GuidePedia

0
មជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល បានបន្តឧបត្ថម្ភ ដល់ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ដែលត្រូវធ្វើ ដំណើរទៅកាន់ប្រទេសសិង្ហបុរី ក្នុងយុទ្ធនាការ ប្រកួត ជម្រុះ ក្រុមកម្រិត III ប្រចាំតំបន់អាស៊ី-អូសេអានី នៃព្រឹត្តិការណ៍ Davis-Cup ឆ្នាំ២០១៥ ខណៈការប្រកួតនឹងចាប់ផ្ដើមនៅថ្ងៃទី២៥-២៨ ខែ មីនា ខាងមុខនេះ ។


លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ក្នុងសន្និសិទសារព័ត៌មាន ស្ដីពីការឧបត្ថម្ភដល់ក្រុមកីឡាករវាយ កូន បាល់ជម្រើសជាតិកម្ពុជា ដែលធ្វើនៅសណ្ឋាគារណាហ្គាវើល នារសៀលថ្ងៃ ទី១៨ ខែមីនានេះថា នេះគឺជាលើកទី៤ហើយ ដែលណាហ្គាវើល បានឧបត្ថម្ភ ដល់ កីឡាករកម្ពុជា ក្នុងដំណើរចូលរួម ប្រកួត ព្រឹត្តិការណ៍ Davis-Cup ពោលគឺចាប់តាំងពីឆ្នាំ២០១២ មកម្ល៉េះ ។

លោកបានបន្ដថា «ក្រោមការឧបត្ថម្ភជាបន្ដបន្ទាប់នេះហើយដែលធ្វើឲ្យកីឡាករវាយកូនបាល់កម្ពុជា មានទឹកចិត្តខិតខំប្រកួតរហូតដណ្ដើមបានជ័យជំនះពីក្រុម
IV ឡើងមកក្រុម III នៅក្នុងឆ្នាំ២០១២ ហើយក៏រក្សាកៅអីក្រុម III ចំនួន ២ ឆ្នាំ ជាប់គ្នាទៀតផងដែរ គឺក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ ។ ហេតុដូចនេះ សម្រាប់ យុទ្ធនាការ ប្រកួតជម្រុះ Davis-Cup ក្នុងក្រុម III ឆ្នាំនេះ ពួកខ្ញុំនឹងប្ដេជ្ញាចិត្តធ្វើឲ្យបានល្អ ដើម្បីដណ្តើមកៅអីក្នុងកម្រិត II ឲ្យបានដើម្បីតបស្នងនឹងការ ឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនដៃគូនានា ជាពិសេសគឺណាហ្គាវើល និងដើម្បីមោទនភាពជាតិខ្មែរផងដែរ» ។

លោក ទេព រិទ្ធីវិទ្ធ បានបន្ថែមថា សម្រាប់ការចូលរួមប្រកួត Davis-Cup ឆ្នាំ២០១៥ នៅទីក្រុង Singapore ប្រទេស សិង្ហបុរីលើកនេះ សហព័ន្ធកីឡាវាយកូន បាល់កម្ពុជាបានបន្ថែមសមាជិកថ្មីម្នាក់ទៀត គឺកីឡាករ គីម ឌែលតុន សុផា ណា ដែលទើបមានអាយុ ១៥ឆ្នាំ ប៉ុន្ដែគេមានទេពកោសល្យល្អហើយគេក៏មានជំនឿ ចិត្តខ្លួនឯងថា នឹងស្វែងរកជ័យជំនះជូនប្រទេសជាតិកម្ពុជាខណៈកីឡាករកម្ពុជាផ្សេងទៀត មានដូចជាកីឡាករ ប៊ុន កេននី, ម៉ម ផល្គុន, ម៉ម បញ្ញារ៉ា និងកីឡាករ ឡុង សំនៀង ។

លោក Pern Chen នាយកប្រតិបត្តិរបស់ណាហ្គាវើល បានមានប្រសាសន៍ថា «ដើម្បីភាពជោគជ័យនៃក្រុមកីឡាវាយ កូនបាល់ជម្រើសជាតិកម្ពុជា ណាហ្គាវើល មានមោទនភាពក្នុងការគាំទ្រក្រុមកីឡាករវាយកូនបាល់កម្ពុជាគ្រប់រូបដើម្បី ដណ្ដើមកិត្តិយសជូនប្រជាជននៃប្រទេសកម្ពុជាទាំងមូល» ៕

Post a Comment

 
Top