GuidePedia

0
ក្លិប​កាំភ្លើង​ធំ Arsenal បាន​ព្រមព្រៀង​តម្លៃ​គ្នា​ជាមួយ​​ខ្សែ​បម្រើ​ Arturo Vidal ​របស់​ក្លិប​ Juventus ហើយ ដោយ​កីឡាករ​ជម្រើស​ជាតិ​ឈីលី​ នឹង​ផ្ទេរ​ទៅ​ភាគ​ខាង​ជើង​ទីក្រុង​ឡុងដុង នូវ​តម្លៃ​២១​លាន​ផោន​ (ជិត​៣៣​លាន​ដុល្លារ)។ នេះ​បើ​តាម​​កាសែត​អ៊ីតាលី La Stampa បាន​ចេញ​ផ្សាយ។


កីឡាករ​វ័យ​២៨​ឆ្នាំ ​បច្ចុប្បន្ន​កំពុង​ជាប់​ភារកិច្ច​​នៅ​ Copa America ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ ​ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ នឹង​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ​ Premier League ​ក្រោយ​ចប់​ភារកិច្ច​មួយ​នេះ។ Vidal ​ក៏​ធ្លាប់​ពាក់ព័ន្ធ​ផ្ទេរ​ទៅ Manchester United ខ្លាំង​ដែរ ​ប៉ុន្តែ​​ការ​ផ្ទេរ​ទៅ Arsenal ​រូប​គេ​នឹង​អាច​ចាប់​ដៃ​គូ​ជាមួយ​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​ ​និង​មិត្តភ័ក្ដិ​របស់​ខ្លួន​ Alexis Sanchez។

​ចំណែក​ឯ​នៅ​លើ​ទីលាន​ប្រកួត​វិញ កាល​ពី​រដូវ​កាល​មុន​ Vidal ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ក្រុម​ Juventus ដោយ​ស៊ុត​បាន​៨​គ្រាប់ និង​ជួយ​ឲ្យ​សេះ​បង្កង់​​​លើក​ពាន​ Serie A,​ Coppa Italia និង​ជួយ​ឲ្យ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League។


នៅ​ក្រុម​ជម្រើស​ជាតិ​ឈីលី កីឡាករ​វ័យ​២៨​ឆ្នាំ ក៏​បង្ហាញ​ទម្រង់​លេង​ភ្ញាក់​ផ្អើល​ផង​ដែរ ដោយ​ស៊ុត​បាន​៣​គ្រាប់ នៅ​ Copa America ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប​ ៤​ប្រកួត ហើយ​ក៏​​ត្រូវ​បាន​គេ​ជឿ​ថា នឹង​បង្ហាញ​ខ្លួន​ទល់​នឹង​ប៉េរូ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ព្រឹក​ថ្ងៃ​អង្គារ​​ផង​ដែរ៕

Post a Comment

 
Top