GuidePedia

0
ក្រោយផ្អាកការប្រកួតក្បាច់គុនបុរាណខ្មែរ ដណ្ដើមខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ រវាងកីឡាករជើង ខ្លាំងកម្ពុជា-ថៃចំនួន៨រូប នៅលើសង្វៀនបាយ័ន ស្ទឹងមានជ័យអស់មួយរយៈពេលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ ឆ្នាំ២០១៥ កាលពីពេលថ្មីៗកន្លងមកនោះ នៅថ្ងៃទី២៦ ខែមេសាចុងសប្ដាហ៍នេះ ការប្រកួតនឹងចាប់ផ្ដើមវិញ ហើយ ដោយមានអ្នកលេងជួរមុខកម្ពុជា២រូប រួមមានកីឡាករ កែវ រំចង់ និង ឡុង សុភី ត្រូវជួបប្រកួតសន្សំពិន្ទុជា មួយកីឡាករថៃ ប្រចាំសប្ដាហ៍ទី៣ ។


ឆ្លងកាត់ការប្រកួត ២សប្ដាហ៍កន្លងមក សម្រាប់អ្នកលេងកម្លាំងយក្ស កែវ រំចង់ ជាកីឡាករម្នាក់គត់ដែលលេចធ្លោរជាង គេ ក្នុងចំណោមជើងខ្លាំងទាំង៨រូប ដោយ ២ប្រកួត ឈ្នះទាំងអស់រកបាន៦ពិន្ទុតែម្ដង ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៣ នាចុងសប្ដាហ៍នេះ កែវ រំចង់ មានសង្ឃឹម ច្រើន ក្នុងការ ដណ្ដើម៣ពិន្ទុពេលជួបកីឡាករ Singhathorngnoy របស់ថៃ ។

បច្ចុប្បន្ន កែវ រំចង់ ទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រវិស័យកីឡាប្រដាល់កម្ពុជា បន្ទាប់ពីគេប្រើបច្ចេកទេសប្រកួតល្អជាងមុន ពោលគឺមិន ចេះ តែវាយផ្ដេសផ្ដាសឲ្យខាតកម្លាំងឡើយ ហើយសម្រាប់ជំនួបជាមួយកីឡាករថៃ Singhathorngnoy ប្រចាំសប្ដាហ៍ទី៣នេះវិញ រំចង់ ក៏មានប្រៀបអាចបន្ដយក ឈ្នះមួយប្រកួត ទៀតក៏ថាបាន ។

អ្នកវិភាគវិស័យកីឡាប្រដាល់ជាតិបានអះអាងថា ជំនួបជាមួយកីឡាករ Singhathorngnoy របស់ថៃលើកនេះ រំចង់ មានប្រៀបជាងច្រើន ដូច្នេះប្រសិនបើ រំចង់ ប្រើស្នៀតប្រកួតបានល្អដូចមួយរយៈពេលចុងក្រោយនេះ គេនឹងឈ្នះទៀត ព្រោះបើប្រៀបធៀបកម្លាំង Singhathorngnoy មិនអាចយកឈ្នះ កែវ រំចង់ បាននោះ ទេ ហើយបច្ចុប្បន្នកីឡាករថៃរូបនេះទើបរកបាន៤ពិន្ទុក្នុងដៃប៉ុណ្ណោះ ។

ចំណែកកីឡាករ ឡុង សុភី ត្រូវជួបប្រកួតជាមួយកីឡាករថៃ Sarm Dieng ក្នុងសប្ដាហ៍ទី៣ដូចគ្នា ហើយក៏មាន៤ពិន្ទុ ក្នុងដៃស្មើគ្នាផងដែរ ។ ការប្រកួតនេះ ឡុង សុភី មិនដឹងថាអាចទប់ទល់បានឬក៏អត់នោះទេ ព្រោះមួយរយៈពេលចុងក្រោយនេះ សុភី ហាក់វាយអន់ជាងមុនឆ្ងាយណាស់ ស្របពេលកីឡាករ Sarm Dieng មានស្នៀតប្រើជើងទាត់កញ្ចឹងកមួយយ៉ាងល្អ ប្រសិនបើ ឡុង សុភី ប្រហែសតែបន្ដិច ច្បាស់ជាត្រូវដេកស្អាតជាមិនខាន ។ ហេតុដូច្នេះ ការប្រកួតសន្សំពិន្ទុ រវាង កីឡាករទាំងពីរ ប្រហែលជាល្អមើលគ្រាន់បើ ព្រោះម្ខាងល្អជង្គង់ (ឡុង សុភី) រីឯម្ខាងទៀត ល្អប្រើជើងទាត់ផ្កាប់ចាន (Sarm Dieng) ៕

Post a Comment

 
Top