GuidePedia

0
ក្រោយ​ក្រុម Manchester United ​យក​ឈ្នះ Aston Villa ៣-១ កាល​ពី​ចុង​សប្ដាហ៍ ដែល​ធ្វើ​ឲ្យ​បិសាច​ក្រហម​ ឈ្នះ ៥​ប្រកួត​ជាប់ៗ​គ្នា​នៅ Premier League រួច​មក ​ខ្សែ​បម្រើ Juan Mata ​បាន​លើក​ឡើង​ថា ក្រុម​របស់​គេ នៅ​មាន​ការងារ​ធ្ងន់​ត្រូវ​ធ្វើ​បន្ត​ទៀត ពោល​គឺ​​ត្រូវ​គិត​ថា គ្រប់​ការ​ប្រកួត​ទាំង​អស់ ដូច​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ។


កីឡាករ​អេស្ប៉ាញ​ Mata ​បាន​ឡើង​ទម្រង់​លេង​ដល់​កម្រិត​កំពូល ​ចំ​ពេល​សំខាន់​​របស់​ក្រុម​ Man Utd នៅ​រដូវ​កាល​នេះ ដែល​ត្រូវ​ប្រកួត​ប្រជែង​ស្លាប់​រស់ ​ដើម្បី​ដណ្ដើម​កៅអី Champions League ​ដោយ​ប៉ះ​សុទ្ធ​តែ​​ក្រុម​ខ្លាំង​ភាគ​ច្រើន​នៅ​ចុង​រដូវ​កាល​នេះ ខណៈ​ដែល​បិសាច​ក្រហម គ្រោង​នឹង​ចាប់​យក​ចំណាត់​ថ្នាក់​លេខ​២​ឲ្យ​បាន។

​​​ខ្សែ​បម្រើ​វ័យ​២៦​ឆ្នាំ​រូប​នេះ បាន​​ប្រាប់​ដល់​ MUTV ​ថា៖ “​យើង​ចង់​បញ្ចប់​រដូវ​កាល​នូវ​ចំណុច​មួយ​ល្អ​បំផុត តាម​ដែល​អាច​ធ្វើ​បាន ហើយ​ខ្ញុំ​គិត​ថា​យើង​នឹង​អាច​ឈ្នះ​ការ​ប្រកួត​ច្រើន​ទៀត បើ​យើង​អាច​រក្សា​ទម្រង់​លេង​បាន​ល្អ​ ដូច​ពីរ​បី​​ប្រកួត​ចុង​ក្រោយ​នេះ”។

អតីត​តារា​ឆ្នើម​របស់​ក្រុម​ Chelsea ​​បាន​បន្ថែម​ថា៖ “យើង​នឹង​ត្រូវ​ប៉ះ​គូ​ប្រជែង​ធំ​ដូច​ជា Chelsea, City និង Arsenal ទៀត ដូច្នេះ​យើង​ត្រូវ​តែ​លេង​នៅ​កម្រិត​ល្អ​បំផុត​ ដើម្បី​យក​ឈ្នះ​ពួកគេ​បាន។ គ្រប់​ការ​ប្រកួត​ គឺជា​វគ្គ​ផ្ដាច់ព្រ័ត្រ យើង​ត្រូវ​តែ​ប្រយ័ត្ន​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដែល​នៅ​សល់។

ដូច្នេះ​ឥឡូវ​យើង​កំពុង​តែ​គិត​ពី​ការ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ (ប៉ះ Man City) និង​បន្ទាប់​មក យើង​នឹង​គិត​ប្រកួត​បន្ទាប់​ទៀត។ គ្រប់​ការ​ប្រកួត​ទាំង​អស់ គឺ​សំខាន់​បំផុត រហូត​ដល់​ចប់​រដូវ​កាល”។


បិសាច​ក្រហម Man Utd ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៣​ នឹង​ត្រូវ​ប៉ះ​ក្រុម​គូ​ប្រជែង​ធំ​នៅ​ក្នុង​ទី​ក្រុង ដូច​គ្នា (Manchester) ជើង​ឯក​ចាស់​ Manchester City ​ដែល​​ឈរ​នៅ​តំណែង​លេខ​៤ ខុស​គ្នា​តែ​១​ពិន្ទុ​ នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕

Post a Comment

 
Top