GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Saitama Stadium 2002​ វេលា​ម៉ោង​១៩:២៦ នាទី (ម៉ោង ៥:២៦ នាទី​ល្ងាច​នៅ​កម្ពុជា​)​​ ថ្ងៃ​ទី​៣ ខែ​កញ្ញា​នេះ​ដើម្បី​ទទួល​ភ្ញៀវ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះពូល E នៃ​ពាន​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី​សម្រាប់​តំបន់​អាស៊ី​ ជុំ​ទី​ពីរ​ជើង​ទី១។


មុន​ពេល​ឡើង​មក​កាន់​ជុំ​ទី​ពីរ​នេះ​ កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​កោះ​ម៉ាកាវ​ដោយ​លទ្ធផល​ទាំង​ពីរ​ជើង​៤-១ (កម្ពុជា​ឈ្នះ​៣-០​នៅ​ក្នុង​ផ្ទះ​ និង​ស្មើ​១-១​ នៅ​ទឹក​ដី​ម៉ាកាវ)​សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​មួយ​​ប្រចាំ​តំបន់​អាស៊ី​នៃ​ពាន​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី​។ ចំណែក​ប្រទេស​ជប៉ុន​ជា​ក្រុម​ខ្លាំង​នៅ​ប្រចាំ​អាស៊ី​គឺ​មិន​មាន​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​មួយ​ឡើយ។

ក្រុម​ធំ​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ទាំង​ការ​ប្រកួត​មិត្តភាព​ និង​ប្រកួត​ពាន​ផ្លូវ​ការ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ប៉ុន្មាន​ឡើយ​ បន្ទាប់​ពី​ជម្រុះ​បាល់ទាត់​ពិភព​លោក​ជុំ​ទី​មួយ។ ពីរ​លើក​នៅ​ជុំ​ទី​ពីរ​នៃ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ កម្ពុជា​បាន​ចាញ់​ទាំង​ពីរ​ក្នុង​ដី​របស់​ខ្លួន​គឺ​ចាញ់​សិង្ហបុរី​ ៤-០ និង​ចាញ់​អាហ្វហ្គានីស្ថាន​ ១-០។ ចំពោះ​ការ​ប្រកួត​មិត្តភាព​វិញ​ កម្ពុជា​ឈ្នះ​មីយ៉ាន់ម៉ា​ ១-០​នៅ​ទឹក​ទឹក​ដី​ថៃ​ ឈ្នះ​ប៊ូតាន់​ ២-០​នៅ​ភ្នំពេញ​ ស្មើ​ឡាវ​១-១​នៅ​ភ្នំពេញ​ ស្មើ​​ក្រុម​ថៃ​ Army United ១-១ នៅ​ថៃ​និង​ចាញ់​ឡាវ​២-១ នៅ​ថៃ។

ចំណែក​ក្រុម​ខ្លាំង​ជប៉ុន​វិញ​៤​ប្រកួត​ចុង​ក្រោយ​គឺ​អត់​ទាន់​ស្គាល់​ជ័យជម្នះ​ម្តង​ណា​ឡើយ។ ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ពិភព​លោក​ ជប៉ុន​បាន​ត្រឹម​ស្មើ​នឹង​​ក្រុម​ភ្ញៀវ​សិង្ហបុរី​ ០-០​ នៅ​ក្នុង​ដី​របស់​ខ្លួន។ នៅ​ពាន​ 2015 EAFF East Asian Cup ជប៉ុន​បាន​ចាញ់​កូរ៉េ​ខាង​ជើង​២-១, ស្មើ​កូរ៉េ​ខាង​ត្បូង​ ១-១ និង​ស្មើ​ចិន​ ១-១។

និយាយ​ពី​ជើង​កីឡាករ​វិញ​​ កម្ពុជា​កំពុង​ជួប​បញ្ហា​ខ្លះ​ៗ​​ដោយ​សារ​កីឡាករ​ល្អ​មួយ​ចំនួន​មាន​របួស។ ខ្សែ​ការពារ ហួយ ផល្លីន​ ត្រូវ​បាន​បញ្ជូន​ពី​ថៃ​មក​កម្ពុជា​ដោយ​សារ​មាន​ជំងឺ​គ្រុន​ឈាម​ ប្រាក់​ មុន្នីឧត្តម​ និង​ ម៉ាត សេរីណូរ៉ាទីន​ក៏​មិន​ជាប់​នឹង​ក្រុម​ជម្រើស​ជាតិ​ដោយ​សារ​បួស ហើយ​តារា​ឆ្នើម​ ចាន់ វឌ្ឍនាកា​ទំនង​ជា​មិន​បាន​លេង​ទេ​ល្ងាច​នេះ​ ខណៈ​កីឡាករ​វ័យ​ក្មេង កែវ សុខផេង​​អាច​នឹង​ចូល​បាន​ ទោះ​ជា​មាន​បញ្ហា​ឈឺ​ចាប់​ចង្កេះ​ខ្លះ។ ដូច្នេះ​លោក​គ្រូ​កម្ពុជា​ Lee Tae Hoon ទំនង​ជា​ពិបាក​តំបន់​បម្រើ​ប្រយុទ្ធ​ ប៉ុន្តែ​នឹង​ប្រើ​ទម្រង់​ការពារ​ច្រើន​ជាង។

ចំពោះ​​ជើង​កីឡាករ​ជប៉ុន​វិញ​ពិត​ជា​ពោរពេញ​ដោយ​កីឡាករ​​ឆ្នើម​ៗ​មក​ពី​តំបន់​អឺរ៉ុប។ លោក​គ្រូ​បង្វឹក​ជប៉ុន​ជន​ជាតិ​បូស្នី​ Vahid Halihodzic បាន​កោះ​ហៅ​តារា​ឆ្នើម​របស់​ជប៉ុន​មក​ហ្វឹក​ហាត់​ជុំ​គ្នា​តែ​ពីរ​លើក​ប៉ុណ្ណោះ​មុន​ពេល​ប៉ះ​កម្ពុជា។ លោក​គ្រូ​បង្វឹក​រូប​នេះ​និយាយ​ប្រាប់​សហព័ន្ធ​បាល់ទាត់​ជប៉ុន​ថា ៖«យើង​អត់​ឈ្នះ​សម្រាប់​៤​ប្រកួត​ចុង​ក្រោយ។ យើង​ត្រូវ​ការ​ឈ្នះ​ឲ្យ​បាន​សម្រាប់​ពីរ​ប្រកួត​ខាង​មុខ​នេះ»។

តារា​ឆ្នើម​របស់​ជប៉ុន​មក​ពី​ក្រុម​ AC Milan គឺ​ HONDA Keisuke ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​បាន​និយាយ​ថា ៖«ក្រុម​ជប៉ុន​ត្រូវ​បាន​គេ​គិត​ថា ​ទទួល​បាន​លទ្ធផល​ល្អ​ តែ​​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ យើង​អត់​ទទួល​បាន​លទ្ធផល​ល្អ​ទេ។ ដូច្នេះ​យើង​ត្រូវ​ការ​ជ័យជម្នះ​ជា​ចាំ​បាច់»។ កីឡាករ​រូប​នេះ​បញ្ជាក់​ថា​ រូប​គេ​មាន​ទម្រង់​លេង​ពេញ​ល្អ​ និង​ប្រកប​ដោយ​ទំនុក​ចិត្ត​សម្រាប់​ការ​ប្រកួត​ល្ងាច​នេះ។

កម្ពុជា និង​ជប៉ុន​ធ្លាប់​មាន​ប្រវត្តិ​​ជួប​គ្នា​បាន​ពីរ​ដង​ ប៉ុន្តែ​ជប៉ុន​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​ដង។ លើក​ទី​១​ឆ្នាំ​១៩៦៤ ​នៅ​ពាន Mardeka Tournament កម្ពុជា​ចាញ់​៤-០ និង​លើក​ទី​ពីរ​ឆ្នាំ​១៩៧០ ក្នុង​ព្រឹត្តិការណ៍​ Asian Games ជប៉ុន​បាន​យក​ឈ្នះ​កម្ពុជា ១-០។

ក្រុម​ជប៉ុនហ្វឹកហាត់ (រូបថត៖ JFA)


ក្រុម​កម្ពុជា​ហ្វឹកហាត់នៅ​ជប៉ុន (រូបថត៖ FFC)


ការ​ប្រកួត​នឹង​ចាប់​ផ្តើម​វេលា​ម៉ោង​១៩:២៦ នាទី (ម៉ោង ៥:២៦ នាទី​ល្ងាច​នៅ​កម្ពុជា​)​ ថ្ងៃ​ទី​៣ ខែ​កញ្ញា​​ដែល​មាន​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍​ BTV។ បង​ប្អូន​អ្នក​គាំទ្រ​កម្ពុជា​មាន​អ្វី​ចង់​និយាយ​អំពី​ការ​ប្រកួត​នេះ​ទេ?

Post a Comment

 
Top