GuidePedia

0
លោក Pep Guardiola នឹង​វិល​ទៅ​កាន់​កីឡ​ដ្ឋាន Camp Nou ជា​មួយ​នឹង​ក្រុម​ភ្ញៀវ​ជា​លើក​ទី​១​នៅ​រាត្រី​​នេះ ខណៈ​ដែល​អតីត​គ្រូ​បង្វឹក​ដ៏​ជោគ​ជ័យ​​បំផុត​របស់​ Barcelona រូប​នេះ នឹង​ដឹក​នាំ​ក្រុម Bayern Munich ទៅ​កាន់​កីឡ​ដ្ឋាន​របស់​ក្រុម​មាន​មូល​ដ្ឋាន​​នៅ​ទីក្រុង Catalonia មួយ​នេះ ក្នុង​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ​។


ក្នុង​នាម​ជា​កីឡាករ លោក Guardiola បាន​ក្លាយ​ជា​សមា​ជិក​ដ៏​សំខាន់​​របស់​ក្រុម Barcelona ដែល​បាន​ឈ្នះ​ពាន​រង្វាន់ European Cup ជា​លើក​ទី​១​របស់​​ពួក​គេ​កាល​ពី​ឆ្នាំ​១៩៩២​។ ក្នុង​នាម​ជា​ក្រូ​បង្វឹក លោក Guardiola បាន​ដឹក​នាំ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​ចំនួន​១៤ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​ពាន Champions Leagues​ ចំនួន​២​អំ​ឡុង​ការ​​កាន់​តំណែង​​រយៈ​ពេល​៤​ឆ្នាំ​​ដ៏​ជោគ​ជ័យ​របស់​លោក​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​​ឆ្នាំ​២០១២​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​នេះ លោក​ត្រូវ​តែ​រក​ឲ្យ​ឃើញ​នូវ​មធ្យោ​បាយ​ក្នុង​ការ​​ធ្វើ​ឲ្យ​ល្អ​ជាង​អតីត​ក្រុម​របស់​លោក និង​មិត្ត​​ភក្តិ​របស់​លោក​គឺ​លោក Luis Enrique ដែល​ជា​គ្រូ​បង្វឹក​របស់ Barcelona និង​អតីត​កីឡាករ​ជា​ច្រើន​ទៀត​​របស់​លោក​ដែល​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​។

ក្រោយ​​ពី​បាន​កត់​ត្រា​ជ័យ​ជម្នះ​២៦​លើក​ក្នុង​ចំណោម​ការ​ប្រកួត​២៨​លើក​ចុង​ក្រោយ​របស់​ពួក​គេ Barcelona កំ​ពុង​តែ​ស្ថិត​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​​​តែ​មួយ​​ដែល​រួម​មា​ន ពាន La Liga, Champions League និង Copa del Rey ម្តង​ទៀត​​ដូច​ដែល​ពួក​គេ​បាន​ឈ្នះ​ក្នុង​រដូវ​កាល​ដំ​បូង​របស់​លោក Guardiola ក្នុង​នាម​ជា​គ្រូ​បង្វឹក​។

ខ្សែ​បម្រើ Andres Iniesta របស់​ក្រុម Barcelona បាន​ឲ្យ​ដឹង​ថា៖ «វា​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​​មួយ​ជា​មួយ​នឹង​​គាត់ ពី​ព្រោះ​យើង​ស្គាល់​គ្នា​​ជា​យូរ​​ណាស់​មក​ហើយ​។ យើង​បាន​​ធ្វើ​រឿង​ជា​មួយ​គ្នា​ជា​ច្រើន ហើយ​ហេតុ​​នេះ វា​នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​ប្រសើរ និង​ពិសេស​សម្រាប់​គ្រប់​គ្នា​»​។

ការ​ប្រកួត​នេះ អាច​នឹង​នាំ​ឲ្យ​មាន​ការ​ជួប​គ្នា​រវាង​បង​​ប្អូន​បង្កើត​ពីរ​នាក់ នៅ​ពេល​ដែល Thiago Alcantara អតីត​​ខ្សែ​បម្រើ​របស់​ក្រុម Barcelona វិល​​ទៅ​កាន់​អតីត​ក្លិប​របស់​គេ ដែល​ជា​កន្លែង​​ប្អូន​ប្រុស​របស់​គេ​គឺ Rafinha កំ​ពុង​បង្ហាញ​ខ្លួន​ជា​ទៀង​ទាត់​ក្នុង​ជម្រើស​ដំ​បូង​នៅ​ពេល​​នេះ​។


ប៉ុន្តែ ការ​សង​សឹក​ក៏​អាច​នឹង​ស្ថិត​ក្នុង​ចិត្ត​របស់​ក្រុម Barca ផង​ដែរ ខណៈ​ដែល​ពួក​គេ​បាន​​រង​បរា​ជ័យ​ដ៏​ធំ​បំផុត​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ក្រោយ​ពី​បាន​ចាញ់​ទាំង​ពីរ​ជើង ៧-០ ក្រោម​ថ្វី​ជើង​របស់​ក្រុម Bayern ក្នុង​វគ្គ​ដូច​គ្នា​នេះ​កាល​ពី​២​ឆ្នាំ​កន្លង​ទៅ​​។ ការ​ប្រកួត​នៅ​​រាត្រី​នេះ នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​១:៤៥​ទៀប​ភ្លឺ (ម៉ោង​នៅ​កម្ពុជា)​៕

បី​ប្រកួត​ចុង​ក្រោយ​របស់ Bayern

02.05.15 Bayer Leverkusen 2-0 Bayern Munich
29.04.15 Bayern Munich 1-1 Dortmund
25.04.15 Bayern Munich 1-0 Hertha Berlin

បី​ប្រកួត​ចុង​ក្រោយ​របស់ Barcelona

02.05.15 Cordoba 0-8 Barcelona
29.04.15 Barcelona 6-0 Getafe
25.04.15 Espanyol 0-2 Barcelona

ជំនួបបីលើកចុងក្រោយរវាងក្រុមទាំងពីរ

24.07.13 Bayern Munich 2-0 Barcelona
02.05.13 Barcelona 0-3 Bayern Munich
24.04.13 Bayern Munich 4-0 Barcelona

Post a Comment

 
Top