GuidePedia

0
ព្រឹត្តិការណ៍ប្រកួតក្បាច់គុនបុរាណខ្មែរ ជាលក្ខណៈមិត្តភាពអន្តរជាតិ ក្នុងកម្មវិធីប្រដាល់ ស្រាបៀរកម្ពុជានា ល្ងាចថ្ងៃអាទិត្យ ទី០៨ ខែមីនាខាងមុខនេះនៅលើ សង្វៀនទូរទស្សន៍ SEA-TV ដោយមានអ្នកប្រដាល់ កំពែងខ្មៅ សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ប៉ះអ្នកប្រដាល់ថៃម្ចាស់ខ្សែក្រវាត់ PA KAV PHIT ប្រភេទទម្ងន់៥៤គ.ក្រ ខណៈ ឡុង សុវណ្ណឌឿន ក្លឹបសាលវ័ន្តកីឡា ជួបថៃដូចគ្នា BO VI ក្នុងប្រភេទទម្ងន់៦៩គ.ក្រ ។


តាមការឲ្យដឹងពីអ្នកផ្គូផ្គងសង្វៀននៅ SEA-TV ថា អ្នកប្រដាល់ថៃទាំង២ខាងលើមិនធ្លាប់មកប្រកួតនៅស្រុកខ្មែរនោះ ទេ ប៉ុន្តែកំពែងខ្មៅធ្លាប់ទៅប្រកួតនៅ ថៃ២ដងដែរ ដោយឈ្នះទាំងពីរដង និងលើកទី១ វាយថៃឲ្យសន្លប់ក្នុងទឹកទី១ និងលើកទី២គេវាយឈ្នះថៃដោយពិន្ទុ ។

អ្នកប្រដាល់រូបនេះជាកំពូលអ្នកប្រដាល់វាយប្ដូរតែម្ដង ហើយលើសង្វៀនគេមិនដែលទុកឱកាសឲ្យគូប្រកួតឈរដកដង្ហើមបានស្រួលនោះទេ គឺវាយលុករហូត បើនរណាហ៊ានតែធ្វើឲ្យគេឈឺសាច់នោះ គេតាមវាយសងវិញទាំងកំហឹងតែម្តង ។

រីឯ ឡុង សុវណ្ណឌឿន មកពីក្លឹបសាលវ័ន្តកីឡាវិញ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ BO VI ក្នុងទម្ងន់៦៩គីឡូក្រាម ។ តាមអ្នកគ្រប់គ្រងកម្មវិធី កីឡាប្រចាំ សង្វៀន ទូរទស្សន៍ អាស៊ីអាគ្នេយ៍បានឲ្យដឹងថា BO VI នេះខ្លាំងគួរសមដែរ ហើយ ថៃម្នាក់នេះរឹងមាំវាយមិនស្រុតកម្លាំងនោះឡើយ ហើយថែមទាំងខ្ពស់ជាង សុវណ្ណឌឿន បន្តិចផង ។ សម្រាប់អ្នកស្គាល់ ប្រវត្តិកីឡាករតាមរយៈប្រកួតតាមប៉ុស្តិ៍ថៃនោះ សុវណ្ណឌឿន ពិតជាលំបាកយកឈ្នះណាស់ ។


យ៉ាងណាមិញអ្នកប្រដាល់ រិទ្ធ កៅ ក្លឹបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ប្រកួតនឹងអ្នកប្រដាល់ សុខ ទូ ក្លឹបឃ្លាំងមឿងកីឡា ខេត្តពោធិ៍សាត់ និងអ្នកប្រដាល់ ឃឹម សាវ៉េត ប៉ះអ្នកប្រដាល់ ចាន់ ស៊ីណាត ក្លឹបនិរោធមានជ័យ ៕

Post a Comment

 
Top