GuidePedia

0
អ្នក​ប្រដាល់​សាច់​ស​ល្អ​កែង​ សែន រ៉ាឌី ​បាន​ស្គាល់​​បរាជ័យ​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួត​​ក្នុង​​ស្រុក​នៅ​ពេល​ដែល​រូប​គេ​ត្រូវ​បាន​គណៈ​ចៅ​ក្រម​កាត់​សេចក្តី​ឲ្យ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ទាំង​ប្រផុតប្រផើយ​សម្រាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​កាល​ពី​យប់​មិញ។

សែន រ៉ាឌី (ក្រហម) និង​កីឡាករ​ថៃ (ខៀវ)​ប្រកួត​កន្លង​មក


នៅ​​ទឹក​ទី​១​ ជើង​ខ្លាំង​ឆ្លង​ដែន​ថៃ​ Chao Rite Lunchampachai បាន​ព្យាយាម​វាយ​លុក​លើ​ សែន រ៉ាឌី​ ដែល​​មាន​មា​ឌ​ទាប​ជាង​​​ខ្លួន​តាម​រយៈ​ការ​ទាត់​មួយ​ៗ។ ចូល​ទឹក​ទី​២​ សែន រ៉ាឌី​ បាន​ចាប់​ផ្តើម​វាយ​ចេញ​ដោយ​​ការ​​ទាត់​ ប៉ុន្តែ​មិន​អាច​ធ្វើ​អ្វី​បាន​លើ​កីឡាករ​ថៃ​ឡើយ។

ផ្ទុយ​ទៅ​វិញ​ Lunchampachai បាន​ព្យាយាម​ប្រើ​ជង្គង់​ផ្ទួន​ៗ​លើ​សែន​រ៉ាឌី​ដែល​មាន​ប្រៀប​តិច​តូច​​​រហូត​ចប់​ទឹក​ទី​៥។ សែន រ៉ាឌី ​បាន​ព្យាយាម​វាយ​កែង និង​កណ្តាប់​ដៃ​នៅ​ទឹក​ទី​៤ និង​ទី​៥ តែ​មិន​អាច​ធ្វើ​អ្វី​លើ​កីឡាករ​ថៃ​ម្នាក់​នេះ​​បានដដែល​។ ទី​បំផុត​ ចៅ​ក្រម​ទាំង​៥​រូប​កាត់​ក្តី​ឲ្យ ​សែន រ៉ាឌី​ ចាញ់​ដោយ​ពិន្ទុ។

នេះ​ជា​ការ​ប្រកួត​លើក​ទី​២​របស់​ សែន រ៉ាឌី​ ដែល​បាន​ចេញ​ប្រកួត​នៅ​ក្រៅ​សង្វៀន​អប្សរា​ ខណៈ​ការ​ប្រកួត​លើក​ទី​១​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ដែល​បាន​យក​ឈ្នះ​លើ​កីឡាករ​ថៃ។

ចាប់​តាំង​ពី​កីឡាករ​កម្ពុជា​ម្នាក់​នេះ​លេច​មុខ​ប្រកួត​រាជ​ធានី​ភ្នំពេញ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ អ្នក​ស្នេហា​ប្រដាល់​មិន​ធ្លាប់​បាន​ឃើញ សែន រ៉ាឌី​ រង​បរាជ័យ​ទេ។ ដូច្នេះ​អាច​ចាត់​ទុក​ថា​ នេះ​ជា​បរាជ័យ​ដំបូង​របស់​គេ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​ បើ​ទោះ​ជា​ប្រវត្តិ​ប្រកួត​របស់​គេ​ធ្លាប់​ចាញ់​ច្រើន​ក៏​ដោយ៕

Post a Comment

 
Top