GuidePedia

0
សំណើរ​ផ្ទេរ​អ្នក​ចាំ​ទី David de Gea របស់​បិសាច​ក្រហម Manchester United ទៅ​កាន់​ក្លិប Real Madrid ហាក់​ដូច​ជា​ ត្រូវ​បាន​រាំង​ស្ទះ ​កាល​ពី​​រាត្រី​ថ្ងៃ​ចន្ទ ម្សិលមិញ ខណៈ​ដែល​ ការ​ផ្ទេរ​នេះ​​មិន​មាន​ចុះ​​បញ្ជី ​នៅ​ក្នុង​​​សម្ព័ន្ធ​កីឡា​បាល់​ទាត់​អាជីព​របស់​អេ​ស្បាញ​ឡើយ។


ព័ត៌​មាន​ជា​បឋម​​បាន​​ចេញ​ផ្សាយ​ថា បញ្ហា​​ឯក​សា​រ​ដែល​​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​ជា​ផ្លូវ​ការ​សម្រាប់​ការ​ផ្ទេរ​នេះ មិន​ត្រូវ​បាន​បំពេញ​ឡើយ នៅ​មុន​ពេល​​ទីផ្សារ​​ដោះ​ដូរ​កីឡាករ​នៅ​​ក្នុងប្រទេស ​​​អេ​ស្បាញ ​បាន​​បិទ​នៅ​ពាក់​កណ្តាល​រាត្រី​​នៅ​ថ្ងៃ​អង្គារ​នេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ប្រភព​ព័ត៌​​មាន​​បន្ទាប់​ទៀត​ក្នុង​បណ្តាញ​សារ​ព័ត៌​​មាន​អេ​ស្បាញ បាន​អះ​អាង​ថា Real នឹង​ព្យា​យាម​​បង្ហាញ​​​ទៅ​កាន់​ក្រុម​អាជ្ញា​កីឡា​បាល់​ទាត់​ថា រាល់​ឯក​សារ​ទាំង​អស់​ត្រូវ​បាន​​ដាក់​​ជូន​នៅ​មុន​ពេល​​កាល​បរិ​ច្ឆេទ​។

De Gea នៅ​​សល់​រយៈ​ពេល​ត្រឹម​តែ​ ១ ​ឆ្នាំ​គត់​ក្នុង​កិច្ច​សន្យា​របស់​គេ​នៅ​ឯ​កីឡ​ដ្ឋាន Old Trafford ដែល​មាន​ន័យ​ថា រូប​គេ​អាច​នឹង​ចូល​រួម​ជា​មួយ​នឹង Real ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ឆ្នាំ​ក្រោយ ប្រសិន​បើ​​ការ​ផ្ទេរ​នេះ​មិន​បាន​​ទទួល​​ជោគ​ជ័យ​នៅ​ពេល​នេះ​​។

អ្នក​ចាំ​ទី​អន្តរ​ជាតិ​អេ​ស្បាញ​រូប​នេះ មិន​បាន​បង្ហាញ​ខ្លួន​ឡើយ​ក្នុង​ការ​ប្រកួត​ទាំង ​៦ ​លើក​​របស់ Man United ក្នុង​រដូវ​កាល ​មក​ទល់​ពេល​នេះ ខណៈ​ដែល​លោក Louis van Gaal ដែល​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​អះ​អាង​ថា កីឡាករ​វ័យ​២៤ ​ឆ្នាំ​រូប​នេះ មិន​បាន​ផ្តោត​អារម្មណ៍​​ក្នុង​ក្រុម​យក្ស​​អង់​គ្លេស​នេះ​ឡើយ ​ដោយ​សារ​តែ​ការ​ចាប់​អារម្មណ៍​របស់ Real​។

Real ម្ចាស់​ជើង​ឯក​អឺ​រ៉ុប​ ១០ ​សម័យ​កាល បាន​ស្ថិត​ក្នុង​ទីផ្សារ​​ស្វែង​រក​​អ្នក​​​ចាំ​​ទី​ម្នាក់ ក្រោយ​ពី​​អ្នក​ចាំ​ទី​អេ​ស្បាញ Iker Casillas បាន​បញ្ចប់​​រយៈ​ពេល ​២៥ ​ឆ្នាំ​របស់​គេ​​ជា​មួយ​នឹង​ក្លិប​នេះ​តាម​រយៈ​ការ​ផ្ទេរ​ទៅ​កាន់​ក្លិប Porto កាល​ពី​ខែ​កក្កដា​​។

De Gea បាន​ចូល​រួម​ជា​មួយ​នឹង Man United ​ពី​ក្លិប Atletico Madrid កាល​ពី​ឆ្នាំ​ ២០១១ ហើយ​បើ​ទោះ​បី​​មិន​បាន​ចាប់​​ផ្តើម​​បាន​ល្អ​នៅ​​ឆ្នាំ​ទី ​១ ​ក៏​ដោយ ប៉ុន្តែ រូប​គេ​​ទទួល​ការ​គាំ​ទ្រ​​ពី​ក្លិប និង​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​​​ក្នុង​រយៈ​​ពេល​រដូវ​កាល​ចុង​ក្រោយ​នេះ​៕

Post a Comment

 
Top