GuidePedia

0
កីឡាករ​ឆ្នើមៗ​របស់​ក្រុម​ Roma ​បាន​​ដើរ​លួង​លោម​ដល់​អ្នកគាំទ្រ​ ដែល​ខឹង​ខ្លាំង​ បន្ទាប់​ពី​ក្រុម​មួយ​នេះ ធ្លាក់​ចេញ​ពី​​ពាន​រង្វាន់ UEFA Europa League ​និង​ឲ្យ​​​ក្រុម​គូ​ប្រជែង​ស្លាប់​រស់ Fiorentina ​ស៊ុត​​បាន​៣​គ្រាប់​ត្រឹម​តែ​ ២២​នាទី​ ​ក្នុង​ការ​​ប្រកួត​វគ្គ​១៦​ក្រុម​ ​ជើង​ទី​២ ​កាល​ពី​យប់​មិញ។


អ្នកគាំទ្រ​ក្រុម​ Roma ខឹង​ខ្លាំង​​ស្ទើរ​តែ​រក​ពាក្យ​អ្វី​និយាយ​គ្មាន ហើយ​ពួកគេ​ថែម​ទាំង​ស្រែក​ឱ្យ​កីឡាករ​ទាំង​អស់​ដោះ​អាវ​ចេញ​ពី​ខ្លួន​ទៀត​ផង​ ព្រោះ​តែ​គិត​ថា កីឡាករ​​ទាំង​​អស់​នោះ​មិន​ស័ក្ដិសម​ពាក់​វា​ទៀត​នោះ​ទេ ក្រោយ​លេង​ចាញ់​ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដូច​នេះ​។ នេះ​បើ​តាម​កាសែត​ La Gazzetta dello Sport ​បាន​​​ចេញ​ផ្សាយ។

​​៣​គ្រាប់​របស់​ Fiorentina គឺ​រក​បាន​ដោយ​ប្រើ​ពេល​ត្រឹម​តែ​២២​នាទី​ដំបូង​ នៅ​តង់​ទី​១ តែ​ប៉ុណ្ណោះ ​ដោយ​កីឡាករ Gonzalo Rodriguez ​ស៊ុត​បាល់​ប៉េណាល់ទី​នាទី​ទី​៩, Marcos Alonso ​រក​បាន​គ្រាប់​ទី​២ នៅ​នាទី​ទី​១៨ និង​​ខ្សែ​ការពារ Jose Maria Basanta ​ថែម​១​គ្រាប់​ទៀត​ នៅ​នាទី​ទី២២។

​កាល​ពី​ជើង​ទី​១ ទឹក​ដី​​ Fiorentina ​ក្រុម Roma ធ្វើ​បាន​ស្មើ​​ ១-១ ទៅ​ហើយ ខណៈ​ដែល​អ្នក​គាំទ្រ​សង្ឃឹម​ថា ក្រុម​របស់​គេ​ប្រាកដ​ជា​អាច​ឡើង​ទៅ​វគ្គ​៨​ក្រុម​បាន ព្រោះ​តែ​ជើង​ទី​២ លេង​ក្នុង​ទឹក​ដី​ខ្លួន​ឯង ប៉ុន្តែ​គ្រប់​យ៉ាង​​បាន​ធ្វើ​ឲ្យ​ពួកគេ​ខក​បំណង​ទាំង​ស្រុង​ ក្រោយ​​ចាញ់​ក្រុម​គូ​ប្រជែង​ចាស់​ដៃ​ដូច​នេះ។


UEFA Europa League គឺ​ជា​ក្ដី​សង្ឃឹម​លើក​ចុង​ក្រោយ​ហើយ សម្រាប់​ក្រុម​ Roma ​ដែល​ពួកគេ​ចង់​ឈ្នះ​វា​​​​នៅ​រដូវ​កាល​នេះ ខណៈ​ដែល​​នៅ​ក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A ​ដូច​ជា​គ្មាន​សង្ឃឹម​ទៀត​ទេ ព្រោះ​ចាញ់​ក្រុម​​លេខ​១ Juventus ​ដល់​ទៅ​ ១៤​ពិន្ទុ​ឯ​ណោះ ហើយ​ថែម​ទាំង​អាច​នឹង​បាត់​បង់​តំណែង​លេខ២ ទៀត ព្រោះ​លើ​ក្រុម​លេខ៣ Lazio តែ​១​ពិន្ទុ​គត់៕

Post a Comment

 
Top