GuidePedia

0
អ្នកប្រដាល់​ជើងខ្លាំង រឿង សោភ័ណ្ឌ និង​កីឡាករ​មិន​ដែល​ចាញ់​សោះ បាង កាយ៉ាក នឹង​ត្រូវ​បង្ហាញ​មុខ​រួម​គ្នា ក្នុង​ការ​ប្រកួត​អន្តរជាតិ នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៣ នា​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​ក្នុង​នោះ សោភ័ណ្ឌ ដែល​កំពុង​ឃ្លាត​ឆ្ងាយ​ពី​ការ​ហ្វឹកហាត់ ត្រូវ​ប៉ះ​ជនជាតិ​ប៉ូឡូញ Piotr Lagodzki ខណៈ​កាយ៉ាក ត្រូវ​ប្រឈម​ជាមួយ​កីឡាករ​ថៃ Banjong Prombut។

កីឡាករ រឿង សោភ័ណ្ឌ (ពី​ឆ្វេង) ត្រូវ​ជួប​ជនជាតិ​ប៉ូឡូញ ខណៈ បាង កាយ៉ាក ត្រូវ​ប៉ះ​ថៃ


វត្តមាន​របស់​ជនជាតិ​ប៉ូឡូញ នៅ​កម្ពុជា ជា​លើក​​ទី​ ១ ​នេះ បាន​ធ្វើឲ្យ​​អ្នកទស្សនា ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ព្រោះ​គ្រប់​គ្នា​ពិតជា​ចង់​ដឹង​ថា Piotr Lagodzki ដែល​ផ្ញើ​ខ្លួន​ហ្វឹកហាត់​នៅ​ថៃ​ម្នាក់​នេះ​​អាច​ទប់​ រឿង សោភ័ណ្ឌ បាន​ប៉ុន្មាន​ទឹក? ព្រោះ​កីឡាករ​បរទេស​ច្រើន​នាក់​មក​ហើយ​ដែល​បាន​សន្លប់ និង​បោះបង់​ចោល​ការ​ប្រកួត​ក្រោម​ស្នាដៃ រឿង សោភ័ណ្ឌ។

លោក ទី រ៉ាណាត នាយក​ផ្នែក​ផលិត​កម្មវិធី​ប៉ុស្តិ៍​លេខ​ ៣ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ ​«យើង​មិន​អាច​ព្យាករ​ទុក​មុន​បាន​ទេ ព្រោះ​នេះ​ជា​លើក​ទី​ ១ ​​ដែល​ជន ជាតិ​ប៉ូឡូញ​មក​ប្រកួត​នៅ​សង្វៀន​នេះ ហើយ​យើង​ក៏​មិន​ទាន់​ដឹង​ដែរ​ថា គេ​មាន​សមត្ថភាព​ប្រកួត​ដល់​កម្រិត​ណា​នោះ​ដែរ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​នាំ​កីឡាករ​បរទេស​មក​ប្រកួត​ហើយ​ថា ត្រូវ​យក​​បរទេស​​ដែល​មាន​សមត្ថភាព​ប្រកួត​ពិតៗ​មក​ប្រកួត​ព្រោះ​នៅ​ប៉ុស្តិ៍​លេខ​ ៣ បាន​​យក​កីឡាករ​ខ្មែរ សុទ្ធតែ​មាន​សមត្ថភាព​ប្រកួត​ខ្លាំង ដើម្បី​ឲ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស»។

កីឡាករ​ Piotr Lagodzki មាន​កម្ពស់ ១,៧៥ ​ម៉ែត្រ ធ្លាប់​ប្រកួត​ ៣១ ​ដង ឈ្នះ​ ២៤ ចាញ់​ ៥ ស្មើ​ ២ និង​ធ្លាប់​វាយ​គូ​ប្រកួត​ឲ្យ​សន្លប់​ ១១ ​ដង ហើយ​ Piotr Lagodzki គឺ​តិច​ជាង សោភ័ណ្ឌ ច្រើន​ណាស់ ហេតុនេះ​គេ​ពិបាក​ទប់ទល់​ជាមួយ សោភ័ណ្ឌ ណាស់ ព្រោះ សោភ័ណ្ឌ ជា​កីឡាករ​ជើងខ្លាំង​ដែល​មាន​ស្នៀត​សម្លាប់​​ដ៏សម្បូរ​បែប ខណៈ​ការ​ប្រកួត​ចុងក្រោយ​របស់​គេ កាលពី​ថ្ងៃ​អាទិត្យ ទី​ ១ ខែ​មីនា គេ​បាន​ម៉ាត់​កីឡាករ​ថៃ Nonthachai ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​ ២។

ទោះបី​ជា​យ៉ាងណា លោក ឈិន ក្វាន់ចៃ គ្រូបង្វឹក រឿង សោភ័ណ្ឌ បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា៖ ​«តាំងពី​ប្រកួត​ចុងក្រោយ​នៅ​បាយ័ន​បឹងស្នោ​មក រឿង សោភ័ណ្ឌ មិន​ដែល​មក​​ហ្វឹកហាត់​នៅ​ក្លិប​តាម​ការ​ហៅ​របស់​ខ្ញុំ​នោះ​ទេ គឺ​វា​កំពុង​តែ​ធ្វើឲ្យ​ភាពល្បីល្បាញ​របស់​វា​ត្រូវ​ធ្លាក់​ចុះ ហេតុនេះ​ខ្ញុំ​ក៏​ពិបាក​វាយតម្លៃ​ទុក​មុន​ដែរ​ចំពោះ​ការ​ប្រកួត​លើក​នេះ​»។

លោក​បញ្ជាក់​ថា៖ ​«វា​ (សោភ័ណ្ឌ) គិត​​ថា មិន​បាច់​ហាត់​ក៏​វាយ​ឈ្នះ​​គេ​ដែរ ព្រោះ​ការ​ប្រកួត​កន្លងមក វា​បាន​​ផ្តួល​គេ​ឲ្យ​សន្លប់ ប៉ុន្តែ​នៅពេល​ដែល​ជួប​អ្នក​ខ្លាំង​ពិត ឬ​ត្រឹម​កីឡាករ​ល្អ​លំដាប់​លេខ​ ៣ ​របស់​ថៃ​នោះ វា​នឹង​ដឹង​ខ្លួន​ថា សមត្ថភាព​ប្រកួត​របស់​វា​នៅ​អន់​ដល់​កម្រិត​ណា។ មេៗ​ខំ​ជួយ​ជ្រោមជ្រែង​ឲ្យ​វា​ឲ្យ​បាន​ល្បី តែ​វា​បែរ​ជា​លែង​គោរព​វិន័យ​ក្នុង​ការ​ហ្វឹកហាត់​ទៅ​វិញ ហេតុនេះ​បញ្ហា​របស់ រឿង សោភ័ណ្ឌ នេះ​​ទុក​ឲ្យ​ខាង​មេៗ​ជា​អ្នក​ដោះស្រាយ​ទៅ»។

ដោយឡែក​គូ​ប្រកួត​របស់ បាង កាយ៉ាក គឺ​កីឡាករ​ថៃ Banjong Prombut មាន​កម្ពស់​ ១,៦៨ ​ម៉ែត្រ និង​ធ្លាប់​ប្រកួត​បាន​ចំនួន​ ៧០ ​ដង ឈ្នះ​ ៥០ ចាញ់​ ១៨ និង​ស្មើ​ ២ ​ដង ហើយ​បទពិសោធ​នៃ​ការ​ប្រកួត​នេះ​គឺ​អាច​ទប់ទល់​ជាមួយ​ជើងខ្លាំង​មិន​ដែល​ស្គាល់​រសជាតិ​ចាញ់ បាង កាយ៉ាក ប៉ុន្តែ​លទ្ធផល​ចាញ់​ឈ្នះ​ក្នុង​ការ​ប្រកួត​គូ​​ទម្ងន់​ ៥៧ ​គីឡូក្រាម​នេះ អាច​នឹង​បញ្ចប់​ក្រោម​ការ​ប្រកួត​ដ៏តានតឹង​ គឺ​ទាំង​អ្នក​ឈ្នះ និង​អ្នក​ចាញ់ អាច​នឹង​ទ្រម​ខ្លួន​ដូច​គ្នា៕

Post a Comment

 
Top