GuidePedia

0
អ្នក​លេង​​​យុទ្ធ​គុន​ខម​ ចាន់ រតនា បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​កម្ពុជា​ទី​មួយ​ដែល​សាង​ប្រវត្តិ​ឈ្នះ​នៅ​ស្ថាប័ន​អន្តរជាតិ ​ONE Championship បន្ទាប់​ពី​បាន​ផ្តួល​ជើង​ខ្លាំង​របស់​ហ្វីលីពីន​ Ramon Gonzalez ក្នុង​ទឹក​មួយនៅ​ព្រឹត្តិការណ៍​ ONE FC: Age of Champion​ កាល​ពី​ថ្ងៃ​ទី​១៣ ​ខែ​មីនា ​ឆ្នាំ​២០១៥ នៅ​ទី​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។


បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​សម្រាប់​ការ​ប្រកួត​អន្តរជាតិ​ខាង​លើ​ ចាន់​ រតនា​ នឹង​​​មាន​ឱកាស​ច្រើន​​ទៀត​សម្រាប់​​ប្រកួត​ជា​មួយ​កីឡាករ​ប្រទេស​នៅ​ស្ថាប័ន ​One Championship ជា​ពិសេស​ពេល​ស្ថាប័ន​មួយ​នេះ​វិល​ត្រឡប់​មក​រៀប​ចំ​នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា​លើក​ទី​២​នា​ចុង​ឆ្នាំ​នេះ។ ៥​ចំណុចខាង​ក្រោម​ជា​ហេតុ​ផល​ដែល​អាច​បញ្ជាក់​ថា ​កីឡាករ​កម្ពុជា​​អាយុ​​២៩​ឆ្នាំ​រូប​នេះ​នឹង​​ក្លាយ​ជា​កីឡាករ​ល្បី​ឈ្មោះ​លើ​ឆាក​អន្តរជាតិ។

១-ការ​ហ្វឹកហាត់​ អ្នក​ប្រដាល់​ដែល​បាន​ប្រឡូក​ចូល​ក្នុង​ពិភព​គុន​ខ្មែរ​ច្រើន​ឆ្នាំ​ ចាន់​​ រតនា​ បាន​ព្យាយាម​ហ្វឹកហាត់​ជា​ប្រចាំ​​​ចាប់​តាំង​ពី​រូប​គេ​ទទួល​បាន​ឱកាស​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​នៅ​កម្មវិធី​ One Championship ដែល​រៀប​ចំ​នៅ​កម្ពុជា​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ បន្ទាប់​មក​រូប​គេ​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ហើយ​ប្រកួត​ឈ្នះ​លើ​កីឡាករ​ហ្វីលីពីន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ រតនា​បាន​និយាយ​ថា ៖«ខ្ញុំ​បាន​ត្រៀម​ក្បាច់​ក្រោម​ជាង​ក្បាច់​លើ ​ព្រោះ​​ខ្ញុំ​ជា​កីឡាករ​ប្រដាល់​ MMA ថ្មី​ និង​មាន​បទពិសោធន៍​ច្រើន​​​តែ​ខាង​​​វ៉ៃ​ឈរ​​​។ កាល​ទៅ​ហាត់​នៅ​ថៃ​ខ្ញុំ​ទទួល​បាន​ចំណេះ​ដឹង​ច្រើន​ពី​លោក​គ្រូ​​បង្ហាត់​នៅ​ទី​នោះ​ ហើយ​ឥឡូវ​នៅ​តែ​ហ្វឹកហាត់​រហូត»។

២-​បទ​ពិសោធន៍​គុន​ខ្មែរ​ ​ចាន់​ រតនា​ ធ្លាប់​បាន​ប្រកួត​ប្រដាល់​សេរី​បាន​រហូត​ដល់​៩០​ដង​ក្នុង​នោះ​ក៏​មាន​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផង​ដែរ។ ក្រៅ​ពី​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​លើ​សង្វៀន​ប្រដាល់​សេរី​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ កីឡាករ​រូប​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​ប្រដាល់​សេរី​ ប៉ុន្តែ​​បែរ​ជា​លេច​មុខ​ប្រកួត​ក្នុង​ស្ថាប័ន​អន្តរជាតិ​ One Championship កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៤។ ឆ្លង​កាត់​ការ​ប្រកួត​៣​លើក​​ក្នុង​កម្មវិធី​អន្តរជាតិ​​នេះ​ ចាន់ រតនា​ មិន​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ម្តង​ណា​ឡើយ​ដោយ​លើក​ទី​មួយ​ផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​ស៊ីធីអីន​ ប្រាក់ ចាន់ស៊ីន​ លើក​ទឹក​ទី​ពីរ​បាន​ផ្ដួល​ សំអាង ឌុន ប៉ុន្តែ​ត្រូវ​ប្រកាស​ឲ្យ​ចាញ់​ដោយ​សារ​គណៈកម្មការ​ប្រកួត​យល់​ឃើញ​ថា​ វាយ​ខុស​បច្ចេកទេស។ ទោះ​ជា​យ៉ាង​ណា​អ្នក​គាំទ្រ​ពេញ​ចិត្ត​លើ​ ចាន់ ​រតនា ​ជាង​ដោយ​យល់​ឃើញ​ថា សំអាង ឌុន​ធ្វើ​ពុត​ដើម្បី​បាន​ឈ្នះ។ ចំពោះ​ការ​ប្រកួត​លើក​ទី​៣​ ចាន់​ រតនា បាន​ផ្តួល​កីឡាករ​ហ្វីលីពីន​ក្នុង​ទឹក​ទី២។

៣-មូលដ្ឋាន​គ្រឹះ​ក្បាច់​យុទ្ធ​គុន​ខម​ ចាន់ រតនា​ ជា​កីឡាករ​ប្រដាល់​សេរី​មួយ​រូប​ដែល​មាន​ប្រភព​ដើម​ចេញ​ពី​ក្បាច់​គុន​បុរាណ​ខ្មែរ​គឺ​យុទ្ធ​គុន​ខម​ដែល​មាន​មូលដ្ឋាន​គ្រឹះ​វាយ​​លុក​លើ​ដៃ​គូ​ទាំង​ផ្នែក​លើ​ និង​ក្រោម។ ឪពុក​របស់​របស់​គេ​គឺ​លោក ចាន់ ប៊ុនធឿន​ ជា​គ្រូ​បង្ហាត់​ប្រដាល់​សេរី​ និង​យុទ្ធ​គុន​ខម​ដែល​បាន​ផ្ដល់​ឱកាស​ដល់​ ចាន់ រតនា​បាន​ហ្វឹកហាត់។ តាម​រយៈ​ការ​ចេះ​ក្បាច់​យុទ្ធ​គុន​ខម​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ឧស្សាហ៍​ប្រើ​ក្បាច់​ពិសេស​ប្លែក​ៗ​នៅ​លើ​សង្វៀន។ លើស​ពី​នេះ​ទៀត​ រនតនា​ ជា​គ្រូ​ក្បាច់​យុទ្ធ​គុន​ខម​នៅ​ក្លិប​ប្រដាល់​របស់​ឪពុក​ និង​បង្ហាត់-សម្តែង​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ក្លិប​ផ្ទាល់​ខ្លួន​ឈ្មោះ​«សិល្បៈ​»​ជិត​ផ្សារ​ចាស់​ទៀត​ផង ហើយ​ក៏​ធ្លាប់​ចេញ​ទៅ​សម្ដែង​យុទ្ធ​គុន​ខម​នៅ​ប្រទេស​បារាំង​ថែម​ទៀត។

៤-ចំណង់​ចិត្ត​វ៉ៃ​ MMA ​ ក្រោយ​បាត់​មុខ​ពី​​សង្វៀន​ប្រដាល់​សេរី​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ ចាន់ រតនា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ចង់​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​គុន​ចម្រុះ​ MMA​ ទាំង​កម្រិត​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​នៅ​ One Championship នៅ​ពេល​កម្មវិធី​នេះ​មក​រៀប​ចំ​លើក​ដំបូង​នៅ​ប្រទេស​កម្ពុជា។ ទី​បំផុត​បំណង​​ប្រាថ្នា​របស់​គេ​បាន​សម្រេច​ម៉េច​ ខណៈ​រូប​គេ​ត្រូវ​បាន​​ផ្គូផ្គង​ឲ្យ​ជួប​នឹង​កីឡាករ​កម្ពុជា​ដូច​គ្នា​គឺ​​ប្រាក់ ចាន់ស៊ីន មុន​ពេល​ប៉ះ​ សំអាង ឌុន ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤។ ចំណុច​នេះ​ហើយ​ជា​ច្រក​​ដើរ​ដំបូង​របស់ ​ចាន់ រតនា​ ឆ្ពោះ​ទៅ​រក​ការ​ប្រកួត​អន្តរជាតិ​ដែល​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន។

៥- ​​ស្នៀត​ប្រយុទ្ធ​ពិសេស​ៗ​​​​​ ចាន់​ រតនា​ ​ឧស្សាហ៍​បាន​ប្រើ​ស្នៀត​ប្រយុទ្ធ​ពិសេស​ៗ​ដើម្បី​សម្លាប់​ដៃ​គូ​ដែល​ជា​ចំណុច​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ក៏​ដូច​ជា​អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត។ ក្បាច់​ប្រយុទ្ធ​ដែល​កីឡាករ​រូប​នេះ​ព្យាយាម​ប្រើ​ជា​ញឹកញាប់​គឺ​ «​ច្រត់​ឥសី​ដែក​ឈាន​ ឬ​ហៅ​ជា​ទូទៅ​ថា «បែរ​ត្រឡប់​ធាក់​ក្រោយ)»​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា។ រតនា ប្រាប់​ថា ៖«​បើ​សិន​ធាក់​ចំ​ចំហៀង​ទ្រូង​ខាង​​ស្ដាំ​ដោយ​​ប្រអប់​ជើង​ពេញ​ អ្នក​ប្រដាល់​ខ្លាំង​យ៉ាង​ណា​ក៏​មិន​អាច​ស៊ូ​​បាន​ដែរ»។


បើ​និយាយ​ពី​កម្មវិធី​ One Championship វិញ​លោក​ Victor Cui នាយក​ប្រតិបត្តិ​ស្ថាប័ន​នេះ​បាន​ប្រកាស​ថា កីឡាករ​ណា​វ៉ៃ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​ពី​អ្នក​ទស្សនា​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​៥​ម៉ឺន​ដុល្លារ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ស្ថាប័ន​ប្រដាល់​អន្តរជាតិ​មួយ​នេះ​បាន​សរសើរ​ ចាន់ រតនា​ ថា វ៉ៃ​បាន​ល្អ​ពេល​ឈ្នះ​កីឡាករ​ហ្វីលីពីន៕

Post a Comment

 
Top