GuidePedia

0
នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នេះក្នុងសាលដំបូលទូកប៊ូយ៉ុង ដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិបានបើកការប្រកួត Cambodia Open 2015 Glory International Taekwondo Competitions ដែលមានប្រទេស កម្ពុជា ធ្វើជាម្ចាស់ផ្ទះ មានការចូលរួម៥ក្រុមផ្សេងទៀតរួមមាន អូស្រ្តាលី សាធាណរដ្ឋកូរ៉េខាង ត្បូង ហ្វីលីពីន ថៃ និងវៀតណាម ។


ក្នុងឱកាសបើកកម្មវិធីជាផ្លូវការនេះ មានការអញ្ជើញចូលរួមពីលោក នួន ភា ដែលប្រធានខេមរសហព័ន្ធតេក្វាន់ដូ និងលោក លី ក្វាំងហ៊ុន ប្រធាន World Sport Mission គ្រាដែលលោក នួន ភា ប្រធានខេមរសហព័ន្ធតេក្វាន់ដូបានមាន ប្រសាសន៍ថា នេះជាលើកដំបូងហើយ ដែលកម្ពុជាបានរៀបចំព្រឹត្តិការណ៍នៃការប្រ កួត Cambodia Open 2015 Glory International Taekwondo Competitions ដ៏ធំបែបនេះ ។

ក្នុងព្រឹត្តិការណ៍ខាងលើកនេះមាន៦ ប្រទេសចូលរួម ដែលមានកីឡាករ-កីឡាការិនីចំនួន៣០០នាក់ រីឯប្រទេសកម្ពុជាបានបញ្ចូនកីឡាករ-កីឡាការិនី ចំនួន៣០ ក្លឹប ដែលមាន២៦៣នាក់ ក្នុងនោះកីឡាការិនី ៧៨នាក់ ប្រទេសអូស្រ្តាលីកីឡាករ-កីឡាការិនី៣នាក់ ហ្វីលីពីន កីឡាករ-កីឡាការិនី១៣នាក់ កូរ៉េខាងត្បូងកីឡាករ -កីឡាការិនី ១៦នាក់ ថៃកីឡាករ-កីឡាការិនី១៨នាក់ និងវៀតណាម កីឡាករ-កីឡាការិនី១០នាក់ ។

លោកបានបន្តថា ការចូលរួមរបស់ក្រុមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍នេះកាន់តែ បង្កើនឧត្តមភាព មិត្តភាព សាមគ្គីភាព និង តម្លាភាព ដើម្បីឆ្ពោះទៅការប្រកួតកីឡា SEA Games 2023ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនោះ ។

លោក ជាតិ ខេមរា ដែលជាសមាជិកប្រតិបត្តិមួយរូបរបស់ខេមរសហព័ន្ធតេក្វាន់ដូ បានឲ្យដឹងថា នេះជាការប្រកួតតេក្វាន់ដូស្ទីល W.T.F (World Taekwondo Federation) របស់សាធារណរដ្ឋកូរ៉េ ហើយការប្រកួតមាន២វិញ្ញាសា គឺវិញ្ញាសាសម្តែងមេគុន (Poomsae) និងវិញ្ញាសាប្រយុទ្ធ (Sparing) ។

លោក Choi Yong Sok គ្រូបង្វឹកជម្រើសជាតិរបស់កម្ពុជា និងជាអ្នកផ្ដួចផ្ដើមគំនិតក្នុងការរៀបចំព្រឹត្តិការណ៍នេះបាន មានប្រសាសន៍ថា ការប្រកួតនេះមិនមែន ប្រើតែអាជ្ញាកណ្ដាល ចៅក្រមកម្ពុជានោះទេ គឺមានចៅក្រុមមកពីក្រៅប្រទេសជាច្រើនរូប ពិសេសចៅក្រមមកពីកូរ៉េ និងចៅក្រមអន្តរជាតិរបស់កម្ពុជាទៀតផង ។ លោកបន្តទៀតថា នេះជាព្រឹត្តិ ការណ៍មួយដែលបើកទូលាយដែរទេ ហើយការប្រកួតគឺមានគ្រប់ប្រភេទទម្ងន់ តែអាយុគឺចាប់ពី១២ឆ្នាំដល់លើ១៨ឆ្នាំ ៕

Post a Comment

 
Top