GuidePedia

0
ក្រុម​បាល់ទាត់​អាយុ​ក្រោម​១៣ ឆ្នាំ​របស់​​ក្រុង​សៀមរាប​អង្គរ​បាន​ក្លាយ​ជា​​ជើង​​​ឯក​ពាន​រង្វាន់​បាល់ទាត់​ថ្នាក់​ជាតិ ​U-13 ប្រចាំ​ឆ្នាំ​២០១៥​ ក្រោយ​​យក​ឈ្នះ​ក្រុម​ត្បូង​ប៉ៃលិន​​ដោយ​លទ្ធផល៣​-១​ ​ក្នុង​វគ្គ​​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ទី​៧​ ខែ​កញ្ញា ឆ្នាំ​២០១៥​ នៅ​ទីលាន​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ។

សកម្មភាព​ប្រកួត​នាពេល​កន្លង​ទៅ​ក្នុង​ពាន U-13ថ្នាក់ជាតិ(រូបថត​FFC)

ក្រៅ​ពី​​ការ​ប្រកួត​ដណ្ដើម​ជើង​ឯក​នៃ​ពាន​រង្វាន់​ខាង​លើ​នេះ​ ​ក្រុម​បាល់ទាត់​ខេត្ត​ពោធិ៍សាត់​ បាន​បំបាក់​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ ក្រុម​​យុវជន​រតនៈ ​​រហូត​ដល់​ទៅ​៥-១​ ដើម្បី​​ប្រជែង​យក​លេខ​៣​នៅ​​ទីលាន​ជាមួយ​គ្នា។ ​

មុន​ឡើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​​នេះ​ ក្រុម​សៀមរាប​អង្គរ​បាន​យក​ឈ្នះ​ក្រុម​យុវជន​រតនៈ​ដែល​ជា​ក្រុម​ជើង​ឯក​ឆ្នាំ​​ចាស់ ២-១ កាល​ពី​​ថ្ងៃ​​​សៅរិ៍ ទី៥ ខែកញ្ញា កន្លង​ទៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ស្រប​ពេល​ក្រុម​​ត្បូង​ប៉ៃលិន ឈ្នះ​ក្រុម​​អាវុធហត្ថ​ខេត្ត​ពោធិ៍សាត់ ដោយ​លទ្ធផល​ ២-១ លើ​ទីលាន​ជាមួយ​គ្នា។

ពាន​រង្វាន់​យុវជន​ក្រោម​អាយុ​១៣​ឆ្នាំ ប្រចាំ​ឆ្នាំ​២០១៥​នេះ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា មាន​ក្រុម​ចូលរួម​ចំនួន ៣២ ក្រុម​មក​ពី​ខេត្ត/ក្រុង​ទូទាំង​ប្រទេស​ ចែក​ជា ៨ ពូល ដោយ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី ២៨ ខែ សីហា ដល់ ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ នៅ​លើ​ទីលាន​ទាំង ៤ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្ត​តាកែវ។

ក្រុម​លេខ១ និង លេខ ២ តាម​ពូល​នីមួយៗ មាន​ឈ្មោះ​ឡើង​​ទៅ​លេង​វគ្គ ១/៨ ផ្ដាច់ព្រ័ត្រ ហើយ​ក្រុម​ឈ្នះ​បន្ត​ឡើង​ទៅ​លេង​វគ្គ ១/៤ ក្រុម​ចុង​ក្រោយ រួម​ទាំង​វគ្គ​ពាក់កណ្ដាក​ផ្ដាច់ព្រ័ត្រ និង វគ្គ​ផ្ដាច់ព្រ័ត្រ៕

Post a Comment

 
Top