GuidePedia

0
ក្រុម​ហ៊ុន​ឆ្នោត​កីឡា បាន​បើក​សម្ពោធ​ទី​ស្នាក់ការ​ថ្មី​របស់​ខ្លួន និងប្រកាស​​បើក​ឲ្យ​​ធ្វើ​​សកម្ម​ភាពឆ្នោត ​នៅ​លើ​ទី​ផ្សារ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ខណៈ​ក្រុម​ហ៊ុន​ឆ្នោត​មួយ​នេះ​បាន​ទទួល​អាជ្ញាប័ណ្ឌ​ស្រប​ច្បាប់​ពី​រាជរដ្ឋាភិបាល តាំង​ពី​​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៣ ដោយ​តម្រូវ​ឲ្យ​​ធ្វើ​អាជីវកម្ម​ស្របច្បាប់​លើ​ប្រភេទ​ឆ្នោត ៤​លេខ​ ៦​លេខ និង​ប្រភេទ​ឆ្នោត​កោស។



​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ទី​ស្នាក់​ការថ្មី និង​ប្រកាស​ឲ្យ​ធ្វើ​អាជីវកម្ម​ឆ្នោត​កីឡា​ជាតិ កាល​ពី​ព្រឹក​មិញ​នោះ គឺ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក ​ថោង ខុន ​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា(NOCC) លោក​ខៀវ កា​ញា​រីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ​លោក ​CAO Yunter ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ឆ្នោត​កីឡា​ជាតិ ព្រម​ទាំង​សមាជិក​ប្រតិបត្តិ​របស់ NOCC មន្រ្តី​កីឡា និង​កីឡាករ​ កីឡាការិនី ជា​ច្រើន​នាក់​ទៀត។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​លោក ​ថោង ខុន ​បានលើក​ឡើង​ថា ​ឆ្នោត​កីឡា​ជាតិ​ ជា​ប្រភេទ​ឆ្នោត​ឡូតូ​ ដែលមាន​លក្ខណៈ​ស្វែងរក​សំណាង និង កម្សាន្ត ហើយ​ឆ្នោត​នេះ​​​មិនមែនជា​ប្រភេទ​ល្បែងស៊ីសង​នោះទេ។ ឆ្នោត​នេះ​ធ្វើ​សកម្មភាព​ ស្វែងរក​មូល​និ​ធី​ជួយ​សង្គមជាតិ និង កីឡា គឺ​​ជា​ផ្នែក​មួយ​នៃ​ការ​ទ្រទ្រង់​វិស័យ​កីឡា​កម្រិត​ខ្ពស់ និង អភិវឌ្ឍន៍​សកម្មភាព​កីឡា​ឆ្ពោះទៅ​រៀបចំ​ការ​ធ្វើជា​ម្ចាស់ផ្ទះនៃ​កីឡាស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ នៅ​កម្ពុជា។

ចំណែក​លោក CAO Yunter បាន​ថ្លែង​បន្ថែម​ថា ការ​បើក​ឲ្យ​ធ្វើ​អាជិវកម្ម​ឆ្នោត​កីឡា​ជាតិ​នេះ គឺ​​ជាការ​ចាប់ផ្ដើម​ចូលរួមចំណែក​ធ្វើ​ឲ្យកម្ពុជា ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​​វិស័យ​កីឡា​​រីកចម្រើន ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​​តាម​រយៈ​ការ​ជួយ​ជ្រោម​ជ្រែង​​នេះ នឹង​ជំរុញ​ឲ្យ​វិស័យ​កីឡា​កម្ពុជា​ អាច​​បោះជំហាន​ឆ្ពោះទៅកាន់​​ពិភពលោក​ នា​ពេល​អនាគត។

គួរ​បញ្ជាក់​ថា ក្រុម​ហ៊ុន​ឆ្នោត​កីឡា​ជាតិ គឺ​ជា​ក្រុមហ៊ុន​​ឆ្នោត​ទី៤ហើយ ​ដែល​បាន​​មក​ធ្វើ​អា​ជីវ​កម្ម​ឆ្នោត​កីឡា​ជាតិ​នេះ ហើយ​ចំពោះ​ការ​ចំណាយ និង​ផល​ចំណេញ​​របស់​ក្រុម​ហ៊ុន​ឆ្នោត​កីឡា​ជាតិ​នេះ ត្រូវ​បាន​លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​ NOCC គូស​បញ្ជាក់​ថា ចំណូល​​បាន​ពី​ការ​លក់​ឆ្នោតកីឡាជាតិ​នេះ ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​១០​ភាគរយ រីឯ​​ចំណូល​​នៅសល់​ពី​ការបង់​ពន្ធ​គឺ​ទុក​៦០​ភាគរយ​សម្រាប់​ជា​ប្រាក់រង្វាន់​ដល់​អ្នក​លេងឆ្នោត។

ចំណែក​​​ថវិកា​​នៅសល់ពី​ការ​ផ្តល់​រង្វាន់​​គឺ​យកមក​ចំណាយ​នៅក្នុង​ក្រុមហ៊ុនឆ្នោត​កីឡា​ជាតិ ​ហើយ​ថវិកា​ដែលនៅ​​សល់​ពី​ការចំណាយ​នេះ​ គឺ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ នឹង​ទទួលបាន​ផល​ចំនួន​៣០​ភាគរយ សម្រាប់​យក​មក​បម្រើ​ដល់វិ​ស័យ​កីឡា​ជាតិ៕

Post a Comment

 
Top