GuidePedia

0
អ្នក​លេង​កណ្តាប់​ដៃ​ឥត​ស្រមោល​ ម៉ឺន សុភា​​ សោក​ស្តាយ​មិន​ស្ទើរ​ទេ​នៅ​ពេល​ចៅ​ក្រម​ទាំង​៥​រូប​កាត់​សេចក្តី​ឲ្យ​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ​ Singha Thorngnoy ​ខណៈ​កូន​នាគ​លេង​កែង​ឆេះ​ វង្ស ណយ ​រក​បាន​៣​ពិន្ទុ​យ៉ាង​ស្រួល​ពី​កីឡាករ​ថៃ​ Sam San Sor Samphong ​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ខ្សែ​ក្រវាត់​ខារ៉ាបាវ​នៅ​សង្វៀន​បាយ័ន​កាល​ពី​យប់​​មិញ។


ការ​ប្រកួត​រវាង​ជើង​ខ្លាំង​កម្ពុជា​ ម៉ឺន សុភា​ និង Singha Thorngnoy ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា​យ៉ាង​ច្រើន​កុះករ​ដោយ​សារ​អ្នក​ប្រដាល់​កម្ពុជា ម៉ឺន សុភា​ ដែល​ល្បី​ខាង​ប្រើ​កណ្តាប់​ដៃ​បាន​ព្យាយាម​វាយ​សម្រុក​ទាំង​៥​ទឹក​ពេញ។

ចាប់​ផ្តើម​ទឹក​ទី​១​សុភា​បាន​​ទាត់​ជើង​ក្រោម​ជា​ញឹកញាប់​ ខណៈ​កីឡាករ​ថៃ​ព្យាយាម​ទាត់​លើ​ដង​ខ្លួន។ ទឹក​ទី​៣​ដល់​ទី​៥ សុភា​ បាន​​​ប្រើ​កណ្តាប់​ដៃ​ផ្ទួន​ៗ​ ទោះ​ជា​ត្រូវ​ខ្លះ​ ខុស​ខ្លះ​ក៏​ដោយ ក៏​មើល​ទៅ​សុភា​ហាក់​មាន​ប្រៀប​​ជាង​តិច​តូច ប៉ុន្តែ​ ​Singha បាន​​ទាត់​កន្តៀត​ក្អម​សុភាគួរ​ឲ្យ​​កត់​សំគាល់​ដែរ។ ឆ្លង​កាត់​ទាំង​៥​ទឹក​ដ៏​ស្វិតស្វាញ​​ អ្នក​ទស្សនា​រំពឹង​ទុក​ថា ម៉ឺន សុភា​ នឹង​បាន​៣​ពិន្ទុ ប៉ុន្តែ​លទ្ធផល​បែរ​ជា​ខក​ចិត្ត​ដោយ​សារ​ចៅ​ក្រម​កាត់​ឲ្យ​ចាញ់​ពិន្ទុ។

ចំពោះ​កូន​នាគ​លេង​កែង វង្ស ណយ ​វិញ​ទទួល​បាន​៣​ពិន្ទុ​យ៉ាង​ស្រួល។ ​ទោះ​បី​ជា​មិន​បាន​វាយ​ដៃ​គូ​ឲ្យ​សន្លប់​ក៏​ដោយ​ ក៏​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​បាន​វាយ​សន្ធាប់​ទាំង​៥​ទឹក​តាម​រយៈ​ជង្គង់​ហោះ​ផ្ទួន​ៗ​លើ​ពោះ​របស់​កីឡាករ​ថៃ​ ហើយ​ក៏​ថែម​កណ្តាប់​ដៃ​ និង​រន្ទះ​កែង​​គួរ​ឲ្យ​កត់​សំគាល់​ផង​ដែរ។ ចំណែក Sam San Sor Samphong បាន​ត្រឹម​តែ​ការពារ​ខ្លួន ដក​ថយ និង​វាយ​ចេញ​កណ្តាប់​ដៃ​បាន​តិច​តូច​ប៉ុណ្ណោះ។ លទ្ធផល វង្ស ណយ​បាន​៣​ពិន្ទុ​យ៉ាង​ស្រួល​សម្រាប់​ការ​ប្រកួត​ទី​មួយ​របស់​ខ្លួន៕

Post a Comment

 
Top