GuidePedia

0
កីឡាករ Agilan “Alligator” Thani ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​​​ប្រចាំ​អង្គភាព Malaysian Invasion Mixed Martial Arts (MIMMA) បាន​បង្ហាញ​​ក្នុង​​​កម្មវិធី​ប្រកួត ONE: AGE OF CHAMPIONS នៅ​ពី​មុខ​អ្នក​ទស្សនា​ដ៏ច្រើន​កុះករ​នៅលើ​​សង្វៀន Putra ក្នុង​ទីក្រុង​គូឡាឡាំពួ កាលពី​ថ្ងៃ​សុក្រ ទី​ ១៣ ខែ​មីនា ថា អង្គភាព​រៀបចំ​ការ​ប្រកួត​យុទ្ធគុន​ចម្រុះ (MMA) ស្ម័គ្រចិត្ត​ធំ​​ជាង​គេ​បំផុត​មួយ​នេះ អាច​បង្កើត​​ឲ្យ​អ្នក​ប្រយុទ្ធ​កម្រិត​​ពិភពលោក​ក្នុង MMA​។


ព្រឹត្តិការណ៍ ONE: AGE OF CHAMPIONS ដែល​​ត្រូវ​បាន​រៀបចំ​ឡើង​ជាមួយ​នឹង​ការ​ចាប់​ដៃគូ​ជាមួយ​នឹង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត Tune Talk នោះ គឺ​កម្មវិធី​​របស់ ONE ជា​លើក​ទី​​ ៦ ​ហើយ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ប្រទេស​នេះ​។

Thani បាន​ចាប់ផ្តើម​កម្មវិធី​ប្រកួត​​នា​ល្ងាច​ដ៏រំភើប​នោះ​ជាមួយ​នឹង​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​ក្នុង​ទឹក​ទី​ ១ ​នៅពេល​ប្រកួត​ជាមួយ​នឹង​កីឡាករ Reant Febriza Rainir​។ ជាមួយ​នឹង​ការ​ទទួល​ជ័យជម្នះ​នេះ អ្នក​ប្រយុទ្ធ​ម៉ាឡេស៊ី Thani បាន​ធ្វើឲ្យ​កំណត់ត្រា​នៃ​ការ​ប្រកួត​​អាជីព​របស់​គេ​ជាមួយ​នឹង​​ជ័យជម្នះ​ ២ ​លើក មិន​ដែល​ចាញ់ ក្រោយពី​មិន​ធ្លាប់​ស្គាល់​​បរាជ័យ​សោះ​ក្នុង​ការ​ប្រកួត​ ៥ ​លើក​ក្នុង​នាម​ជា​កីឡាករ​ស្ម័គ្រចិត្ត​។

បន្ទាប់ពី​ការ​ចុះហត្ថលេខា​របស់​គេ​ជាមួយ​នឹង​អង្គភាព ONE Championship (ONE) កាលពី​ពេល​ថ្មីៗ​នេះ និង​ក្រោយពី​ការ​ទទួល​ជ័យជម្នះ​​របស់​គេ​ក្នុង ONE: AGE OF CHAMPIONS កីឡាករ Thani បាន​លើក​ទឹកចិត្ត​ដល់​រាល់​កីឡាករ​ទាំងអស់​ដែល​ចង់​សម្រេច​ក្តីសុបិន​របស់​គេ​​ក្នុង​ការ​ក្លាយ​ជា​អ្នកប្រយុទ្ធ​អាជីព​ដ៏ពិតប្រាកដ​។ ដោយឡែក អ្នកប្រយុទ្ធ MMA របស់​កម្ពុជា​យើង ក៏​បាន​កើត​​ចេញ​ពី​ការ​ប្រកួត​ជា​លក្ខណៈ​ស្ម័គ្រចិត្ត​ផង​ដែរ មុន​នឹង​ក្លាយ​ជា​កីឡាករ​​អាជីព​​ដ៏ពិតប្រាកដ​​ដើម្បី​​អាច​បង្ហាញ​សមត្ថភាព​​របស់​ពួកគេ​លើ​​ឆាក​អន្តរជាតិ​។

ក្នុង​កម្មវិធី​ប្រកួត​​ជាមួយ​នៅ​ម៉ាឡេស៊ី កាលពី​ពេល​ថ្មីៗ​នេះ កីឡាករ​ចាន់ រតនា បាន​ផ្តល់​ឲ្យ​កម្ពុជា​ទទួល​ជ័យជម្នះ​ជា​លើក​ទី​ ១ ​ក្នុង​ MMA ក្នុង​ការ​ប្រកួត​របស់ ONE តាមរយៈ​ការ​ផ្តួល​ឲ្យ​កីឡាករ​ហ្វីលីពីន Ramon Gonzales ឲ្យ​សន្លប់​ដោយ​បច្ចេកទេស​ក្នុង​ទឹក​ទី​ ១ ។

ដូចគ្នា​នោះ​ផង​ដែរ កីឡាករ​ចាន់ ហេង និង​ថៃ រិទ្ធី ដែល​​ហ្វឹកហាត់​ក្នុង​ក្លិប A Fighter បាន​បង្កើត​ភាពអស្ចារ្យ​នៅលើ​ទឹកដី​ថៃ តាមរយៈ​ការ​កត់ត្រា​ជ័យជម្នះ​រៀងៗ​ខ្លួន​ក្នុង​កម្មវិធី​ប្រកួត Full Metal Dojo 4: Once Upon a Time in Bangkok កាលពី​ថ្ងៃ​​ទី​ ២១ ខែ​កុម្ភៈ កន្លង​ទៅ​។

ក្រោយពី​បាន​បង្ហាញពី​សមត្ថភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​កម្មវិធី ONE: Rise of The Kingdom នៅ​រោងមហោស្រព​កោះពេជ្រ​កាលពី​ឆ្នាំ​មុន ONE បាន​ផ្តល់​ការ​ចុះហត្ថលេខា​ដល់​ទៅ​​ ៦ ​ប្រកួត​ដល់ ចាន់ រតនា ទោះបី​រូប​គេ​​ត្រូវ​បាន​កាត់សេចក្តី​ឲ្យ​ចាញ់ សំអាង ឌុន ដោយសារ​តែ​ការ​ប្រព្រឹត្ត​ល្មើស​នឹង​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ក៏ដោយ​។


កីឡាករ ចាន់ រតនា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ថា៖ «នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្តើម និង​ជា​ការ​បោះ​ជំហាន​ទី​ ១ ​របស់​ខ្ញុំ​ប៉ុណ្ណោះ​។ ខ្ញុំ​នឹង​​ខិតខំ​ព្យាយាម​ឲ្យ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​​ធ្វើឲ្យ​ល្អ និង​ផ្តល់​ភាពរំភើប​ដល់​អ្នក​គាំទ្រ​កម្ពុជា​»​៕

Post a Comment

 
Top