GuidePedia

0
អ្នកចាត់ការ​ក្រុម​ Chelsea លោក​ Jose Mourinho ​បាន​​ឆ្លើយតប​​បែប​ឌឺដង​ទៅ​​កាន់​​អ្នកគាំទ្រ​ក្រុម​ Arsenal ​ថា ការ​រង់ចាំ​លើក​ពាន​ Premier League ​អស់​រយៈពេល​១១​ឆ្នាំ​របស់​ពួកគេ​ ទើប​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់​បំផុត។


ការ​លើក​ឡើង​របស់​លោក​ Mourinho ​ខាង​លើ​នេះ គឺ​បន្ទាប់​ពី​ក្រុម​កាំភ្លើង​ធំ Arsenal ​ប៉ះ​គ្នា​ទល់​នឹង​តោ​ខៀវ Chelsea បាន​ត្រឹម​ស្មើ ០-០ ​កាល​ពី​យប់​មិញ ហើយ​អ្នកគាំទ្រ​ម្ចាស់​ផ្ទះ​នៅ​ Emirates Stadium ​យល់​ថា​ក្រុម​ភ្ញៀវ​របស់​លោក​ Mourinho លេង​ទម្រង់​ចត​ឡាន​ក្រុង ដោយ​អ្នកគាំទ្រ Arsenal ទាំង​នោះ បាន​ស្រែក​ចំអក​ឲ្យ​ថា “Boring, boring Chelsea”។

ចំណែក​ឯ​លោក​ Arsene Wenger ​ដែល​ជា​អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ ក៏​បាន​និយាយ​ដែរ​ថា Chelsea មក​លេង​នេះ គឺ​មក​ការពារ។

Mourinho ​ដែល​​​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​សោះ​ក្នុង​ជម្រើស​១១​នាក់​ដំបូង​កាល​ពី​យប់​មិញ​នោះ បាន​​លើក​ឡើង​ថា ១១​ឆ្នាំ​របស់​ Arsenal ដែល​​មិន​បាន​ឈ្នះ​ពាន​​ក្នុង​លីក​សោះ គឺ​ពិត​ជា​គួរ​ឲ្យ​ធុញ​ទ្រាន់។

លោក​បាន​និយាយ​ថា៖ “ខ្ញុំ​គិត​ថា ធុញទ្រាន់​ខ្លាំង​ណាស់ ១០ឆ្នាំ​មិន​ដែល​ឈ្នះ​ពាន​ក្នុង​លីក​សោះ ពិត​ជា​ធុញ​ទ្រាន់​ខ្លាំង​មែន។ អ្នកគាំទ្រ​​​ក្លិប​ ហើយ​អ្នក​រង់ចាំ ជា​ច្រើន​ឆ្នាំ​ដោយ​មិន​បាន​ឈ្នះ​ពាន​Premier League សោះ ដូច្នេះ​​នោះ​ពិត​ជា​រឿង​​ធុញ​ទ្រាន់​ខ្លាំង​ណាស់”។


ក្រុម​តោ​ខៀវ​ របស់​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ ​ដែល​មាន​រហស្សនាម​ថា “Special One” រូប​នេះ ត្រូវ​ការ​តែ​៥​ពិន្ទុ​ទៀត​ប៉ុណ្ណោះ នឹង​លើក​ពាន​ Premier League ​នៅ​រដូវ​កាល​នេះ៕

Post a Comment

 
Top