GuidePedia

0
មាន​កីឡាករ​មិន​តិច​នោះ​ទេ​ដែល​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ក្លិប​អាជីព ប៉ុន្តែ​មិន​មាន​វាសនា​លើក​ពាន​ធំៗ​នៅ​ក្រុមជម្រើស​ជាតិ ដោយ​សារ​កត្តា​ផ្សេងៗ​ដូច​ជា​​​ជម្រើស​ជាតិ​មិន​មាន​កីឡាករ​ខ្លាំងៗ​សហការ​គ្នា​ល្អ ឬ​មិន​មាន​ពេល​ហ្វឹកហាត់​ជាមួយ​គ្នា​ច្រើន​ជាង​ដើម។ ជាក់ស្ដែង​ដូច​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា Lionel Messi ​និង Cristiano Ronaldo ​ដែល​សុទ្ធ​សឹង​តែ​ជា​កំពូល​កីឡាករ​លើ​លោក​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លិប​អាជីព ប៉ុន្តែ​បើ​ងាក​ទៅ​មើល​នៅ​ជម្រើស​ជាតិ​ពួកគេ​វិញ គឺ​មិន​ធ្លាប់​ជួយ​ក្រុម​លើក​ពាន​អ្វី​មួយ​ឡើយ។


ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ និង​អតីត​កីឡាករ​ខ្លាំង​ៗ​ ១០​រូប​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​និង​ធ្លាប់​លើក​ពាន​ជា​ច្រើន​ជាមួយ​ក្លិប​អាជីព ប៉ុន្តែ​មិន​ដែល​បាន​លើក​ពាន​ជាមួយ​ក្រុម​ជម្រើស​ជាតិ៖

១. Lionel Messi (អាហ្សង់ទីន) គិត​ត្រឹម​បច្ចុប្បន្ន


Messi ​ធ្លាប់​ជួយ​អាហ្សង់ទីន​ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​២០០៨ មែន ប៉ុន្តែ​គ្រា​នោះ​គេ​មិន​បាន​រាប់​ចូល​នោះ​ទេ ​ព្រោះ​ជា​ការ​ប្រកួត​ឈុត​យុវជន​ក្រោម​អាយុ ២៣​ឆ្នាំ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ចាប់​តាំង​ពី​រូប​គេ​បាន​ចូល​លេង​នៅ​ឈុត​ធំ​ក្រុម​ជម្រើស​ជាតិ​មក​មិន​ដែល​បាន​ជួយ​ក្រុម​លើក​ពាន​អ្វី​នោះ​ទេ ពោល​គឺ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្ណោះ។

២. Cristiano Ronaldo (ព័រទុយហ្គាល់) គិត​ត្រឹម​បច្ចុប្បន្ន


Ronaldo ជា​កំពូល​កីឡាករ​ម្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​បាន​ជួយ​ក្លិប Manchester United ​និង​ Real Madrid ​ឈ្នះ​ពាន​ជា​ច្រើន។ ដោយ​ឡែក​ងាក​ទៅ​ខាង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ​មិន​ទាន់​បាន​ជួយ​ឱ្យ​ឈ្នះ​ពាន​អ្វី​ឡើយ​។

៣. Luis Figo (ព័រទុយហ្គាល់)


Figo ​កាល​នៅ​ជា​យុវជន​ធ្លាប់​ជួយ​ព័រទុយហ្គាល់​ឈ្នះ​ World Cup ​ក្រោយ​អាយុ​២០​ឆ្នាំ​ និង​ឈ្នះ​ពាន Euro ​ក្រោម​អាយុ​១៧​ឆ្នាំ ប៉ុន្តែ​ពេល​រូប​លោក​ឈាន​ជើង​មក​លេង​នៅ​ឈុត​ធំ​វិញ​មិន​ដែល​បាន​ឈ្នះ​ពាន​អ្វី​ទៀត​ទេ ពោល​គឺ​តាម​ត្រឹម​វគ្គ​ពាក់​កណ្ដាល់​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ​នៅ World Cup ​ឆ្នាំ​២០០៦ ។

៤. Johan Cruyff (ហុល្លង់)


Johan Cruyff ​ជា​កីឡាករ​ល្អ​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​ហុល្លង់ ប៉ុន្តែ​មិន​ដែល​ជួយ​ប្រទេស​នេះ​លើក​ពាន​នោះ​ទេ ពោល​គឺ​ត្រឹម​លេខ​២​ នៅ World Cup ​ឆ្នាំ​ ១៩៧៤ ដោយ​ចាញ់​អាល្លឺម៉ង់​ខាង​លិច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​កាល​នៅ​ជា​កីឡាករ ហើយ​ពេល​ក្លាយ​ជា​អ្នក​ចាត់​ការ​វិញ​ក៏​ដឹក​នាំ​ក្រុម Barcelona ​លើក​ពាន​មិន​តិច​នោះ​ដែរ។

៥. Ferenc Puskas (ហុងគ្រី)


Ferenc Puskas ជា​អតីត​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម Real Madrid ​អំឡុង​ឆ្នាំ ១៩៥៨-១៩៦៦។ រូប​លោក​បាន​ជួយ​អធិរាជ​ស​ឈ្នះ​ពាន​ជា​ច្រើន ប៉ុន្តែ​បើ​មើល​ទៅ​ខាង​ក្រុម​ជម្រើស​ជាតិ​ហុងគ្រី​វិញ​គឺ​ទទេ​តែ​ម្ដង ពោល​គឺ​បាន​ត្រឹម​លេខ​២​នៅ​ព្រឹត្តិការណ៍ World Cup ១៩៥៤ ​ក្រោយ​ចាញ់​អាល្លឺម៉ង់ ៣-២ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ Puskas ​បាន​ជួយ​ហុងគ្រី​ឈ្នះ​មេដាយ​មាស​ផង​ដែរ​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ឆ្នាំ​១៩៥២ តែ​មិន​រាប់​ចូល​ទេ។

៦. Paolo Maldini (អ៊ីតាលី)


Paolo Maldini ​ជា​វីរបុរស​របស់​ក្រុម AC Milan ​ដែល​លេង​នៅ​​ក្លិប​នេះ​តាំង​ពី​ឆ្នាំ​១៩៨៥ ដល់ ២០០៩ ។ នៅ​ AC Milan ​អតីត​ខ្សែ​ការពារ​រូប​នេះ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន ប៉ុន្តែ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​វិញ​គឺ​មាន​នោះ​ទេ ពោល​គឺ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្ណោះ។ បុរស​វ័យ​៤៧​ឆ្នាំ​រូប​នេះ ជួយ​អ៊ីតាលី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ World Cup ​ឆ្នាំ​១៩៩៤ តែ​ចាញ់​ប្រេស៊ីល​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ហើយ​នៅ​ព្រឹត្តិការណ៍ Euro ​ឆ្នាំ​២០០០ ​វិញ​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដែរ តែ​ចាញ់​បារាំង។

៧. Michael Ballack (អាល្លឺម៉ង់)


Ballack ​ជា​កីឡាករ​ដែល​បាន​ជួយ​អាល្លឺម៉ង់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup ឆ្នាំ​២០០២ ប៉ុន្តែ​រូប​លោក​បាន​ត្រឹម​តែ​អង្គុយ​មើល​ក្រុម​របស់​ខ្លួន​ចាញ់​ប្រេស៊ីល ២-០ ​ប៉ុណ្ណោះ ​ព្រោះ​ថា​ត្រូវ​ពិន័យ​កាត​លឿង​២​ដង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ អ្វី​ដែល​កាន់​តែ​ឈឺ​ចាប់​ទៀត​នោះ អតីត​កីឡាករ​ Chelsea ​រូប​នេះ​ក៏​បាន​ជួយ​អាល្លឺម៉ង់​ឡើង​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Euro 2008 ​ផង​ដែរ ​តែ​បែរ​ជា​ចាញ់​អេស្ប៉ាញ​ទៅ​វិញ។

៨. Paul Gascoigne (អង់គ្លេស)



Gascoigne ​ជា​កីឡាករ​ខ្លាំង​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ រូប​លោក​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​បាន​ច្រើន ប៉ុន្តែ​មិន​មាន​សំណាង​លើក​ពាន​អ្វី​ឡើយ ពោល​គឺ​បាន​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ ។

៩. Roberto Baggio (អ៊ីតាលី)


Roberto Baggio ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី។ តែ​ទោះ​ជា​មាន​សមត្ថភាព​យ៉ាង​ណា​ក្ដី អតីត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ដែល​បាន​ជួយ​អ៊ីតាលី​លើក​ពាន​អ្វី​ឡើយ ពោល​គឺ​បាន​ត្រឹម​តែ​លេខ​២​ប៉ុណ្ណោះ។ ជាក់ស្ដែង​នៅ​ឆ្នាំ​១៩៩៤ ​លោក​បាន​ជួយ​ជម្រើស​ជាតិ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup ​ហើយ​តែ​បែរ​ជា​ធ្លាក់​ក្រោម​ថ្វី​ជើង​ប្រេស៊ីល​ទៅ​វិញ។

១០. Michael Laudrup (ដាណឺម៉ាក)


គេ​និយាយ​ថា ឆ្នាំ​១៩៦០ ​មាន​ Pepe , ​ឆ្នាំ​១៩៧០ ​មាន​ Cruyff , ​ឆ្នាំ​១៩៨០ ​មាន Maradona ​ហើយ​ឆ្នាំ​១៩៩០ ​មាន Laudrup ​ដែល​ជា​វីរបុរស​របស់​ដាណឺម៉ាក​នេះ​ហើយ។ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ជា​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប ប៉ុន្តែ​បើ​ងាក​មក​មើល​នៅ​ជម្រើស​ជាតិ​ដាណឺម៉ាក​វិញ រូប​លោក​មិន​បាន​ជួយ​ក្រុម​លើក​ពាន​ធំ​មួយ​ឡើយ ព្រោះ​កាល​ដាណឺម៉ាក​ឈ្នះ​ពាន Euro 1992 ​រូប​លោក​ចូល​និវត្តន៍ (ឆ្នាំ​១៩៩២ លោក Laudrup ​ប្រកាស​ចូល​និវត្តន៍​តែ​ក្រោយ​មក​ក៏​ចូល​លេង​វិញ)៕

Post a Comment

 
Top