GuidePedia

0
ជម្រើស​ជាតិ​កម្ពុជា​ដែល​​ទើបតែ​​បាន​ធូរ​ស្រាល​​ពី​របួស​ចំនួន ៣​នាក់​នឹង​ចូល​​ធ្វើតេស្ត​ក្នុង​​​ថ្ងៃ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​គឺ​ ប្រាក់ មុន្នី​ឧត្ដម,​ ហូយ ផល្លិន, និង​ចាន់ វឌ្ឍនាកា ​​ដើម្បី​សម្រេច​ថា​ពួក​គេ​នឹង​​មាន​ឈ្មោះ​បាន​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឬ​​មួយ​ក៏​​អត់​ សម្រាប់​​​ជំនួប​​ជាមួយ​ស៊ីរី​នា​ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០១៥ ​​ចំពោះ​ការ​ប្រកួត​បាល់ទាត់​​ពាន​រង្វាន់​ពិភព​លោក​​វគ្គ​ជម្រុះ​ជុំ​ទី២​ ជើង​​ទី​១ ក្នុង​ពូល​E។


លោក Lee Tae Hoon គ្រូ​បង្គោល​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​​ ​​កីឡាករ​កម្ពុជា​ទាំង​ ៣​​ នាក់​ខាង​លើ​ត្រូវ​រង់​​ចាំ​ធ្វើតេស្ត​​ល្ងាច​នេះ​ ដើម្បី​ឲ្យ​ដឹង​ពី​កម្លាំង​របស់​ពួក​គេ​ ដែល​ទើប​​ជា​ពី​របួស​វិញ ​ក៏​​ដើម្បី​អាច​បញ្ជាក់​បាន​ថា​ពួក​គេ​បាន​លេង​​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ប្រកួត​ជាមួយ​ស៊ីរី​ឬ​មួយ​ក៏​អត់។ ក្នុង​នាម​ជា​គ្រូ​បង្វឹក​លោក​ត្រូវ​តែ​ទទួលខុស​​ត្រូវ​ខ្ពស់​ទៅ​លើ​អនាគត​របស់​​កីឡាករ​ មិន​អាច​គិត​តែ​ប្រយោជន៍​មួយ​ពេល​ប្រើ​កីឡាករ​ ដែល​កំពុង​មាន​របួស​ឲ្យ​លេង​នោះ​ទេ​។

​លោក​បាន​បន្ត​ថា កីឡាករ​ដែល​​មាន​របួស​ពួក​គេ​សម្រាក​ច្រើន​ ​ហើយ​​ក៏​មិន​បាន​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​​ច្រើន​ដែរ ហេតុ​នេះ​កម្លាំង​អាច​នឹង​បាត់បង់​ទៅ​តាម​រយៈពេល​នៃ​​​​ការ​សម្រាក។ ​​បើ​ប្រៀបធៀប​រវាង​កីឡាករ​ដែល​ហ្វឹកហាត់​ពេញ​លេញ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ និង​កីឡាករ​ដែល​សម្រាក​​ហើយ​បាន​ហ្វឹកហាត់​តិច​ព្រោះ​មាន​របួស​នោះ​​គឺ​ប្រាកដ​ណាស់​អ្នក​ហ្វឹកហាត់​​បាន​ច្រើន​នឹង​ល្អ​ជាង​អ្នក​មិន​បាន​ហ្វឹកហាត់​​ពេញ​លេញ​។


​​​​​​​​​​​​​​​​​​​​លោក​គ្រូ​រូប​នេះ​ប្រាប់​ទៀត​ថា ​ជា​ការ​ពិត​ណាស់​គឺ​លោក​ចង់​ដាក់​កីឡាករ​ទាំង​បី​នាក់​ខាង​លើ​ឲ្យ​លេង​ព្រម​គ្នា​តែ​ម្ដង​ ប៉ុន្តែ​លោក​ធ្វើ​អ្វី​ទៅ​តាម​កាលៈទេសៈ​ បើ​ទោះ​បី​ប្រកួត​​ជាមួយ​ស៊ីរី​ពួក​គេ​មិនបាន​លេង​ក៏​ប្រកួត​ក្រោយ​ៗ​ទៀត​ ពួក​គេ​នឹង​អាច​លេង​វិញ​បាន​ ពី​ព្រោះ​ការ​ប្រកួត​មិន​ទាន់​អស់​នៅ​ឡើយ​៕

Post a Comment

 
Top