GuidePedia

0
ខ្សែ​បម្រើ​ដ៏​ឆ្នើម Xavi Hernandez របស់ Barcelona នឹង​ចាក​ចេញ​ពី​ក្លិប​មាន​មូល​ដ្ឋាន​នៅ​ Catalonia មួយ​នេះ​​ដែល​រូប​គេ​បាន​លេង​ចាប់​តាំង​ពី​កុមារ​ភាព​មក​នោះ ត្រូវ​​ផ្ទេរ​ទៅ​កាន់​ក្លិប Al Sadd នៅ​ពេល​បញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ឪពុក​របស់​គេ​កាល​ពី​ថ្ងៃ​អង្គារ​កន្លងមក។


លោក Joaquin Hernandez ដែល​ជា​ឪពុក​របស់​ខ្សែ​បម្រើ​វ័យ ​៣៥ ​ឆ្នាំ​រូប​នេះ បាន​​ប្រាប់​វិទ្យុ Cope ថា៖ «ពេល​វេលា​​​មក​ដល់​ហើយ​សម្រាប់ Xavi ក្នុង​ការ​និយាយ​ថា លា​ហើយ​​»។

លោក​បាន​និយាយ​ថា កិច្ច​សន្យា​របស់​​កីឡាករ​រូប​នេះ​ជា​មួយ​នឹង​ក្លិប Al Sadd នឹង​អនុ​ញ្ញាត​ឲ្យ Xavi ដែល​ជា​ប្រធាន​ក្រុម​នា​ពេល​បច្ចុប្បន្ន ធ្វើ​ការ​បង្វឹក​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ម្នាក់ ក៏​ដូច​ជា​លេង​ក្នុង​នាម​ជា​កីឡាករ​ផង​ដែរ​។

លោក Joaquin បាន​ប្រាប់​បន្ត​ថា៖ «រូប​​គេ​ពិត​ជា​មាន​សំណាង​ណាស់​ក្នុង​ការ​ទទួល​បាន​នូវ​សំណើ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​​មួយ​​​ដែល​អនុ​ញ្ញាត​ឲ្យ​រូប​គេបន្ត​លេង​កីឡា​បាល់​ទាត់ បង្វឹក​ដើម្បី​​ក្លាយ​ជា​​គ្រូ​ទៅ​ថ្ងៃ​អនា​គត និង​មាន​​ពេល​សម្រាក​បន្តិច​»​។

Xavi គឺ​ជា​កីឡាករ​ដ៏​គួរ​ឲ្យ​ស្ងើច​សរសើរ​បំផុត​​របស់ Barcelona និង​ជា​វីរ​បុរស​ម្នាក់​ក្នុង​ចំណោម​វីរ​បុរស​របស់​ក្រុម​ឈ្នះ​ពានEuro និង World Cupរបស់​អេ​ស្ប៉ាញ​។


កាល​ពី​ខែ​មី​នា Xavi ​បាន​ជួប​ជា​មួយ​នឹង​​​អ្នក​​គ្រប់​គ្រង​ក្លិប Al Sadd ដែល​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ថា រូប​គេ​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​ក្លិប​នេះ ប៉ុន្តែ ក្រោយ​មក​ក្លិប​របស់​កា​តា​មួយ​នេះ បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​មួយ​នៅ​មិន​ទាន់​ឈាន​ដល់​​នៅ​ឡើយ​ទេ​។ Xavi នឹង​ប្រកាស​ពី​ការ​​ផ្ទេរ​​របស់​គេ​អំ​ឡុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើ​តាម​​បណ្តាញ​សារ​ព័ត៌​មាន​​អេស្ប៉ាញ៕

Post a Comment

 
Top