GuidePedia

0
ខ្សែ​ប្រយុទ្ធ​ Wayne Rooney របស់​ក្លិប​ Manchester United បាន​បំបែក​កំណត់ត្រា​ ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​​បាន​ច្រើន​គ្រាប់​ជាង​គេ​ (៥០គ្រាប់) សម្រាប់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បន្ទាប់​ពី​​ស៊ុត​ចូល​ទី​១​គ្រាប់​ និង​ជួយ​ឲ្យ​​​ក្រុម​​តោ​កំណាច​ ឈ្នះ​ស្វីស ២-០ ទៀត​ កាល​ពី​យប់​មិញ។


​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស​ Rooney បាន​បំបែក​កំណត់​ត្រា​ចាស់​របស់​លោក​ Bobby Charlton ​ដែល​ស៊ុត​បាន​៤៩​គ្រាប់ តាំង​ពី​៤៥​ឆ្នាំ​មុន បន្ទាប់​ពី​ស៊ុត​គ្រាប់​បាល់​ទី​២ ទៅ​លើ​ក្រុម​ស្វីស​ ក្នុង​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016 ពូល​ E ​ដោយ​បាល់​ប៉េណាល់ទី។

បន្ទាប់​ពី​បំបែក​កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ គ្រូ​បង្វឹក​លោក​ Roy Hodgson ​​បាន​យក​អាវ​លេខ​៥០​ប្រគល់​ឲ្យ​​នៅ​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ហើយ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ ក៏​បាន​និយាយ​ផ្ដាំផ្ញើ​ទៅ​កីឡាករ​ក្មេង​ៗ​ជំនាន់​ក្រោយ​ផង​ដែរ។

​ប្រធាន​ក្រុម​បិសាច​ក្រហម​រូប​នេះ បាន​និយាយ​ថា៖ “ខ្ញុំ​សូម​អរគុណ​ដល់​អ្នក​ទាំង​អស់​គ្នា, គ្រូ​បង្វឹក កីឡាករ និង​បុគ្គលិក ដែល​បាន​ធ្វើ​ការ​ជាមួយ​គ្នា​អស់​ពេល​ជា​យូរ។ នេះ​ជា​រឿង​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ គ្រួសារ​របស់​ខ្ញុំ និង​អាជីព​របស់​ខ្ញុំ។ សង្ឃឹម​ថា សម្រាប់​ក្រុម សម្រាប់​រូប​ខ្ញុំ នឹង​មាន​អ្វី​អស្ចារ្យ​បន្ថែម​ទៀត ​និង​​អាច​ជោគជ័យ”។

Rooney បន្ថែម​ថា៖ “សូម​ឲ្យ​​កីឡាករ​ក្មេងៗ​​ធ្វើ​បាន​ល្អ​…ដូច​ជា Harry Kane, Ross Barkley, Raheem Sterling … ខ្ញុំ​​ជឿ​ថា​​​ពួកគេ​នឹង​អាច​​​បំបែក​កំណត់ត្រា​របស់​ខ្ញុំ​បាន​នា​ពេល​អនាគត។ ខ្ញុំ​រីករាយ​ណាស់…​វា​មាន​ន័យ​ណាស់ សម្រាប់​ខ្ញុំ ហើយ​ជា​ចុង​ក្រោយ​ខ្ញុំ​សូម​អរគុណ​ខ្លាំង​បំផុត”។

សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA គ្រោង​​នឹង​អបអរ​កំណត់ត្រា​ថ្មី​របស់​ Rooney នេះ នៅ​ថ្ងៃ​ប្រកួត​ជម្រុះ​Euro 2016 ពូល​ E ​ក្នុង​ដី​ចុង​ក្រោយ ដែល​នឹង​ត្រូវ​ប៉ះ​អេស្តូនី នា​ថ្ងៃ​ទី​០៩ ខែ​តុលា​ខាង​មុខ៕



Post a Comment

 
Top