GuidePedia

0
អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​២​រូប គឺ​បឺត ខាំ អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង​ពេជ្រ សីហា អ្នក​ប្រដាល់​សមាគម​ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​II ទម្ងន់​៦៩​គីឡូក្រាម នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​នា​យប់​ថ្ងៃអាទិត្យ​ ទី​០៦ ខែ​កញ្ញា ឆ្នាំ​២០១៥​នេះ។


បឺត ខាំ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ Kla Khunserk។ បឺត ខាំ គេ​វាយ​ឈ្នះ​២​ប្រកួត​ហើយ​ក្នុង​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​II​នេះ ដែល​លើក​ទី​១​គេ​ផ្ដួល​អ្នក​ប្រដាល់​ថៃ Plang Chork​ ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៥ និង​លើក​ទី​២ បឺត ខាំ ឈ្នះ​Jonganfight Jongsnangwin ក្នុង​ទឹក​ទី​២ ដោយសារ​ការ​ស៊ី​ឡាក។.

សម្រាប់​ការ​ជួប​ប្រកួត​លើក​ទី​៣​ជាមួយ Kla Khunserk នេះ បឺត ខាំ មិន​ដឹង​ថា​ឈ្នះ ​ឬ​ចាញ់​នោះ​ទេ​? ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ បាន​វាយ​ឈ្នះ​ ពេជ្រ សីហា​ ដោយ​ពិន្ទុ។ ទោះជា​យ៉ាងណា បឺត ខាំ គេ​អះអាង​ថា មិន​ជា​ញញើត​ចំពោះ Kla Khunserk នោះ​ឡើយ។

បឺត ខាំ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​២៥១​ដង គឺ​ឈ្នះ​២៤១​ដង និង​ចាញ់​០៨ ដង ស្មើ​០២ ហើយ​ធ្លាប់​ផ្ដួល​ដៃគូ​ប្រកួត​ឲ្យ​សន្លប់​រាប់មិនអស់​ក្នុង​ការ​ប្រកួត​កន្លងមក។ អ្នក​ប្រដាល់​ថៃ Kla Khunserk នេះ ជា​អ្នក​ប្រដាល់​ម្នាក់​ស្ថិត​ក្នុង​ចំណោម​៤​រូប​ដែល​ត្រូវ​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​២​នេះ។ ២​ប្រកួត​កន្លងមក គេ​ឈ្នះ​១ ចាញ់​១​ប្រកួត គឺ​ឈ្នះ​ ពេជ្រ សីហា​ដោយ​ពិន្ទុ និង​ចាញ់​ ឡៅ ស៊ី​ណាត ដោយ​ពិន្ទុ។

ជើង​ខ្លាំង​ថៃ​រូប​នេះ​ធ្លាប់​ដែល​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​ម្តង​ហើយ​កាលពីមុន​បើក​រដូវ​កាល​ខា​រ៉ា​បាវ​វគ្គ​II​នេះ ដោយ​វាយ​ចាញ់ ​វង្ស ណ​យ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​ក្នុង​ទឹក​ទី​៤ ។ Kla Khunserk នេះ ខ្ពស់​ជាង ​បឺត ខាំ គឺ​មាន​កម្ពស់​១,៧៧​ម៉ែត្រ ខណៈ​ដែល​ បឺត ខាំ ​កម្ពស់​១,៦៨​ម៉ែត្រ គឺ​ខ្ពស់​ជិត​មួយ​តឹក។​

Kla Khunserk គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៦​ដង ឈ្នះ​៩៥​ដង ចាញ់​២៣​ដង ស្មើ​០៨​ដង និង​ធ្លាប់​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​បាន​០៦​ដង។ ចាំ​មើល​រវាង Kla Khunserk និង​ បឺត ខាំ តើ​នរណា​ជា​អ្នក​រក​បាន​៣​ពិន្ទុ​នោះ?

ពេជ្រ សីហា អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Plang Chork។ ទាំង​ ពេជ្រ សីហា ទាំង Plang Chork នេះ ប្រកួត​ចាញ់​ពីរ​ប្រកួត​ដូចគ្នា​ក្នុង​ការ​ប្រកួត​ជម្រុះ​ពីរ​លើក​កន្លង​មក​នេះ។​

Plang Chork គេ​វាយ​ចាញ់​ វង្ស ណ​យ​ ក្នុង​ទឹក​ទី​២ និង​ចាញ់​ បឺត​ខាំ ទឹក​ទី​២​ដែរ ឯ​ពេជ្រ សីហា​វិញ គេ​វាយ​ចាញ់ Kla Khunserk​ និង​Watcharalek​ដោយ​ពិន្ទុ។​ រវាង ​ពេជ្រ សីហា និង​Plang Chork​នេះ មិន​ធ្លាប់​ដែល​ជួប​គ្នា​ទេ​មុន​ការប្រកួត​ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​នេះ។

Plang Chork នេះ​គេ​មាន​កម្ពស់​១៧៦​ម៉ែត្រ គឺ​ខ្ពស់​ជាង​ សីហា ​ជិត​មួយ​តឹក ហើយ​ប្រវត្តិ​លើ​រេញ​មិន​ជា​អន់​ប៉ុន្មាន​ទេ។ កំណត់ត្រា​ប្រកួត​របស់​គេ គឺ​ប្រកួត​បាន​១១២​ដង ឈ្នះ​៩៣​ដង ចាញ់​១៨​ដង ស្មើ​០១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​១៨​ដង។

ទោះជា​យ៉ាងណា កំណត់ត្រា​ប្រកួត​ប៉ុណ្ណឹង ក៏​មិន​ប្រាកដ​ថា​អាច​ឈ្នះ ​សីហា ​បាន​ដែរ។​ សីហា គេ​ប្រកួត​ជាមួយ​ថៃ​ជោកជាំ​ហើយ គ្រាន់តែ​ជួប​ប្រកួត​ក្នុងស្រុក​ចំនួន​ជាង​២០​នាក់​ហើយ ដោយ​វាយ​ឈ្នះ​ថៃ​១៦​នាក់ ចាញ់​៤ និង​ស្មើ​៣​នាក់។

សីហា ខ្លាំង​កណ្ដាប់ដៃ ​និង​ជើង តែ​បើ​ជួប​អាសន្ន​ ឬ​ប៉ះ​ដៃគូ​ខ្លាំង គេ​ក៏​អាច​វាយ​ប្ដូរ​កែង​បាន​ដែរ។ ជា​មួយ​នេះ គេ​ក៏​មាន​ភាព​អំណត់​ខ្ពស់ និង​មាន​កម្លាំង​គ្រប់​សម្រាប់​តស៊ូ​បាន​៥​ទឹក។ សីហា មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៩​ដង ឈ្នះ​៧៧​ដង ចាញ់​១៧​ដង និង​ស្មើ​០៥​ដង។​ ទោះជា​យ៉ាងណា រវាង​ ពេជ្រ សីហា និង Plang Chork នេះ ការ​ឈ្នះ​ចាញ់​នោះ គឺ​មិន​អាច​ទស្សន៍ទាយ​មុន​បាន​ឡើយ។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​២ ទម្ងន់​៦៩​គីឡូក្រាម​នេះ មាន​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៤​រូប និង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​៤​រូប ដើម្បី​វាយ​ដណ្ដើម​យក​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខា​រ៉ាបាវ​២០១៥ ដែល​មាន​ទឹកប្រាក់​រង្វាន់​អម​ចំនួន​៥.០០០​ដុល្លារ សម្រាប់​អ្នកឈ្នះ​តំណែង​ជើងឯក ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​៤​រូប​របស់​កម្ពុជា​នោះ គឺ​វង្ស ណ​យ ក្លិប​កីឡាប្រដាល់​ខេត្ត​ប៉ៃលិន – ឡៅ ស៊ី​ណាត ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ -​ពេជ្រ សីហា ក្លិប​ក្រសួងការពារជាតិ និង ពេជ្រ សីហា សមាគម​កីឡា​ក្រសួងការពារជាតិ​កីឡា។​

ចំពោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ទាំង​៤​រូប​វិញ មាន Watcharalek Or. Kwanmoueng– Jonganfight Jongsnangwin- Kla Khunserk- Kla Khuserk Chomoea និង Plangchor Or.Yuc hchai។​

ក្នុងចំណោម​អ្នក​ប្រដាល់​ខ្មែរ​-​ថៃ ទាំង​៨​រូប​នេះ​ឆ្លងកាត់​ពីរ​ប្រកួត​ដូចគ្នា មានតែ​ បឺត ខាំ និង Watcharalek Or. Kwanmoueng ពីរ​នាក់​ប៉ុណ្ណោះ ដែល​ឈ្នះ​២​ប្រកួត មាន​៦​ពិន្ទុ​ដូចគ្នា៕

Post a Comment

 
Top