GuidePedia

0
Franck Ribery បាន​និយាយ​ថា រូបគេ​បោះ​បង់​ឱកាស​ទៅ​ចូល​រួម​ជាមួយ​ក្លិប​ Real Madrid កាល​ពី​ឆ្នាំ​២០០៩ ព្រោះ​ Baryern Munich ​ប្រាប់​​ថា​ខ្លួន​គឺជា​ Lionel Messi ​របស់​ពួកគេ។


អតីត​កីឡាករ​​ក្រុម​ជម្រើស​ជាតិ​បារាំង ​មាន​ឱកាស​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Santiago Bernabeu ​ដែរ បន្ទាប់​ពី​មិន​ចុះ​សម្រុង​គ្នា​ជាមួយ​នឹង​អតីត​អ្នក​ចាត់​ការ​ Bayern លោក Louis van Gaal កាល​ពី​ឆ្នាំ​២០០៩។

ទោះបីជា​មាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុម​កំពូល​​អឺរ៉ុប Real ក៏​ដោយ ប៉ុន្តែ​ Ribery ​សម្រេច​​បន្ត​នៅ​​កីឡដ្ឋាន Allianz Arena ​ទៀត បន្ទាប់​ពី​ Baryern ប្រាប់​ដល់​គេ​ថា រូបគេ​គឺ​ជា​កម្លាំង​ដ៏​សំខាន់​បំផុត។

​​ខ្សែ​បម្រើ​ឆ្នើម​វ័យ​៣២​ឆ្នាំ​រូប​នេះ បាន​ប្រាប់​ដល់ Goal ថា៖ “ខ្ញុំ​បាន​ពិភាក្សា​គ្នា​ជាមួយ​នឹង​ម្ចាស់​ក្លិប ហើយ​ពួកគាត់​បាន​ប្រាប់​ខ្ញុំ​ថា មិន​​ឲ្យ​ខ្ញុំ​​ចេញ​ទៅ​ណា​ទេ ​ព្រោះ​ខ្ញុំ​​គឺជា​កម្លាំង​ដ៏​សំខាន់​បំផុត​របស់​ក្រុម​ Bayern ​ដូច​គ្នា​នឹង​​ Lionel Messi ​សំខាន់​សម្រាប់​ក្រុម​ Barcelona ដូច្នោះ​ដែរ។

Real បាន​ព្យាយាម ដោយ​ចង់​បាន​រូប​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា Bayern ​ដាក់​តម្លៃ​ខ្លួន​ខ្ញុំ​ប៉ុន្មាន​នោះ​ទេ។ ទីបំផុត​ ខ្ញុំ​ក៏​រីករាយ ដែល​គ្រប់​យ៉ាង​បញ្ចប់​ទៅ​​ដូច​នេះ”។


Ribery ​​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ Bayern ជិត​៣០០​ប្រកួត​ ​និង​​ឈ្នះ​ពាន​​សរុប​ចំនួន​១៤ រូប​នេះ មាន​បញ្ហា​របួស​រ៉ាំរ៉ៃ​ជា​ច្រើន​នៅ​រដូវ​កាល​នេះ និង​ខក​ខាន​ប្រកួត​​ឲ្យ​ក្រុម Bayern ដែល​យក​ឈ្នះ​ Borussia Dortmund ​១-០កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​ផង​ដែរ ខណៈ​ដែល​រដូវ​កាល​នេះ រូប​គេ​បង្ហាញ​ខ្លួន​សរុប​បាន​១៥​ប្រកួត និង​​រក​​គ្រាប់​បញ្ចូល​ទី​បាន​ ៥​គ្រាប់​ក្នុង​លីក៕

Post a Comment

 
Top