GuidePedia

0
សហព័ន្ធកីឡាវាយកូនឃ្លីតុកម្ពុជា បានត្រៀមបញ្ជូនអត្តពលិកចំនួន១២នាក់ទៅក្រៅប្រទេស ដើម្បីធ្វើការហ្វឹក ហាត់ត្រៀមប្រកួត កីឡាថ្នាក់តំបន់អាស៊ាន SEA Games ឆ្នាំ២០២៣ ពេលកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងរយៈពេល៨ឆ្នាំទៀត ។


លោក រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) បានថ្លែងថា “ការចេញទៅហ្វឹកហាត់ក្រៅប្រទេសសំខាន់ណាស់ ដើម្បីលើកម្ពស់ សមត្ថភាព ដល់កីឡាករ-កីឡាការិនីរបស់កម្ពុជាយើង ក្នុងការត្រៀមខ្លួនសម្រាប់ការ ប្រកួតកីឡា SEA Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនោះ ព្រោះក្នុងនាមជា ម្ចាស់ផ្ទះត្រូវតែមានអត្តពលិក កម្រិតខ្ពស់ និងសមត្ថភាពល្អ ក្នុងការដណ្តើមមេដាយមាស ប្រាក់ និងសំរឹទ្ធជូនជាតិ” ។

សមាជិកគណៈកម្មាធិការប្រតិបត្តិអូឡាំពិកកម្ពុជា រូបនេះបានបន្ថែមទៀតថា ក្នុងនាមជាអ្នកគ្រប់គ្រងសហព័ន្ធជាតិចំនួន ២ គឺប្រធាន សហព័ន្ធកីឡាវ៉ូវីណាម និងប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុនេះ បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីដណ្ដើមឲ្យបាន មេដាយដាច់ខាតនៅពេលនោះ ប៉ុន្តែរូបលោកមិនទាន់ហ៊ាន ធានាថា តើមេដាយអ្វីដែលលោកត្រូវទទួលបាននោះទេ តែលោកបានត្រៀមថវិកា ក្នុងការបញ្ជូនកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ និងវ៉ូវីណាមទៅហ្វឹក ហាត់ នៅក្រៅប្រទេស ដូចជា ចិន កូរ៉េខាងត្បូង និង វៀតណាម ដែលជាប្រទេសដើមកំណើតនៃប្រភេទកីឡាទាំង២ ខាងលើកនេះ ។

លោក រ័ត្ន សុខន បានបន្ថែមទៀតថា កីឡាករដែលលោកត្រូវបញ្ជូនទៅនោះត្រូវទាមទារឲ្យមាននូវវិន័យមួយ គឺវិន័យសម្រាប់ខ្លួនឯង និងសម្រាប់អង្គភាព លោក មិន អាចធ្វើការដោយស្រពិចស្រពិលបានទេ ព្រោះលោកជាអ្នកចេញលុយសម្រាប់ការចេញទៅហ្វឹកហាត់នេះ ។


លោកឧកញ៉ា រ័ត្ន សុខន ត្រៀមបញ្ជូនកីឡាករវាយកូនឃ្លីលើតុចំនួន៦រូប និង កីឡាការិនី ៦រូប ទៅហ្វឹកហាត់នៅក្រៅប្រទេសដែលក្នុងនោះមានប្រទេសចិន កូរ៉េខាងត្បូង និងវៀតណាម ។ ចំពោះកីឡាវ៉ូវីណាមក៏លោកត្រៀមបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ តែលោកនៅមិនទាន់កំណត់ថាតើទៅហាត់នៅ ប្រទេសណានៅឡើយទេ ៕

Post a Comment

 
Top