GuidePedia

0
​David Beckham ​បាន​លើក​ឡើង​ថា Sir Alex Ferguson ​នៅ​នឹក​រឿង​ម្យ៉ាង កាល​នៅ​ដឹក​នាំ​ Manchester United ​ពោល​​រឿង​នោះ​គឺ “ការ​ស្រែក” ​ដាក់​​អាជ្ញាកណ្ដាល និង​កីឡាករ។


Beckham ​នឹង​ពាក់​ស្បែក​ជើង​ចូល​លេង​បាល់​ជា​លើក​ដំបូង​ តាំង​ពី​ចូល​និវត្តន៍កាល​ខែ​ឧសភា ឆ្នាំ​២០១៣ ​ហើយ​​នឹង​ចូល​លេង​ឲ្យ​ក្រុម​ចក្រភព​អង់គ្លេស​ និង​អៀរឡង់​​​ដែល​ដឹក​នាំ​ដោយ​​​ Sir Alex លេង​ទល់​នឹង​​ក្រុម​ Rest of the World ​របស់​លោក​ Carlo Ancelotti ​​ក្នុង​ការ​ប្រកួត​សប្បុរសធម៌​រៃអង្គាស​ប្រាក់​ជូន​អង្គការ​​ Unicef សម្រាប់​ជួយ​ដល់​កុមារ។ ការ​ប្រកួត​នឹង​ធ្វើ​ឡើង​​នៅ​​កីឡដ្ឋាន Old Trafford ​នា​ថ្ងៃ​ទី​​១៤ ខែ​វិច្ឆិកា​ខាង​មុខ។

​អតីត​ប្រធាន​ក្រុម​អង់គ្លេស​រូប​នេះ ក៏​ជា​អ្នក​បញ្ចុះបញ្ចូល​ឲ្យ​ Sir Alex ដឹក​នាំ​ក្រុម​ម្ដង​ទៀត​ដែរ​ បន្ទាប់​ពី​បុរស​វ័យ​៧៣​ឆ្នាំ បាន​ចូល​និវត្តន៍​​រយៈពេល​២​ឆ្នាំ​កន្លះ​មក​​​ហើយ​។

​អតីត​ខ្សែ​បម្រើ​ក្រុម​បិសាច​ក្រហម​ បាន​និយាយ​ថា៖ “Pierluigi Collina ​នឹង​ធ្វើ​ជា​​អាជ្ញាកណ្ដាល​ក្នុង​ប្រកួត​​ខាង​មុខ​នេះ ​ដូច្នេះ​ខ្ញុំ​មិន​ដឹង​ថា Sir Alex ​នឹង​នៅ​តែ​​ស្រែក​​​ដាក់​គាត់​ទៀត ឬ​អត់​ទេ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា គាត់​នឹង​រំភើប។ ខ្ញុំ​ជឿ​ថា គ្រប់​ពេល​ដែល​គាត់​ មក​កាន់​កីឡដ្ឋាន​ហើយ​មើល​ការ​ប្រកួត ​គាត់​ប្រាកដ​ជា​ចង់​ចុះ​ទៅ​ឈរ​នៅ​ខ្សែ​បន្ទាត់​ ហើយ​ស្រែក​ឲ្យ​កីឡាករ និង​អាជ្ញាកណ្ដាល”។


​​អាជីព​របស់​ Beckham នៅ​ Man Utd បាន​បញ្ចប់​រយៈពេល​១២​ឆ្នាំ​មក​ហើយ ​​​​ខណៈ​ដែល​អតីត​តារា​ឆ្នើម​លេខ​៧​រូប​នេះ ​ធ្លាប់​ជួយ​ឲ្យ​បិសាច​ក្រហម លើក​ពាន​ Premier League ៦​ដង ​និង​ UEFA Champions League ១​ដង​ផង​ដែរ។ យ៉ាង​ណា បុរស​សង្ហារ​​វ័យ​​៤០​ឆ្នាំ​រូប​នេះ នឹង​បង្ហាញ​ខ្លួន​នៅ​ Old Trafford ម្ដង​ទៀត ក្នុង​ការ​ប្រកួត​ដើម្បី​ជួយ​ដល់​កុមារ​ នៅ​ខែ​ក្រោយ៕

Post a Comment

 
Top