GuidePedia

0
​​លោក Jurgen Klopp ​នឹង​​ប្រកាស​ខ្លួន​ ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​​ក្រុម​ Liverpool ផ្លូវការ​ នៅ​ថ្ងៃ​​សុក្រ​ស្អែក​​នេះ​ហើយ។ នេះ​បើ​តាម​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​របស់​អង់គ្លេស BBC។


ព័ត៌មាន​ ​នៃ​ការ​មក​ដល់​របស់​អតីត​អ្នកចាត់ការ​ក្រុម​ Borussia Dortmund ​នា​កីឡដ្ឋាន​ Anfield នេះ​ ​នឹង​ធ្វើ​អ្នកគាំទ្រ​​ហង្ស​ក្រហម ជា​ច្រើន​រីករាយ ខណៈ​ដែល​ក្លិប​ប្រញាប់ប្រញាល់ ដើម្បី​ជំនួស​តំណែង​លោក​ Brendan Rodgers ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ ​បន្ទាប់​ស្មើ​ ១-១ ទល់​នឹង​ Everton កាល​សប្ដាហ៍​មុន។

​Klopp ​នឹង​ត្រូវ​ដឹក​នាំ​ក្រុម​ហង្ស​ក្រហម ជំនួស​លោក​ Rodgers ហើយ​គោល​ដៅ​ធំ​របស់​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ គឺ​ធ្វើ​យ៉ាង​ណា​ជួយ​ក្លិប​​យ៉ាង​ហោច​ណាស់ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​ Top 4 ដែរ។ ខណៈ​ដែល​ Chelsea ចាប់​ផ្ដើម​រដូវ​កាល​មិន​បាន​ល្អ​រដូវ​កាល​ថ្មី​នេះ នេះ​ក៏​អាច​ជា​ឱកាស​ងាយ​ស្រួល​មួយ​ សម្រាប់​បុរស​វ័យ​​៤៨​ឆ្នាំ​ ដើម្បី​ប្រជែង​យក​កៅអី​ UEFA Champions League រដូវ​កាល​ក្រោយ។

Klopp ​កាល​ដឹក​នាំ Dortmund ប្រកួត​មិត្ត​ភាព​ជាមួយ​ Liverpool នៅ​ Anfield ឆ្នាំ២០១៤

​Liverpool បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​លេខ​១០ ​មាន​គម្លាត​ពី​ក្រុម​នៅ​ Top 4 តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ប្រកួត​ដំបូង​របស់​ Klopp ជាមួយ​នឹង​ Liverpool នឹង​ត្រូវ​ប៉ះ​ Tottenham Hot Spurs ​បន្ទាប់​ពី​ការ​សម្រាក​ប្រកួត​អន្តរជាតិ​វិញ។ គេ​ជឿ​ថា បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ នឹង​ចុះ​កុងត្រា​ ៣ឆ្នាំ​នៅ​​ហង្ស​ក្រហម ​ហើយ​នឹង​​​នាំ​ជំនួយ​ការ​​របស់​លោក​​ Zeljko Buvac ​មក​ផង​ដែរ៕

Post a Comment

 
Top