ការប្រកួតប្រដាល់នៅលើសង្វៀនទូរទស្សន៍រាជធានីភ្នំពេញបុ៉ស្តិ៍លេខ៣ នាថ្ងៃអាទិត្យ ទី១ កុម្ភៈ ខាងមុខនេះ ប្រជុំដោយកីឡាករជើងខ្លាំងជាច្រើនគូ ក្នុងនោះគូដែលគេចាប់អារម្មណ៍ជាងគេមានចំនួន២គូ ។ គូទី១ តម្រូវទៅលើកីឡាករឡេះ តើក មកពីក្លិបពុទ្ធសេរីវង្សកីឡា ប្រកួតជាមួយកីឡាករបឺត សំរេច មកពីក្លិបសាលវ័ន្តកីឡា និងគូទី២ កីឡាករហែល វ៉ា មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាកររឿង សារដ្ឋ មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ។ឡេះ តើក និងបឺត សំរេច ទោះបីពួកគេជាកីឡាករចាស់វស្សា បុ៉ន្តែមិនធ្លាប់មានប្រវត្តិជួបគ្នាទេពីមុនមកដោយសារការផ្គូផ្គងចេះតែឃ្វាងគ្នារហូត ។ តាមរយៈការសង្កេតការប្រកួតកន្លងមកឃើញថា ឡេះ តើក ជាកីឡាករចូលចិត្តវាយអាងកម្លាំងច្រើនជាងបច្ចេកទេស ។ ផ្លែកែង និងជង្គង់របស់កីឡាកររូបនេះប្រើការមិនបានស្ទាត់ជំនាញដូចស្នៀតកណ្តាប់ដៃ និងស្នៀតជើងនោះទេ ឯចិត្តសឿងគ្រាន់បើ ។ ដូច្នេះសម្រាប់ការមកជួបប្រកួតជាមួយ បឺត សំរេច លើកនេះមិនដឹងថា អាចទៅរួចឬអត់នោះទេ ដោយសារ បឺត សំរេច មានជំនាញខាងប្រើស្នៀតកែង និងជង្គង់ផ្តួលគូប្រកួត ឯស្នៀតដៃ និងស្នៀតជើង ក៏ខ្លាំងមិនធម្មតា គ្រាន់តែអន់កម្លាំងបន្តិចបុ៉ណ្ណោះ ។ ចាំមើល គូនេះនរណាជាអ្នកសម្រេចគោលដៅ ? ចំណែក ហែល វ៉ា និងរឿង សារដ្ឋ ជួបគ្នាលើកនេះ ក៏គ្មាននរណាហ៊ានអះអាងទុកមុនពីលទ្ធផលចាញ់-ឈ្នះដូចគ្នា ។ យោងតាមប្រវត្តិ ហែល វ៉ា ជាអ្នកប្រដាល់ចាស់វស្សា ធ្លាប់ឡើងសង្វៀនប្រកួតរាងយូរក្រែលដែរហើយ ឯស្នៀតគុនក៏ខ្លាំងមិនធម្មតា ទើបអ្នកធ្លាប់តាមដានការប្រកួតប្រដាល់ភាគច្រើនមានជំនឿលើគេច្រើនជាងគូភាគីម្ខាងទៀត ។ ឯ រឿង សារដ្ឋ ទើបតែឃើញលេចមុខនៅលើសង្វៀនប្រហែល១ឆ្នាំចុងក្រោយនេះបុ៉ណ្ណោះ ទោះបីយ៉ាងណា សមត្ថភាពកីឡាកររូបនេះមិនអាចមើលស្រាលបានឡើយ។ បើ ហែល វ៉ា ហ៊ានតែប្រហែស ច្បាស់ជាស៊យធំមិនខាន ។ ដូច្នេះគូនេះសុទ្ធតែមានឱកាសដណ្តើមជ័យជម្នះដូចគ្នា គ្រាន់តែដងជញ្ជីងជ័យជម្នះរាងផ្អៀងទៅខាង ហែល វ៉ា បន្តិច ។នៅថ្ងៃនោះដែរ ក៏មានការប្រកួតរវាងកីឡាកររិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយកីឡាករគង់ ហូវ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។ កីឡាករខឹក សុឃឿន មកពីក្លិបទ័ពពិសេសឆត្រយោង៩១១ ប្រកួតជាមួយកីឡាករចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន និងគូចុងក្រោយកីឡាករឡុង សម្ផស្ស មកពីក្លិបសាលវ័ន្តកីឡា ប្រកួតជាមួយកីឡាយឹម សាវុធ មកពីក្លិបកងពលតូចលេខ៧០ ៕
Subscribe to:
Post Comments (Atom)
Post a Comment