GuidePedia

0
ជំនួបស្លាប់រស់ចាប់ផ្តើមឡើងវិញហើយក្នុង ក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League ដែលជាការ ជួបគ្នារវាងក្រុមម្ចាស់ផ្ទះ Juventus ប៉ះក្រុមភ្ញៀវ ស្តេចស Real Madrid ដើម្បីចាប់ផ្តើមក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីចាប់ឆ្នោតរួច ។


សូមបញ្ជាក់នេះជាការវិលមកកាន់វគ្គ៤ក្រុមជាថ្មី ក្រោយពីខកខានរយៈពេល ១២ឆ្នាំរបស់ក្រុមសេះបង្កង់ Juventus ដែលជាក្លឹបលំដាប់លេខ១របស់អ៊ីតាលី ក្នុងការជួបប្រកួតជាមួយក្រុម ការពារតំណែងជើងឯក Champions League ឆ្នាំទៅរបស់លោក Carlo Ancelotti ក្នុង ទឹកដីរបស់ខ្លួនសម្រាប់ជើងទី ១ ដែល នឹងចាប់ផ្តើមនាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រ (ម៉ោងនៅកម្ពុជា) មុនពេលម្ចាស់ ផ្ទះ FC Barcelona ស្វាគមន៍ក្រុមលេខ១មកពីអាល្លឺម៉ង់ Bayern Munich នៅនេះដូចគ្នារាត្រីថ្ងៃស្អែក ។

ជើងកីឡាករ ៖

Juventus

Juventus ត្រូវការតែ៣ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឈ្នះពានក្របខណ្ឌកំពូលអ៊ីតាលី Serie A ចំនួន៤សម័យកាលជាប់ៗគ្នា ហើយក៏ជាក្រុម ដែលរាងឡើងជើង ខ្លាំង ផងដែរនារដូវកាលនេះ ដោយបានទម្លាក់ក្រុមខ្លាំងបន្តបន្ទាប់ ហើយក៏ត្រូវបានគេទទួលស្គាល់ផងដែរថា ជាក្រុមដែលរឹងមាំក្នុងទឹកដី ។ Juventus ធ្លាប់លេងឈ្នះ Real Madrid ក្នុងទឹកដីរហូត ដល់ទៅ ៤ដងឯណោះ ក្នុងចំណោមជួបគ្នា៥ដងនាពេលកន្លងមកក្នុង Champions League នេះដូចគ្នា ដោយអាចមិន ជាភ័យ ប៉ុន្មានទេសម្រាប់រាត្រីនេះ ខណៈដែលមាន Vidal, Evra, Buffon, Pirlo, Chiellini និង Carlos Tevez សុទ្ធ តែជាតារាឆ្នើម ។

សម្រាប់​ក្រុម​នៅ​អ៊ីតាលី​មួយ​នេះ​ អាច​អវត្តមាន​កីឡាករ​សំខាន់​ៗ​ពីរបី​រូប​នៅ​ក្នុង​ជើង​ទី​មួយ​ ក្នុង​នោះ​មាន​​ Paul Pogba​​, Martín Cáceres​ និង​ Kwadwo​ Asamoah​ (ត្រូវ​អវត្តមាន​រហូត​ដល់​ចប់​រដូវកាល)​។​ សម្រាប់​ជើង​ទី​ពីរ​ Martín​ Cáceres ​អាច​មាន​ឱកាស​ចូល​លេង​វិញ​បាន​ តែ​ចំណែក​ឯ​ Paul ​Pogba​ វិញ​ គឺ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទិលសង្ស័យ​នៅ​ឡើយ។​

Real Madrid​

ងាកមកមើល Real Madrid ទម្រង់លេងឡើងខ្ពស់ត្រដែត ជាមួយនឹងកីឡាករវ័យក្មេងលេងល្អជាច្រើនរូប ហើយក៏ពុំមាននរណាមួយ មានបញ្ហារបួសដែរ ។ ការលុបចោលប្រវត្តិលេងមិនសូវដែលឈ្នះ Juventus ជាកង្វល់ និងចង់លុបបំ បាត់ផងដែរពីសំណាក់គ្រូបង្វឹក ដ៏លេចធ្លោជនជាតិអ៊ីតាលី Ancelotti ក្នុងនាមជា ក្រុមខ្លាំង និងឈ្នះជើងឯកពានធំមួយ នេះចំនួន១១សម័យកាលផងដែរ ​។

Real Madrid​ ត្រូវ​បន្ត​អវត្តមាន​ខ្សែប្រយុទ្ធ​ Karim Benzema ​នៅ​ក្នុង​ជើង​ទីមួយ​ ដោយសារ​មាន​បញ្ហា​របួស​ជង្គង់​ ដូច្នេះ​ខ្សែ​ប្រយុទ្ធ​ពីរ​រូប​ទៀត ​Javier ​Hernández ​និង​ Jesé​ អាច​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​ចូល​លេង​ដោយ​លោក​ ​Carlo Ancelotti។​

ទន្ទឹមគ្នា​នេះ​ Luka Modrić​ ក៏​មាន​បញ្ហា​របួស​ដូច​គ្នា​ ហើយ​ Sami Khedira​ ក៏​មិន​ទាន់​មាន​ឈ្មោះ​នៅ​ក្នុង​ក្រុម​សម្រាប់​ជើង​ទី​មួយ​ដែរ​ ដែល​នេះ​មាន​ន័យ​ថា​ Real Madrid​ កំពុង​ជួប​បញ្ហា​ខ្វះ​ខាត​កីឡាករ​ខ្សែ​បម្រើ​ការពារ។​

+​ កីឡាករ​ដែល​អាច​ចូល​លេង​ក្នុង​ជម្រើស​១១​នាក់​ដំបូង៖​

Juventus

Juventus​ អាច​លេង​ទម្រង់​ 4-3-1-2​ ដែល​ក្នុង​នោះ​រួម​មាន​ ខ្សែ​ការពារ​ឆ្វេង​ Patrice Evra​, ខ្សែ​បម្រើ​ការពារ ​Andrea Pirlo, ​ខ្សែបម្រើ​ Roberto Pereya​ ដែល​ត្រូវ​ចូល​លេង​ជំនួស​ Paul Pogba​ ​ និង​ចុងក្រោយ ខ្សែប្រយុទ្ធ​ Carlos Tevez​ ​ ដែល​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ ក្នុង​ក្របខណ្ឌ​បាល់ទាត់​អឺរ៉ុប​ប្រចាំ​រដូវកាល​នេះ។​



Real Madrid

លោក​ Carlo Ancelotti ​អាច​ចាប់​ផ្ដើម​លេង​ទម្រង់​ 4-4-2​ ដែល​ទម្រង់​នេះ​លោក​បាន​សាក​ល្បង​នៅ​ក្នុង​ប្រកួត​មុន​ ដោយ​សារ​មាន​បញ្ហា​ខ្វះខាត​ខ្សែបម្រើ​ ហើយ​ក្នុង​នោះ​គេ​អាច​ឃើញ​ Gareth Bale​ និង​ Cristiano​ Ronaldo​ ចាប់​ដៃ​គ្នា ​ធ្វើ​ជា​ខ្សែប្រយុទ្ធ​មុខ​ ចំណែក​ឯ​ Sergio Ramos ​នឹង​បន្ត​លេង​ក្នុង​ដំណែង​ខ្សែ​បម្រើ​មួយ​ប្រកួត​ទៀត។​


ស្របគ្នា​ នេះ​ប្រសិនបើ​ Juventus​ ប្ដូរ​មក​លេង​ទម្រង់​ 4-2-3-1​ វិញ​ Chicharito​ អាច​មានឱកាស​ចូលលេង​ធ្វើ​ជា​ខ្សែប្រយុទ្ធ​ អម​ដោយ​ Ronaldo​ និង ​Bale ​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប។ ​

+​ កីឡាករ​ដែល​ត្រូវ​តាម​ដាន​៖​

- ​Cristiano​ Ronaldo ​vs ​Stephen ​Lichtsteiner ខ្សែ​ការពារ​ស្ដាំ​របស់​ Juventus, ​Stephen ​Lichtsteiner​ នឹង​មាន​ការងារ​ច្រើន​ គឺ​រូបគេ​ត្រូវ​ធ្វើ​យ៉ាង​ណា​រារាំង​ Ronaldo​ ដែល​ទើប​តែ​រក​បាន​ Hat-Trick​ កាល​ពី​សប្ដាហ៍​មុន​ កុំ​ឲ្យ​អូស​បាល់​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​បាន។​

-​ Gareth Bale vs Patrice Evra

ទោះបី​ជា​ជួប​ប្រទះ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​រដូវកាល​នេះ​ក្ដី​ Gareth Bale​ នៅ​តែ​ជា​តួ​សំខាន់​មួយ​ប្រចាំ​ក្រុម ​ហើយ​សម្រាប់​ប្រកួត​នេះ​រូបគេ​ ត្រូវ​ប្រឈមមុខ​ជាមួយ​អតីត​ខ្សែ​ការពារ​ឆ្នើម​របស់​ Man Utd,​ Patrice Evra។​

- ​Carlos Tevez vs Pepe​

Calos Tevez​ នឹង​ចាប់​ដៃ​ជា​មួយ​អតីត​កីឡាករ​របស់​ Real Madrid, ​Álvaro ​Morata​ ដើម្បី​ធ្វើ​ការ​សម្រុក​រក​គ្រាប់​បាល់​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ពួកគេ​ក៏​ត្រូវ​ជួប​ការ​លំបាក​មួយ​ចំនួន​ដែរ​ ពេល​ត្រូវ​ជួប​ជាមួយ​ខ្សែ​ការពារ​ Pepe​ និង​ Varane ​របស់​ Madrid។​

+​ ប្រវត្តិ​នៃ​ការ​ជួប​គ្នា៖​

ខាងក្រោម​នេះ​ជា​ប្រវត្តិ​ប៉ះ​គ្នា​របស់​ក្រុម​ទាំងពីរ៖

22.02.2005 រដូវកាល​ឆ្នាំ​ ២០០៤-២០០៥​ ​វគ្គ​១៦​ក្រុម​ចុងក្រោយ ​Real Madrid 1-0 Juventus
09.03.2005 រដូវកាល​ឆ្នាំ​ ២០០៤-២០០៥ ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Juventus​ 2-0​ Real Madrid​ (ក្រោយពេល​ម៉ោង​បន្ថែម)
21.10.2008​ រដូវកាល​ឆ្នាំ​ ២០០៨-២០០៩ ​វគ្គ​ជម្រុះ​តាម​ពូល​ Juventus ​1-0​ Real Madrid
05.11.2008 រដូវកាល​ឆ្នាំ​ ២០០៨-២០០៩ ​វគ្គ​ជម្រុះ​តាម​ពូល​ Real Madrid ​0-1​ Juventus
23.10.2013 ​រដូវកាល​ឆ្នាំ​ ២០១៣-២០១៤​ វគ្គ​ជម្រុះ​តាម​ពូល​ Real Madrid 2-1 Juventus
05.11.2013 ​រដូវកាល​ឆ្នាំ​ ២០១៣-២០១៤​ វគ្គ​ជម្រុះ​តាម​ពូល​ Juventus 2-2 Real Madrid

+​ ស្ថិតិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​រវាង​ក្រុម​ទាំង​ពីរ​

១.​​ ក្រុម​ទាំងពីរ​ធ្លាប់​ជួប​គ្នា​១៦​លើក​ នៅ​ក្នុង​ក្របខណ្ឌ​នេះ​ ដោយ​ Real Madrid​ បាន​ទទួល​ជ័យជំនះ​ចំនួន​៨​ដង​ ចំណែក​ឯ​ Juventus​ ចំនួន​៧​ដង​ ហើយ​ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ប្រកួត​ស្មើគ្នា​តែ​ម្ដង​ប៉ុណ្ណោះ។​

២. គ្រូ​បង្វឹក​របស់​ Real Madrid​ នា​ពេល​បច្ចុប្បន្ន​ លោក​ Carlo Ancelotti​ ធ្លាប់​ដឹកនាំ​ក្រុម​លេង​ឈ្នះ Juventus​ តែ​ប្រាំ​ដង​ប៉ុណ្ណោះ ​ក្នុង​ចំណោម​២៣​ប្រកួត​ ដោយ​ក្នុង​នោះ​ក្រុម​របស់​លោក​បាន​ស្មើ​១២​ដង​ និង​ចាញ់​៦​ដង។​

៣.​ Juventus​ បាន​ចាញ់​តែ​មួយ​ប្រកួត​ប៉ុណ្ណោះ​ សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹកដី​ចំនួន​៥៤​ប្រកួត​ចុងក្រោយ​ ក្នុង​នោះ​ក្រុម​នេះ​បាន​ឈ្នះ​៤៥​ដង​ និង​ស្មើ​៨​ដង។​

Post a Comment

 
Top