GuidePedia

0
លទ្ធផល​គួរ​ជា​ទី​មោទនៈ​សម្រាប់​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​​ពី​យុទ្ធនាការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី​ជុំ​ទី​មួយ​កាល​ពី​ខែ​មុន​បាន​កើត​ឡើង​ដោយ​សារ​កម្លាំង​សាមគ្គី​ និង​ខិត​ខំ​ប្រឹង​ប្រែ​របស់​ក្រុម​ទាំង​មូល​ទើប​​បាន​ជា​ផ្តល់​ឱកាស​ឲ្យ​កម្ពុជា​ឆ្ពោះ​ទៅ​ដំណាក់​កាល​ទី​ពីរ​ជា​បន្ត​ទៀត។


ប៉ុន្តែ​មាន​កីឡាករ​បាល់ទាត់​កម្ពុជា​មួយ​ចំនួន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​មហា​ជន​ ក៏​ដូច​ជា​លេច​ធ្លោ​ជាង​គេ​នៅ​ដើម​ឆ្នាំ​២០១៥​នេះ។ Sabay សូម​បង្ហាញ​កីឡាករ​៥​រូប​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ដើម​ឆ្នាំ​២០១៥។

ទី១- ចាន់ វឌ្ឍនាកា


ចាន់ វឌ្ឍនាកា​ ជា​កីឡាករ​វ័យ​ក្មេង​លេច​ធ្លោ​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តាំង​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ឈ្នះ​ពាន​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ។ ឆ្នាំ​បន្ត​បន្ទាប់ ​កីឡាករ​ដែល​មាន​ដើម​កំណើត​ខេត្ត​កំពត​រូប​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ​គួរ​ឲ្យ​កត់​សំគាល់​ទាំង​នៅ​ក្រុម​ជម្រើស​ជាតិ​ និង​ក្រុម​បឹងកេត។ អ្វី​ដែល​ពិសេស​នោះ​នៅ​ឆ្នាំ​២០១៥​នេះ​ ចាន់ វឌ្ឍនាកា​ បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​ដោយ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឈ្នះ​ម៉ាកាវ​៣-០ ​ក្នុង​​ដី​ដែល​រូប​គេ​រក​បាន​២​គ្រាប់​ម្នាក់​ឯង។ លើស​ពី​នេះ​ទៀត​ នៅ​យុទ្ធនាការ​ជម្រុះ​ ​U-23 AFC Championship​ 2016​ ​កូន​ប្រុស​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត​រូប​នេះ​រក​បាន​២​គ្រាប់​នៅ​ពេល​កម្ពុជា​ឈ្នះ​ហ្វីលីពីន​៣-១។

ទី​២- ប្រាក់ មុន្នីឧត្តម


តារា​បាល់ទាត់​រូប​សង្ហា​ ​ប្រាក់ មុន្នីឧត្តម​​ក៏​មិន​ធម្មតា​ដែរ​សម្រាប់​​ដើម​ឆ្នាំ​​២០១៥​នេះ​ដោយ​រូប​គេ​បាន​​ជួយ​ក្រុម​ខេត្ត​ស្វាយរៀង​ឈ្នះ​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន ឆ្នាំ​២០១៥​ និង​ជួយ​ក្រុម​កម្ពុជា​បាន​ឆ្លង​ទៅ​ជុំ​ទី​ពីរ​នៃ​យុទ្ធនាការ​ជម្រុះ World Cup ឆ្នាំ​២០១៨។ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​សម្រាប់​ព្រឹត្តិការណ៍​ Hun Sen Cup ឆ្នាំ​២០១៥​ ស្រប​ពេល​ក្រុម​របស់​គេ​ឈ្នះ​ពាន​នេះ។ ថ្វី​ត្បិត​នៅ​ឈុត​ធំ​ជម្រើស​ជាតិ​កម្ពុជា​ ប្រាក់ មុន្នីឧត្តម​មិន​ទម្លាយ​សំណាញ់​ទី​របស់​ម៉ាកាវ ប៉ុន្តែ​រូប​គេ​ដើរ​តួនាទី​ដ៏​សំខាន់​ផង​ដែរ។ អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ទៀត​នោះ​គឺ​នៅ​ពេល​កីឡាករ​រូប​នេះ​ទាត់​បាល់​ហ្វ្រីឃីក​​ចូល​ទី​ម្ចាស់​ផ្ទះ​ថៃ​បាន​យ៉ាង​ល្អ​នៅ​ពេល​ U-22 កម្ពុជា​ចាញ់​ថៃ​២-១ នៃ​យុទ្ធនាការ​ជម្រុះ​ U-23 AFC Championship​ 2016 ស្រប​ពេល​ដែល​រូប​គេ​ដើរ​តួនាទី​ជា​ប្រធាន​ក្រុម។

ទី​៣-ឃួន ឡាបូរ៉ាវី


ថ្វី​ត្បិត​វ័យ​កាន់​តែ​ច្រើន​ និង​មាន​ប្រពន្ធ​កូន​ដែល​ខុស​ពី​ ចាន់​ វឌ្ឍនាកា និង​ប្រាក់ មុន្នីឧត្តម​ដែល​នៅ​លីវ ក៏​ឃួន ឡាបូរ៉ាវី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ និង​លេច​ធ្លោ​ដែរ​សម្រាប់​ដើម​ឆ្នាំ​២០១៥​នេះ។ ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ក្លិប​​បឹងកេត​អង្គរ​រូប​នេះ​បាន​ទម្លាយ​សំណាញ់​ទី​របស់​ម៉ាកាវ​បាន​១​គ្រាប់​នៅ​ពេល​ក្រុម​កម្ពុជា​បាន​ឈ្នះ​ក្នុង​ដី​ខ្លួន​ឯង​ដោយ​លទ្ធផល​ ៣-០ និង​បាន​ជួយ​ឲ្យ​ក្រុម​កម្ពុជា​ស្មើ​ម៉ាកាវ​​១-១នៅ​លើ​ទឹក​ដី​របស់​ម៉ាកាវ។ សម្រាប់​ការ​ប្រកួត​របស់​ឈុត​ធំ​កម្ពុជា​ ឡាបូរ៉ាវី​បាន​បំពេញ​ភារកិច្ច​ជា​ប្រធាន​ក្រុម​ថែម​ទៀត។

ទី​៤- ធារី ចន្ថាប៊ីន


ធារី ចន្ថាប៊ីន​មិន​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​ទេ​នៅ​ពេល​ក្រុម​កម្ពុជា​​បាន​យក​ឈ្នះ​ម៉ាកាវ​៣-០ នៅ​ក្នុង​ដី​របស់​ខ្លួន​ ប៉ុន្តែ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​នៅ​ពេល​ក្រុម​កម្ពុជា​​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​ម៉ាកាវ​វិញ​ម្តង។ នៅ​ទឹក​​ដី​ម៉ាកាវ​ដែល​មាន​អ្នក​គាំទ្រ​កម្ពុជា​តិចតួច​​ ​តារា​រូប​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​ចាប់​អារម្មណ៍​ខ្លាំង។ កីឡាករ​កូន​កាត់​ខ្មែរ-បារាំង​ម្នាក់​នេះ​បាន​ទាត់​បាល់​ហ្វ្រីឃីក​ចូល​ទី​ម៉ាកាវ​យ៉ាង​ល្អ​​នៅ​លើ​ទឹក​ដី​របស់​ម្ចាស់​ផ្ទះ​ ប៉ុន្តែ​ចប់​ការ​ប្រកួត​កម្ពុជា​ស្មើ​ម្ចាស់​ផ្ទះ​ម៉ាកាវ​១-១។ បន្ទាប់​ពី​ចប់​ការ​ប្រកួត សមាជិក​ភ្នំពេញ​ក្រោន​រូប​នេះ​បាន​​រៀប​រាប់​ថា ៖«យើង​ធ្វើ​បាន​ហើយ​ ប្រវត្តិ​សាស្ត្រ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​ខ្មែរ។ សម្រាប់​ខ្ញុំ​ នេះ​ជា​ពេល​ដ៏​ពិសេស​បំផុត ហើយ​ជា​ការ​ប្រកួត​ដំបូង​របស់​ខ្ញុំ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ឈុត​ធំ និង​ជា​គ្រាប់​បាល់​​ដ៏​​រំភើប​បំផុត​ទី​មួយ​ដែល​​រយៈ​ពេល​៣​ឆ្នាំ​ហើយ​ដែល​ ខ្ញុំ​មិន​ធ្លាប់​ទាត់​ហ្វ្រីឃីក​ចូល​ទី​​ឡើយ»។

ទី​៥- អ៊ំ សិរីរ័ត្ន​


ពី​មុន​អ្នក​គាំទ្រ​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​សូវ​ស្គាល់​មុខ​ និង​ចាប់​អារម្មណ៍​​អ្នក​ចាំ​ទី​របស់​ក្លិប​ក្រសួង​ការពារ​ជាតិ​ អ៊ំ សិរីរ័ត្ន​ឡើយ។ ទើប​តែ​ដើម​ឆ្នាំ​​២០១៥​នេះ​ទេ​ដែល​មហាជន​ជា​អ្នក​ស្នេហា​វិស័យ​បាល់ទាត់​ខ្មែរ​ចាប់​អារម្មណ៍​នឹង​រូប​គេ​នោះ។ អ្នក​ចាំ​ទី​វ័យ​ក្មេង​រូប​នេះ​​បាន​ស្នង​តំណែង​របស់​បង​ប្រុស​គឺ អ៊ំ ​វិចិត្រ​សម្រាប់​ក្រុម​ទ័ព​ និង​ជម្រើស​ជាតិ​កម្ពុជា។ អ្នក​គាំទ្រ​ខ្មែរ​ស្ទើរ​តែ​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ជ្រើសរើស​យក​រូប​គេ​ជា​ជម្រើស​ទី​មួយ​ទាំង​ឈុត​ធំ​ និង​ឈុត​U-22 កម្ពុជា​សម្រាប់​យុទ្ធនាការ​ជម្រុះ​ World Cup 2018 និង​ U-23 AFC Championship​ 2016។ ការ​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ទាំង​ឈុត​ធំ និង​ឈុត​U-22 កម្ពុជា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រូប​គេ​ត្រូវ​បាន​មហា​ជន​ស្គាល់​ច្រើន​នោះ៕

Post a Comment

 
Top