GuidePedia

0
លោក Luis Enrique ​អ្នក​ចាត់​ការ​ក្រុម Barcelona ​បាន​អះអាង​ថា​អនាគត​របស់​លោក​នៅ Camp Nou ​រដូវ​កាល​ក្រោយ​មិន​ទាន់​ច្បាស់​នោះ​ទេ ទោះ​ជា​បាន​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​​៣​ក្នុង​មួយ​​រដូវ​កាល​​ក៏​ដោយ។


លោក Enrique ​ក្នុង​រដូវ​កាល​ដែល​ទើប​តែ​បញ្ចប់​នេះ បាន​ជួយ​ក្រុម​អ្នក​មាន​បុណ្យ​ច្រើន​មែន​ទែន ដោយ​៦០​ប្រកួត​ ឈ្នះ​រហូត​ដល់​ទៅ​៥០​ប្រកួត​ឯ​ណោះ​ និង​ជួយ​ក្រុម​​លើក​​ពាន​រង្វាន់​បាន​៣​ថែម​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី បុរស​វ័យ​៥១​ឆ្នាំ​រូប​នេះ​នៅ​តែ​មិន​ទាន់​ច្បាស់​ទេ​ថា​លោក​អាច​នៅ​ Barca ​បាន​ឬ​អត់​រដូវ​កាល​ក្រោយ ព្រោះ​ខាង​ក្លិប​ធ្លាប់​និយាយ​ថា​ចង់​រក​អ្នក​ចាត់​ការ​ថ្មី​មក​ជំនួស​ម្ដង​មក​ហើយ។

“ជាក់​ស្ដែង ខ្ញុំ​មិន​ច្បាស់​ពី​អនាគត​របស់​ខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​នៅ​ទី​នេះ។ វា​ជា​ឆ្នាំ​ពិបាក​សម្រាប់​ខ្ញុំ ​​ហើយ​ក៏​អរគុណ​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​បង្ហាញ​ពី​ចំណុច​ខ្សោយ​របស់​ខ្ញុំ​ដែរ។ មាន​ពួកគេ ​ទើប​ខ្ញុំ​អាច​កែប្រែ​ និង​ជួយ​ក្រុម​ឱ្យ​ជោគជ័យ​ដល់​ពេល​នេះ។ យើង​មិន​ដែល​គិត​ថា​អាច​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល​ទេ ប៉ុន្តែ​ជា​ចុង​ក្រោយ​យើង​អាច​ធ្វើ​បាន”។ អតីត​អ្នក​ចាត់​ការ​ក្រុម Celta ​និយាយ​បន្ទាប់​ពី​ជួយ​ក្រុម​លើក​ពាន UEFA Champions League ។


កាល​ពី​ពាក់​កណ្ដាល​រដូវ​កាល អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មាន​បញ្ហា​ជា​មួយ​កីឡាករ Lionel Messi ​ជា​ខ្លាំង ពោល​គឺ​ពួកគេ​ធ្លាប់​ឈ្លោះ​ប្រកែក​ពាក្យ​សម្ដី​គ្នា រហូត​ទាល់​តែ​មាន​កីឡាករ​ផ្សេង​ទៀត​ចូល​មក​ឃាត់​ឯ​ណោះ។ គ្រា​នោះ​ដែរ ម្ចាស់​ក្លិប​អ្នក​មាន​បុណ្យ​ក៏​ធ្លាប់​និយាយ​ដែរ​ថា​អាច​នឹង​រក​អ្នក​ចាត់ការ​ថ្មី​មក​ជំនួស​ពេល​ចប់​រដូវ​កាល ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ក្រុម។

តែ​តាំង​ពី​ពេល​នោះ​មក អ្នក​ចាត់​ការ​ដែល​ចាប់​ផ្ដើម​អាជីព​នៅ​ឆ្នាំ​២០០៨​រូប​នេះ​ បែរ​ជា​ពង្រឹង​ក្រុម​កាន់​តែ​ខ្លាំង​ជាង​មុន ដោយ​៦០​ប្រកួត​មក​នេះ ចាញ់​តែ​៦​ដង​ ស្មើ ៤ ឈ្នះ​៥០ (គិត​គ្រប់​ពាន​រង្វាន់)៕

Post a Comment

 
Top