GuidePedia

0
តារា​ប្រដាល់​ដ៏ឆ្នើម​របស់​ហ្វីលីពីន Manny Pacquiao​ បាន​រីករាយ​​ថ្ងៃ​ដំបូង​នៃ​ការ​​ហាត់សម​កាលពី​ថ្ងៃ​អង្គារ​​​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ប្រកួត​ដ៏អស្ចារ្យ​នា​ថ្ងៃ​ទី​ ២ ខែ​ឧសភា របស់​គេ​ជាមួយ​នឹង​កីឡាករ​មិន​ស្គាល់​ចាញ់​របស់​អាមេរិក Floyd Mayweather​។


ការ​ហ្វឹកហាត់​របស់ Pacquiao នៅឯ​ក្លិប Wild Card Gym ក៏​​មាន​ការ​ប្រកួត​សាកល្បង​យ៉ាងលំបាក​ចំនួន​ ៥ ​ទឹក​ជាមួយ​នឹង​ដៃគូ​ហ្វឹកហាត់​ ២ ​នាក់​របស់​គេ​ផង​ដែរ​។ ការហ្វឹកហាត់​នេះ​បាន​ធ្វើឲ្យ​លោកគ្រូ​បង្វឹក Freddie Roach ក៏​ដូចជា​កីឡាករ​ប្រដាល់​ដ៏ឆ្នើម​របស់​​អាស៊ី​រូប​នេះ​រីករាយ​យ៉ាងខ្លាំង ខណៈ​ដែល Pacquiao ពិតជា​ស្រេកឃ្លាន​ក្នុង​ការ​​ចាប់ផ្តើម​​បង្ហាញពី​ទម្ងន់​​ដៃ​របស់​គេ ក្រោយពី​បាន​ចំណាយ​ពេល​ស្ទើរតែ​ពីរ​សប្តាហ៍​ទៅលើ​ការ​ហ្វឹកហាត់​ផ្សេង​ទៀត​។

Pacquiao បាន​ឲ្យ​ដឹង​ថា៖ «ក្រោយពី​រយៈពេល​ ១៣ ​ថ្ងៃ​នៃ​ការ​ហ្វឹកហាត់​ទៅលើ​កីឡា​ប្រដាល់ លក្ខខណ្ឌ​ផ្សេងៗ និង​ការ​ហ្វឹកហាត់​ទៅលើ​ភាពខ្លាំង​ក្នុង​ក្លិប Wild Card បូករួម​ទាំង​ការ​​ហ្វឹកហាត់​រយៈពេល​មួយ​សប្តាហ៍​ទៀត​​ក្នុង​ប្រទេស​ហ្វីលីពីន​កាលពី​ខែ​កុម្ភៈ វា​ពិតជា​​អស្ចារ្យ​ណាស់​ក្នុង​ការ​​ចាប់ផ្តើម​ហាត់សម និង​ហាត់​ទៅលើ​ការ​ប្រើ​កណ្តាប់ដៃ​»​។

កីឡាករ​​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «ដៃគូ​ហ្វឹកហាត់​​ទៅលើ​កណ្តាប់ដៃ​របស់​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ការងារ​ដ៏ល្អ​នៅ​ថ្ងៃ​នេះ​។ ពួកគេ​ពិតជា​ស្ថិត​ក្នុង​កម្រិត​ដ៏ល្អ​ឥតខ្ចោះ​សម្រាប់​ការ​សាកល្បង​ទៅលើ​យុទ្ធសាស្ត្រ​ដែល​លោក Freddie និង​ខ្ញុំ​បាន​អភិវឌ្ឍ​ដើម្បី​ផ្តួល Floyd Mayweather​។ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ជាមួយ​នឹង​កម្លាំងកាយ​ចិត្ត និង​ល្បឿន​របស់​ខ្ញុំ​»​។

លោក Roach បាន​​​ពេញចិត្ត​យ៉ាងពិសេស​​ជាមួយ​នឹង​ទម្រង់​របស់ Pacquiao តាមរយៈ​ការ​គិត​ថា រូប​គេ​មិន​បាន​ថមថយ​ថាមពល​ឡើយ បើ​គិត​ចាប់​តាំងពី​បាន​ផ្តួល​កីឡាករ Chris Algieri កាលពី​ខែ​វិច្ឆិកា នៅ​លើ​ទឹកដី​ម៉ាកាវ​។

លោក Roach បាន​ឲ្យ​ដឹង​ថា៖ «Manny ហាក់​​ដូចជា​មាន​ភាព​ស្រស់ស្រាយ​នៅ​ថ្ងៃ​នេះ​។ ខ្ញុំ​ពិតជា​រីករាយ​ជាមួយ​នឹង​​អ្វី​ដែល​រូប​គេ​បាន​បង្ហាញ​ខ្ញុំ​។ អ្នក​​មិន​អាច​និយាយ​ថា រូប​គេ​​ស្ថិត​នៅ​​ឆ្ងាយ​ពី​សង្វៀន​ឡើយ បើ​គិត​ចាប់​តាំងពី​ការ​ប្រកួត​ជាមួយ Algieri កាលពី​ខែ​វិច្ឆិកា​។ Manny​ ពិតជា​ខ្លាំង​ក្នុង​ក្លិប​ហ្វឹកហាត់​នេះ​»​។

Pacquiao ដែល​ជា​សមាជិក​សភា​​ពីរ​អាណត្តិ​ម្នាក់​មកពី​ខេត្ត Sarangani ក្នុង​ប្រទេស​​ហ្វីលីពីន មាន​កំណត់ត្រា​ឈ្នះ​ ៥៧ ​​លើក ចាញ់​ ៥ ​លើក ស្មើ​ ២ ​លើក និង​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ​៣៨ ​លើក ខណៈ​ដែល Mayweather មាន​កំណត់ត្រា​ឈ្នះ​ ៤៧ ​លើក មិន​ដែល​ចាញ់ និង​ផ្តួល​​ដៃគូ​ឲ្យ​សន្លប់​ ២៦ ​លើក មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នៅលើ​សង្វៀន Las Vegas របស់​ពួកគេ​។


នេះ​​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​​ស្នេហា​វិស័យ​កីឡា​ប្រដាល់​ចង់​ទស្សនា​អស់​រយៈពេល​ច្រើន​ជាង​ ៥ ​ឆ្នាំ​​រួច​មក​ហើយ​​។ ការ​ប្រកួត​ដ៏កក្រើក​​រវាង​កីឡាករ​ប្រដាល់​មិន​រើស​ទម្ងន់​​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​គេ​រំពឹងទុក​ថា នឹង​​ផ្តល់​ចំណូល​​ជា​​ប្រវត្តិសាស្ត្រ​​កីឡា​ប្រដាល់​៕

Post a Comment

 
Top