GuidePedia

0
អ្នក​ប្រដាល់ ធន់ ចាន់​តាក់ ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម និង​អ្នក​ប្រដាល់​ប្រាក់ រ៉ា​ម៉ាញ ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ជា​អ្នក​បាន​ឈ្នះ​សម្រាប់​សប្តាហ៍​ទី​៧ នៅក្នុង​ការប្រកួត​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់ “​កំពូល​ជើងឯក​Tiffy Super Figth” ទម្ងន់​៦០​គីឡូក្រាម នៅ​សង្វៀន​TV5 Beeline Arena កាលពី​យប់​ថ្ងៃ​ទី​០៦ ខែ​​កញ្ញា ឆ្នាំ​២០១៥។


ធន់ ចាន់​តាក់ គេ​បាន​យកឈ្នះ ម៉ឺន ដា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដោយ​ពិន្ទុ យ៉ាង​ប្រផុតប្រផើយ​ ក្នុង​ការ​ប្រកួត​ដែល​មាន​តែ​បី​ទឹក​នោះ។ ចំណែក​ប្រាក់ រ៉ា​ម៉ាញ គេ​បាន​ប្រកួត​ឈ្នះ​យឹម សារុន អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៣១ ដោយ​ពិន្ទុ​ដែរ បន្ទាប់ពី​វាយ​ពេញ​បី​ទឹក​នោះ។ យឹម សារុន ត្រូវ​បែក​ពីរ​កន្លែង​ដោយសារ​កែង​របស់​រ៉ា​ម៉ាញ។

ធន់ ចាន់​តាក់ និង​ប្រាក់ រ៉ា​ម៉ាញ បន្ទាប់ពី​ឈ្នះ​នេះ​ ពួកគេ​ត្រូវ​ឈរ​ចាំ​រហូតដល់​ការប្រកួត​ជម្រុះ​ជុំ​ទី​១ បាន​បញ្ចប់​ដោយ​រក​ឃើញ​អ្នក​ប្រដាល់​ចំនួន​១៦​នាក់ ក្នុងចំណោម​៣២​នាក់ ដែល​ចូលរួម​ប្រកួត​ជម្រុះ​ជុំ​ទី​១​នេះ។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់ “​កំពូល​ជើងឯក​Tiffy Super Figth” ​ទម្ងន់​៦០​គីឡូក្រាម​នេះ​ ​មាន​អ្នក​ប្រដាល់​ចំនួន​៣២​នាក់​ចូលរួម​ប្រកួត​ជម្រុះ ​ដោយ​ត្រូវ​បែង​ចែក​ជា​៤​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ ជា​ការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ដែល​ការប្រកួត​គឺ​ចាញ់​ធ្លាក់ ឯ​អ្នកឈ្នះ​ឈរ​ចាំ ហើយ​ការប្រកួត​មាន​រយៈពេល​តែ​៣​ទឹក​ប៉ុណ្ណោះ ក្នុង​មួយ​ទឹក​មាន​៣​នាទី។

សម្រាប់​ការប្រកួត​ដំណាក់កាល​ទី​២ ជា​ការ​ចម្រាញ់​ក្នុងចំណោម​អ្នក​ប្រដាល់​១៦​រូប ជម្រុះ​នៅសល់​៨​រូប ដែល​រូបមន្ត​ការប្រកួត​ដូច​ដំណាក់កាល​ទី​១​ដែរ ចាញ់​ធ្លាក់ ​ឈ្នះ​ឈរ​ចាំ ឯ​ការប្រកួត​ក៏​មាន​តែ​៣​ទឹក ១​ទឹក​មាន​៣​នាទី​ដែរ។

ចំពោះ ការប្រកួត​នៅក្នុង​ដំណាក់កាល​ទី​៣ និង ទី​៤ ដែល​ជា​ការ​ប្រកួត​វគ្គ​៨​នាក់ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​នោះ ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ដូច​ធម្មតា គឺ​ប្រកួត​៥​ទឹក ក្នុង​១​ទឹក​មាន​៣​នាទី សម្រាក​២​នាទី។

* ​សង្វៀន​ស៊ីម៉ងត៍​អូដ្ឋ​ ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក «​អធិរាជ​ស៊ីម៉ង់ត៍​អូដ្ឋ​» ទម្ងន់​៦៣,៥០០​គីឡូក្រាម ដែល​បានចាប់ផ្តើម​បើក​ការប្រកួត​លើកដំបូង កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៥​ ខែ​កញ្ញា ​ឆ្នាំ​២០១៥ នៅ​លើ​សង្វៀន​ទី​២​របស់​TV5​នោះ ​ឈាន ហុង​ អ្នក​ប្រដាល់​កម្ពុជា​សមាគម​កីឡា​ក្រសួងការពារជាតិ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​អង់គ្លេស​ឈ្មោះ​ Hector Tou nier​ក្នុង​ទឹក​ទី​២។

ចំណែក វ៉ាន់ ចាន់​វ៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ បាន​ផ្តួល​សេក គឹម​ភាព អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប នៅក្នុង​ទឹក​ទី​៤។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក «​អធិរាជ​ស៊ីម៉ងត៍​អូដ្ឋ​»​ ទម្ងន់​៦៣,៥០០​គីឡូក្រាម​នេះ​ មាន​អ្នក​ប្រដាល់​ចំនួន​៨​រូប​ចូលរួម​ប្រកួត ក្នុង​នោះ​អ្នក​ប្រដាល់​កម្ពុជា​មាន​៦​រូប ជនជាតិ​អង់គ្លេស​១​រូប និង​ជនជាតិ​ថៃ​១​រូប។

អ្នក​ប្រដាល់​ចំនួន​៨​រូប (​ខ្មែរ​៦​រូប​ ថៃ​១​រូប និង​អង់គ្លេស​១​រូប​) ត្រូវ​បែង​ចែក​ជា​ពីរ​ពូ​ល​ គឺ​ពូ​ល​A និង ពូ​ល​B ដែល​ក្នុង​មួយ​ពូ​ល​ៗ​មាន​កីឡាករ​៤​រូប រួម​ទាំង​កីឡាករ​បរទេស​ផង។

សម្រាប់​ពូ​ល​A មាន​កីឡាករ​ឈាន​ហុង សមាគម​កីឡា​ក្រសួងការពារជាតិ – Hector Tou nier ជនជាតិ​អង់គ្លេស – វ៉ាន់ ចាន់​វ៉េ​ត ក្លិប​ព្រះខ័ន​រាជ និង សេក គឹម​ភាព ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប។ ចំពោះ​ពូ​ល​B​វិញ មាន ធី តុង​ហ៊ី ក្លិប​សាល​វ័​ន្ត​កីឡា​- Weerachai Menayuthin ជនជាតិ​ថៃ​-​ថៃ ប៊ុន​ហាន ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ និង អៀង ចាន់​ល័​ក្ខ ក្លិប​កងទ័ពជើងគោក។ ការប្រកួត​នឹងត្រូវ​ប្រព្រឹត្ត​ទៅតាម​រូបមន្ត​វិល​ជុំ​ជម្រុះ​ក្នុង​ពូ​ល ដោយ ជម្រុះ​ចោល​ពីរ ទុក​ពីរ​នាក់​ក្នុង​មួយ​ពូ​ល សម្រាប់​ឡើង​ទៅ ប្រកួត​ពាក់​កណ្តាល​ផ្ដាច់ព្រ័ត្រ ​និង​ផ្តាច់ព្រ័ត្រ៕

Post a Comment

 
Top