GuidePedia

0
ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ នឹង​ជួប​សាក​កណ្តាប់ដៃ​ជាមួយ​ផង់ សុភាព​អ្នក​ប្រដាល់​ក្លិប​តាឡី​ដំរី​មាន​រិ​ទ្ធ នៅលើ​សង្វៀន​SEA-TV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០​ឧសភា​២០១៥។ អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ប៉ះគ្នា​ម្តង​ណា​នៅឡើយ​ទេ​ពីមុនមក។


អ្នក​ប្រដាល់​ផង់ សុភាព​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ តែ​ការប្រកួត​របស់​គេ​ល្អ និង​បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ច្រើន​នាក់​ផង​ដែរ ក្នុង​នោះ​គេ​ធ្លាប់​វាយ​ឈ្នះ​ជើង​ខ្លាំង​ផល សុផាត ក្លិប​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​ពិន្ទុ​ដល់​ទៅ​ពីរ​លើក​ឯណោះ។ ឯការ​ប្រកួត​​​ចុងក្រោយ​នេះ ដែល​ចាញ់​ថៃ ប៊ុន​ហាន ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​២​នោះ ដោយសារតែ​សុភាព បាន​បំពាន​បទបញ្ជា​ប្រកួត​វាយ​ថែម​តែប៉ុណ្ណោះ ដែល​ធ្វើអោយ​ថៃ ប៊ុន​ហាន​ស៊ី​ឡាក​យកឈ្នះ​នោះ។ ទោះជា​យ៉ាងណា ផង់ សុភាព គេ​ជា​អ្នក​ប្រដាល់​មិនធម្មតា​នោះទេ។

ប៉ុន្តែ​ការ​មក​ជួប​ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ ដែលជា​ជើង​ខ្លាំង​ជើងចាស់​នោះ ផង់ សុភាព ហាក់ដូចជា​យ៉ាប់​បន្តិច​ហើយ ព្រោះថា សារ៉ាន់ ពុំមែន​ដូចជា​អ្នក​ប្រដាល់​ចិត្ត​តូច​ទាំង​នោះឡើយ។ ហ៊ឹម សារ៉ាន់ គេ​វាយ​រាង​ឆេវឆាវ​បន្តិច។ សារ៉ាន់ ប្រើ​កម្លាំង​ខ្លាំង​ក្នុង​ការ​ប្រកួត​។ ចាប់ពី​ទឹក​ទី​១​ដល់​ទឹក​ទី​៥ គឺ​គេ​វាយ​មិន​សំចៃ​នោះ​ទេ ទាំង​កណ្តាប់ដៃ​ទាំង​សន្ទុះ​ជើង​ទាត់ ដោយសារ​គេ​មាន​ស៊ុ​ហ្វ​ខ្លាំង។

ប៉ុន្តែ​យ៉ាងណា មួយ​រយះ​ចុង​ក្រោយនេះ គេ​រាង​ស្រុត​ធ្លាក់ចុះ​ជាង​មុន ធ្វើឲ្យ​ការប្រកួត​របស់​គេ​ពុំ​សូវ​បាន​ទទួល​ជោគជ័យ​ប៉ុន្មាន​ទេ។ ទោះ​​​​ជា​យ៉ាងណា ការប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​នោះ គឺ​វាយ​ឈ្នះ​តក់ សោភ័ណ្ឌ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ក្នុង​ទឹក​ទី​៣​ក្នុង​ការ​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣ ខ្សែក្រវាត់​Black Cat​កាលពី​ថ្ងៃទី​០៣​ឧសភា​កន្លង​មកនេះ។ចាំមើល រវាង​ហ៊ឹម សារ៉ាន់​និង​ផង់ សុភាព តើន​រណា​ឈ្នះ ?។

បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​ប្រកួត​ជាមួយ​ផន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្តពោធិ៍សាត។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ តែ​ទោះបីជា​មិនដែល​ជួបគ្នា​ក៏ដោយ ក៏​សម្រាប់​ការ​ជួបគ្នា​នេះ តាម​ការ​រំពឹងទុក​នោះ បឺត សង្ឃឹម ប្រហែលជា​អ្នក​ជួប​សំណាងល្អ​ជាង​ផន ភឿ​ត ដោយ​សារ​គេ​ខ្ពស់​ជាង និង​មាន​ផ្លែ​ល្អ​ជាង។ ប៉ុន្តែ​យ៉ាងណា ឈ្នះ​ឬ​ចាញ់ គឺ​ស៊ីសង​លើ​លទ្ធផល​ក្រោយ​បញ្ចប់​ការប្រកួត​តែប៉ុណ្ណោះ។

ផន ភឿ​ត គេ​ប្រកួត​លើក​ចុងក្រោយ វាយ​ឈ្នះ​យ៉ា​ម ឡយ អ្នក​ប្រដាល់​ក្លិប​រស្មី​កុមារកំព្រា​ដោយ​ពិន្ទុ ចំណែក​ការប្រកួត​លើក​ចុងក្រោយ​របស់​បឺត សង្ឃឹម​វិញ គឺ​វាយ​ឈ្នះ​ម៉ូ ណា រ៉ុង អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង​ក្នុង​ទឹក​ទី​៤។ មាស សារ៉ាក់​អ្នក​ប្រដាល់​ក្លិប​ដួង​សែន​សុខ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​ជាមួយ ពុទ្ធ សុជាតិ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ក៏​ពុំ​ធ្លាប់​ដែល​ជួបគ្នា​ដែរ​កន្លងមក។

សារ៉ាក់​នេះ គេ​ឡើង​ប្រកួត​ញឹកញាប់​ណាស់ បើ​ប្រៀប​ជាមួយ​ការប្រកួត​របស់​ពុទ្ធ សុជាតិ​នោះ គឺ​លើស​មួយ​ជា​ពីរ​ជា​បី​ឯណោះ។ ជាមួយនឹង​កេរ្តិ៍ឈ្មោះ​មិនសូវមាន​នោះ សារ៉ាក់​ប្រកួត​ចាញ់​ច្រើនជាង​ឈ្នះ ។​ការប្រកួត​ចុងក្រោយ​នេះ​(១១ មេសា​២០១៥) គេ​វាយ​ចាញ់​ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី​៤។ សង្ឃឹមថា ការប្រកួត​ជាមួយ​ពុទ្ធ សុជាតិ លើក​នេះ សារ៉ាក់​អាច​ឈ្នះ​ទៅ​ចុះ។


ពុទ្ធ សុជាតិ ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ​ឆេង ពន្លក អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ។ សុជាតិ គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​មែន តែ​គេ​មានចិត្ត​ប្រដាល់​ធំ ហ៊ាន​វាយ​ប្តូរ​ជាមួយ​គូប្រកួត ដើម្បី​ដណ្តើមយក​ជ័យជំនះ។ ប៉ុន្តែ​ទោះជា​យ៉ាងណា គេ​មិនអាច​ទស្ស​ន៍ទាយ​មុន​ថា អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះឡើយ រវាង​មាស សារ៉ាក់ និង ពុទ្ធ សុជាតិ នេះ៕

Post a Comment

 
Top