GuidePedia

0
អ្នកប្រដាល់ជើងខ្លាំងថៃ២នាក់ នឹងឆ្លងដែនមកប្រកួត ជាមួយជើងខ្លាំងកម្ពុជា គឺកីឡាករ សែន រ៉ាឌី ក្លឹបអប្សរាគុនខ្មែរ និង សៀវ ង៉ុយ ក្លឹបកីឡាក្រសួងការពារជាតិ ខណៈអ្នកប្រដាល់មកពីប្រទេស ប៊ុលហ្គារី ជួបជាមួយឡៅ ស៊ីណាត ជើងខ្លាំងក្លឹបកងទ័ពឆ័ត្រយោង៩១១ លើសង្វៀន SEA-TV នាព្រឹកថ្ងៃអាទិត្យទី១៥ មីនា ឆ្នាំ ២០១៥។


អ្នកប្រដាល់ថៃ Ta Wijit ជួបប្រកួតជាមួយ សែន រ៉ាឌី ក្នុងទម្ងន់៥៧គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ ជាអ្នកប្រដាល់ថ្មី ពុំធ្លាប់ដែលមកប្រកួត នៅភ្នំពេញម្តង ណាឡើយ នាពេលកន្លងមក។ សែន រ៉ាឌី ជាម្ចាស់ខ្សែក្រវាត់ និងធ្លាប់ទៅប្រកួតនៅប្រទេសថៃ បានវាយឈ្នះ កីឡាករច្រើននាក់មកហើយ ទាំងមិត្តរួមជាតិ និងបរទេស។ ចំណែកអ្នកប្រដាល់ថៃ Ta Wijit មានកំណត់ត្រា ប្រកួតច្រើនជាង រ៉ាឌី ទៅទៀត គឺប្រកួត៦៥ដង ឈ្នះ៥៥ដង ចាញ់៩ដង និង ស្មើពិន្ទុ១ដង និងជាជើងខ្លាំងមួយរូបនៅក្នុងប្រទេសថៃផងដែរ។

ទោះជាយ៉ាងណា សែន រ៉ាឌី ជើងខ្លាំង របស់កម្ពុជា ធ្លាប់បំបាក់កីឡាករថៃ អស់ប្រមាណជាងដប់នាក់មកហើយ ។ ម្យ៉ាងទៀតកាលពីចុងឆ្នាំ២០១៤ កន្លងមកនេះ សែន រ៉ាឌី បានការពារខ្សែក្រវាត់CBFបានដោយជោគជ័យ ដោយវាយឈ្នះThang Bamg អ្នកប្រដាល់ឡាវ ដែលមកដណ្តើម ដោយពិន្ទុ។ ជាមួយគ្នានេះ រ៉ាឌី ក៏បានឈ្នះខ្សែក្រវាត់១ ពីប្រទេសបារាំងមកថែមទៀត។

ចំពោះអ្នកប្រដាល់ថៃ Sohee Been ជួបប្រកួតជាមួយ សៀវ ង៉ុយ ក្នុងទម្ងន់៥៤គ.ក្រ។ អ្នកប្រដាល់ថៃរូបនេះ ជាជើងខ្លាំងនៅថៃមួយរូបដែរ សម្រាប់ សៀវ ង៉ុយ អ្នកប្រដាល់កម្ពុជា គឺជាលើកទី៤ហើយ ដែលឡើងប្រកួតជាមួយថៃ។ សៀវ ង៉ុយ មានប្រវត្តិប្រកួតចំនួន៧៣ដង ឈ្នះ៥៨ដង ចាញ់១០ដង និងស្មើ៥ដង។ អ្នកប្រដាល់ថៃ មានកម្ពស់ទាបជាង សៀវ ង៉ុយ អាចសន្និដ្ឋានថា ពិបាកក្នុងការយកឈ្នះ ព្រោះ ង៉ុយ មានថ្វីកែងល្អណាស់។


សម្រាប់គូ របស់ ឡៅ ស៊ីណាតវិញ ត្រូវប៉ះជាមួយ Mario ជាជនជាតិប៊ុលហ្គារី ហ្វឹកហាត់នៅប្រទេសថៃ។ ជាអ្នកប្រដាល់មិនដំឡូងមូលសុទ្ធនោះទេ គឺគេធ្លាប់ ប្រកួត ចំនួន៦៦ដង ឈ្នះ៤៩ដង ចាញ់១១ដង និងស្មើ៦ដង។ អ្នកប្រដាល់ប៊ុលហ្គារីរូបនេះ បានចំនួនប្រកួត ត្រឹមពាក់កណ្តាល ឡៅ ស៊ីណាត ប៉ុណ្ណោះ ព្រោះ ស៊ីណាត មានប្រវត្តិប្រកួត ចំនួន១២២ដងឯណោះ ក្នុងនោះវាយឈ្នះ១០៧ដង ចាញ់១៣ដង និងស្មើ២ដងប៉ុណ្ណោះ។

ឡៅ ស៊ីណាត ធ្លាប់ប្រកួតជាមួយអ្នកប្រដាល់ បរទេសជាង២០នាក់ហើយ ដោយវាយឈ្នះ១៨នាក់ និងចាញ់៥នាក់ប៉ុណ្ណោះ។ ស៊ីណាត ប្រកួតជាមួយបរទេស លើកចុងក្រោយ គឺវាយឈ្នះអ្នកប្រដាល់ថៃPirab Kao ក្នុងទឹកទី៣(២២មករា២០១៥) ជើងខ្លាំងរបស់កម្ពុជា មានផ្លែល្អទាំងកណ្តាប់ដៃ ទាំងជើង និងជង្គង់ ប៉ុន្តែមានចំណុចខ្សោយ ត្រង់បញ្ហាកម្លាំងស៊ុហ្វ មួយមុខប៉ុណ្ណោះ៕

Post a Comment

 
Top