GuidePedia

0
ព្រឹត្តិការណ៍នៃការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ កំពូលជើងឯក K.Cement ទម្ងន់ ៦៣,៥ គីឡូក្រាម លើសង្វៀន SEA-TV នៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ ជាការប្រកួតជម្រុះជុំទី២ក្នុងពូល A ដែលមាន២គូ ។ អ្នកប្រដាល់ តក់ សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៍ ប៉ះអ្នកប្រដាល់ប្រាក់ រស្មី ក្លឹបតាឯក ដំបងដែកមានរិទ្ធ ស្រប ពេលអ្នកប្រដាល់ ស៊ូ វណ្ណៈ ក្លឹបនាគរាជមានជ័យ ជួបជាមួយ អ្នកប្រដាល់ ឆៃ សារ៉ា សមាគមកីឡាក្រសួងការពារជាតិ ។


កីឡាករ ប្រាក់ រស្មី ជាអ្នកប្រដាល់ថ្មីទើបបង្ហាញមុខនៅសង្វៀនបានប្រមាណ ២-៣ ដងប៉ុណ្ណោះ មិនចាញ់មួយដង ឡើយ ក្នុងការប្រកួតជុំទី១ កន្លងមកនេះ ។ ប្រាក់ រស្មី វាយឈ្នះ ស៊ូ វណ្ណៈ ក្លឹបនាគរាជមានជ័យដោយពិន្ទុ ធ្វើឲ្យរូបគេ មាន៣ពិន្ទុក្នុងដៃហើយ ។ ចំណែក តក់ សោភ័ណ្ឌ ជាអ្នកប្រដាល់ចាស់វស្សា ហើយ ក៏ជាអ្នកប្រដាល់ខ្លាំងមួយរូបដែរ សោភ័ណ្ឌ មានផ្លែល្អ ចិត្តប្រដាល់ក៏ធំ តែក្នុងការឡើងប្រកួតជុំទី១នោះ សោភ័ណ្ឌ វាយចាញ់ ឆៃ សារ៉ា សមាគមកីឡាក្រសួង ការពារជាតិក្នុងទឹកទី១ ។

តក់ សោភ័ណ្ឌ មានប្រវត្តិប្រកួត៥២ដង ឈ្នះ៤២ដង ចាញ់៩ដង និងស្មើ១ដង ហើយវាយដៃគូឲ្យសន្លប់បាន៦ដង រីឯ ប្រាក់រស្មី វិញគេមានប្រវត្តិប្រកួត៤៦ដង ឈ្នះ៤៣ដង ចាញ់៣ដង និងធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន១២ដង ។

អ្នកប្រដាល់ ឆៃ សារ៉ា ទំនងជាមានប្រៀបឈ្នះច្រើនជាងអ្នកប្រដាល់ ស៊ូ វណ្ណៈ ដោយសារ សារ៉ា វាយមានផ្លែល្អជាង ពិសេសកែង និងជង្គង់នោះ ចំពោះ ស៊ូ វណ្ណៈ ជាប្រដាល់មានចិត្តធំ ប៉ុន្តែវាយអត់មានផ្លែ និងមិនសូវចេះប្រើបច្ចេកទេស គឺច្រើនតែចំណាយកម្លាំងខ្លាំងអត់ប្រយោជន៍ ពោលគឺគេវាយចេញច្រើន តែមិនសូវចំគោលដៅល្អ ។

ការប្រកួតជុំទី១កន្លងមក ស៊ូ វណ្ណៈ វាយចាញ់ ប្រាក់ រស្មី ក្លឹបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ចំណែកការប្រកួតចុងក្រោយរបស់ ឆៃ សារ៉ា វិញវាយឈ្នះ តក់ សោភ័ណ្ឌ ក្នុងទឹកទី១ ។


ឆៃ សារ៉ា ប្រកួតបាន៤២ដងទេ ដោយវាយឈ្នះ៣៤ដង ចាញ់៦ដង ស្មើ២ដង តែធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់ចំនួន១២ដងឯណោះ ចំណែក ស៊ូ វណ្ណៈ មានប្រវត្តិ ប្រកួត៥៧ដង ឈ្នះ៤២ដង ចាញ់១២ដង ស្មើ៣ដង និងផ្តួលគូប្រកួតឲ្យសន្លប់បាន៧ដង ។ អ្នកប្រដាល់ បឺត សង្ឃឹម វ័យក្មេងក្លឹបរ៉ាហាប់ ស្វាយប៉ាក ប្រកួតជា មួយអ្នកប្រដាល់ គង់ ហ៊ូវ ក្លឹបបូរីរាជសីហ៍មានរិទ្ធ ៕

Post a Comment

 
Top