GuidePedia

0
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានចេញសេចក្តី ប្រកាសជាផ្លូវការនៃការប្រកួតកីឡាភ្នំពេញអន្តរជាតិ ឌូអាត្លុង (Duathlon) ពានរង្វាន់សម្តេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះនៅមជ្ឈមណ្ឌល សន្និបាត ពិព័រណ៍កោះពេជ្រ ។


លោកអគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ងិន សុខបញ្ញា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នៃការប្រកួត កីឡាភ្នំពេញអន្តរជាតិ ឌូអាត្លុង ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៥ លើកទី៤ នេះដោយសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជាសហការជាមួយក្រសួងព័ត៌មាន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំយុវជន និងកីឡា និង សហព័ន្ធខ្មែរកីឡាទោចក្រយានយន្ត ក្នុងការអបអរសាទរទិវាកុមារអន្តរជាតិទៀតផង ។

ក្នុងការប្រកួតនោះដែរ លោកបានដាក់វិញ្ញាសាមួយទៀត គឺរត់ប្រណាំង ដើម្បីផ្តល់ឱកាសឲ្យអ្នកដែលមិនមាន សមត្ថភាពចូលរួមក្នុងប្រភេទកីឡាឌូអាត្លុង (រត់+ជិះកង់+រត់) នេះ ។

លោកបានបន្តថា វិញ្ញាសាដែលត្រូវដាក់ឲ្យប្រកួតរួមមាន វិញ្ញាសាអាយុក្រោម១៨ឆ្នាំ ផ្នែកបុរស-នារី និងអាយុ៤១ ឆ្នាំឡើងទៅ ផ្នែកបុរសរត់ចម្ងាយ ២.៥ គ.ម (១ជុំតូច), ជិះកង់ចម្ងាយ ១០គ.ម (៣ជុំធំ) និងរត់ចម្ងាយ ២.៥ គ.ម (១ជុំតូច) ។ អាយុ ១៨-៤០ឆ្នាំ បុរស-នារី រត់ចម្ងាយ ៥គ.ម (២ជុំតូច), ជិះកង់ចម្ងាយ ២០គ.ម (៦ជុំធំ) និងរត់ ចម្ងាយ ២.៥ គ.ម (១ជុំតូច) ។


សូមបញ្ជាក់ថា តម្លៃចុះឈ្មោះចូលរួមការប្រកួតសម្រាប់ជនជាតិខ្មែរតម្លៃ១ម៉ឺនរៀល និងជនបរទេសតម្លៃ៤ម៉ឺនរៀល ទទួលបានអាហារ និងភេសជ្ជៈ ។ ចាប់ទទួល ពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅនៅទីស្នាក់ការសហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជា សហព័ន្ធខ្មែរកីឡាទោចក្រយានយន្ត នៅក្នុងអាគារ គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា (NOCC) និងហាង កង់ Giant រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ៕

Post a Comment

 
Top