GuidePedia

0
ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដើម្បីដណ្ដើមខ្សែក្រវាត់ស្រាបៀរ Black Panther បានឈានដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ (វគ្គ១/២) ហើយ ដែល នឹងធ្វើឡើងនៅទឹកដីខេត្តកំពង់ធំ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៥នេះ ដើម្បីស្វែងរកកីឡាករជើងខ្លាំង ២រូបឡើងមកប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអ្នកគ្រប់គ្រងកម្មវិធីខាងលើ បានថ្លែងឲ្យដឹងថា បន្ទាប់ពីធ្វើការប្រកួត ជម្រុះតាមពូល តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងចំណោមកីឡាករចូលរួមទាំង៨រូប យើងបានរកឃើញអ្នកមានសមត្ថភាព ៤រូប ដើម្បីធ្វើការប្រកួតវគ្គ ១/២ ផ្ដាច់ ព្រ័ត្រនាល្ងាចថ្ងៃទី០៤ មេសាស្អែកនេះ ក្នុងនោះមានកីឡាករ ទេស សំខាន់ ត្រូវប្រកួតជាមួយកីឡាករ ហ៊ឹម សារ៉ាន់ រីឯកីឡាករ ឈិន ក្វាន់ង៉ុយ ត្រូវជួបកីឡាករ តក់ សោភ័ណ្ឌ ។ ប៉ុន្ដែក្នុងឱកាសនោះ ក៏មានការបន្ថែមគូពិសេស ៥គូផ្សេងទៀតដែរ ដើម្បីធ្វើឲ្យព្រឹត្តិការណ៍នេះកាន់តែអស្ចារ្យថែមទៀត ។

ទេស សំខាន់ ក្នុងការប្រកួតជម្រុះតាមពូល គេជាប់លេខ១ក្នុងពូល A ដោយរកបាន៩ពិន្ទុពេញ សម្រាប់៣ប្រកួតរបស់គេ ខណៈ ហ៊ឹម សារ៉ាន់ ចាញ់មួយប្រកួត ក្នុង ពូល B ធ្វើឲ្យគេឈរនៅលេខរៀងទី២ ដែលរកបាន៧ពិន្ទុ ។ អ្នកទាំងពីរត្រូវជួបគ្នាក្នុងវគ្គខ្វែងពូលនេះ ប្រសិនបើកីឡាករ រូបណាចាញ់នោះ គឺគ្មានឱកាសឡើងទៅ វាយ វគ្គ ផ្ដាច់ព្រ័ត្រ ប៉ុន្ដែនៅមានឱកាសដណ្ដើមចំណាត់ថ្នាក់លេខ៣ ។

រីឯកីឡាករ ឈិន ក្វាន់ង៉ុយ អតីតម្ចាស់ខ្សែ Black Panther រដូវកាលទី១ ហើយក៏ជាជើងខ្លាំងប្រចាំពូល B សម្រាប់រដូវកាលថ្មីផងនោះ ដោយគេរកបាន ៩ពិន្ទុ ពេញ ដូច កីឡាករ ទេស សំខាន់ ដែរ ។ ប៉ុន្ដែជំនួបវគ្គ ១/២ ផ្ដាច់ព្រ័ត្រល្ងាចនេះ គេប្រហែលជាមិនសូវព្រួយបារម្ភប៉ុន្មានឡើយ ដោយដៃគូរបស់ ឈិន ក្វាន់ង៉ុយ គឺកីឡាករ តក់ សោភ័ណ្ឌ ធ្លាប់ត្រូវបាន ក្វាន់ង៉ុយ ផ្ដួលឲ្យសន្លប់ត្រឹមទឹកទី៣ ដើម្បីឈ្នះខ្សែក្រវាត់ Black Panther កាលពីឆ្នាំ២០១៤ កន្លងទៅម្ដងរួចមកហើយ ។

លោក វ៉ាត់ ចំរើន បានបន្ដថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលសម្រេចឲ្យកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បង្កើតព្រឹត្តិការណ៍ប្រដាល់ក្បាច់គុនបុរាណខ្មែរនេះឡើង ដើម្បីផ្សព្វផ្សាយអំពីយុទ្ធនាការ ដំណើរឆ្ពោះទៅ SEA Games ឆ្នាំ២០២៣ ហើយគប្បីឲ្យប្រជាពលរដ្ឋម្នាក់ ត្រូវហាត់កីឡាឲ្យចេះបានមួយមុខ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតស្វែងរកមេដាយជូនប្រទេសកម្ពុជាក្នុងព្រឹត្តិការណ៍ ប្រចាំតំបន់ដ៏ធំមួយនេះ ៕

Post a Comment

 
Top