GuidePedia

0
អ្នក​ប្រដាល់​​ជួរ​មុខ​កម្ពុជា​ កែវ​ រំចង់ ​រក​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ​កាល​ពី​យប់​មិញ​ដោយ​រូប​គេ​ធ្វើ​បាន​សម្រេច​ដូច​ការ​អះអាង​ប្រាប់​ Sabay ថា​នឹង​លះ​បង់​ភាព​ឆេវឆាវ​​ឲ្យ​បាន​១០០​%​ ហើយ​វាយ​តាម​បច្ចេកទេស​​ពេល​ប្រកួត​ខ្សែ​ក្រវាត់។


វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​សម្រាប់​អ្នក​ទាប​វាយ​​​អ្នក​ខ្ពស់​ ប៉ុន្តែ​ កែវ រំចង់ បាន​​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ និង​អ្នក​គាំទ្រ​ជឿ​ទុក​ចិត្ត​១០០​%​នៅ​ពេល​រូប​គេ​ប្រើ​បច្ចេកទេស​​វាយ​ផ្តួល​ជើង​ខ្លាំង​ថៃ​​កម្ពស់​ខ្ពស់​​​ Rareung Lukchampachai រហូត​ស្ទើរ​​សន្លប់​ទៅ​ហើយ​ដើម្បី​បាន​៣​ពិន្ទុ​កាន់​ក្នុង​ដៃ​សម្រាប់​ការ​ប្រកួត​ទី​មួយ​របស់​ខ្លួន។

នៅ​ចាំ​បាន​ថា​ Rareung ​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​ឡើយ​សម្រាប់​ការ​ប្រកួត​៣​លើក​នៅ​កម្ពុជា​ដោយ​​ផ្តួល​ ឯម​ ខ្លឹមខ្មៅ​ និង ឡុង សុភី​ បាន​យ៉ាង​ស្រួល​ និង​ស្មើ​ពិន្ទុ​ ពេជ្រ សីហា​ ប៉ុន្តែ​ប៉ះ​​ កែវ រំចង់ ​ពិត​ជាពិបាក​មែន​ដោយ​​មិន​អាច​ប្រើ​ជង្គង់​​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ​ការ​ប្រកួត​ទាំង​៥​ទឹក​ពេញ​ជើង​ខ្លាំង​កម្ពុជា​រូប​នេះ​វាយ​សន្ធាប់​ទាំង​ស្រុង​ដែល​ជើង​ខ្លាំង​ថៃ​ស្ទើរ​តែ​ដួល​សន្លប់​ម្តង​ៗ​ទៅ​ហើយ។ អ្វី​ដែល​ពិសេស​ទៀត​នេះ ចុង​ទឹក​ទី​៥​ កែវ រំចង់​ បាន​ប្រើ​ស្នៀត​ទាត់​នាគ​វាត់​កន្ទុយ​ចំ​ពេញ​ទៅ​លើ​ផ្ទៃ​មុខ​ Rareung​ ថែម​ទៀត។


ចំណែក​គូ​បើក​ឆាក​ ឡុង សុភី​ បរាជ័យ​ក្រោម​ថ្វី​ជើង​ខ្លាំង​ថៃ​ Tilek Pithak ​ដោយ​បាត់​បង់​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​លើក​ទី​មួយ​របស់​ខ្លួន។ ជើង​ខ្លាំង​កម្ពុជា​ដែល​គេ​ស្គាល់​ថា​ ពូកែ​ប្រើ​ជង្គង់​នោះ​ បែរ​ជា​ទទួល​រង​បរាជ័យ​ដោយ​សារ​ជង្គង់​របស់​កីឡាករ​ថៃ​ ហើយ​គ្រាន់​តែ​គេ​បោក​ផ្តួល​ក៏​ស្ទើរ​សន្លប់​ដែរ​​ព្រោះ​តែ​ហាត់​មិន​ដិត​ដល់៕

Post a Comment

 
Top