិនដែល​ឃើញ​ឈ្នះ​អ្នកណា​នោះ​ទេ ដូច្នេះ​សម្រាប់​ការប្រកួត​លើក​នេះ គេ​មិន​រំពឹង​ថា ឈ្នះ​ម៉ន គឹម​ឡុង​នោះ​ទេ៕

Post a Comment

 
Top