GuidePedia

0
កីឡាករ​កំពូល​ៗ​ភាគ​ច្រើន​គឺ​អាច​ប្រើ​ជើង​បាន​ទាំង​សង​ខាង​ដើម្បី​អូស​បាល់​ឬ​ស៊ុត​បញ្ចូល​ទី ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​មួយ​ចំនួន​តូច​ដែរ ដែល​អាច​ប្រើ​ជើង​បាន​តែ​ម្ខាង។ ត្បិត​តែ​ជំនាញ​​ប្រើ​ជើង​តែ​ម្ខាង​មែន ប៉ុន្តែ​នេះ​​ក៏​​​មិនមែន​មានន័យ​ថា​ពួកគេ​លេង​មិន​សូវ​ពូកែ​ដូច​កីឡាករ​ផ្សេង​ៗ​ដែរ ពោល​គឺ​មិន​អាច​ប្រើ​ជើង​ទាំង​ពីរ​តែ​អាច​ច្នៃ​ជើង​ម្ខាង​នេះ​ឱ្យ​សមស្រប​ទៅ​នឹង​កាលៈទេសៈ​បាន។


ខាង​ក្រោម​នេះ Sabay ​នឹង​បង្ហាញ​កីឡាករ​​៦​​នាក់​ដែល​ប្រើ​តែ​ជើង​ម្ខាង​តែ​អាច​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​បាន៖

១. Angel di Maria ជំនាញ​ជើង​ឆ្វេង


Angel di Maria ​គឺ​ជា​កីឡាករ​ម្នាក់​ដែល​មាន​ទម្រង់​លេង​ល្អ​ណាស់​ពេល​រូប​គេ​លេង​នៅ Real Madrid ​កាល​ពី​ឆ្នាំ​មុន​ក៏​ដូចជា​លេង​នៅ​ពាន​រង្វាន់ FIFA World Cup 2014 ​នៅ​ប្រទេស​ប្រេស៊ីល​ជា​ដើម។ ប៉ុន្តែ​ចាប់​តាំង​ពី​ចូល​មក​លេង​នៅ Man Utd ​មក​ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​ហាក់​ធ្លាក់​ទម្រង់​លេង​យ៉ាង​ខ្លាំង។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​គឺ​ជា​កីឡាករ​ម្នាក់​ដែល​ជំនាញ​តែ​ជើង​ម្ខាង​គត់​គឺ​ខាង​ឆ្វែង។ តួយ៉ាង​ដូច​ការ​ប្រកួត World Cup ​អីចឹង រូប​គេ​សុខចិត្ត​ប្រើ​ក្បាច់ Rabona ​ជំនួស​ការ​ប្រើ​ជើង​ស្ដាំ។

២. Fabio Coentrao ជំនាញ​ជើង​ឆ្វេង


Fabio Coentrao ​ជា​ខ្សែ​ការពារ​ល្អ​ម្នាក់​របស់​ Real Madrid ​តែ​កីឡាករ​រូប​នេះ​ក៏​ពូកែ​ប្រើ​ជើង​តែ​ម្ខាង​ដែរ​ គឺ​ជើង​ឆ្វេង។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​តាំង​ពី​ដើម​មក​ជំនាញ​តែ​ជើង​ម្ខាង​នេះ​ទេ ទោះ​ជា​ប៉ះ​នឹង​កាលៈទេសៈ​ដែល​ត្រូវ​ប្រើ​ជើង​ស្ដាំ​ក៏​ដោយ​ក៏​រូប​គេ​ព្យាយាម​អូស​បាល់​ទាល់​តែ​អាច​ទាត់​ជើង​ឆ្វេង​បាន​ដែរ។

៣. Phillipe Coutinho ជំនាញ​ជើង​ស្ដាំ​


Phillipe Coutinho ​ជា​កីឡាករ​វ័យ​ក្មេង​របស់​ Liverpool ​ដែល​ទើប​តែ​បង្ហាញ​សមត្ថភាព​គួរ​ឱ្យ​គត់​សម្គាល់​ក្នុង​រដូវ​កាល​នេះ​ទេ ពោល​គឺ​រូប​គេ​អាច​រក​គ្រាប់​បាល់​ក៏​ដូចជា Assists ​ឱ្យ​មិត្ត​រួម​ក្រុម​បាន​ច្រើន​ដែរ។ ទន្ទឹម​នឹង​មាន​ទម្រង់​លេង​ល្អ​នេះ​ដែរ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូប​នេះ​ជំនាញ​ប្រើ​តែ​ជើង​ស្ដាំ​មួយ​គត់។

៤. Mesut Ozil ជំនាញ​ជើង​ឆ្វេង


Ozil ​បច្ចុប្បន្ន​លេង​នៅ​ក្រុម Arsenal ​ប៉ុន្តែ​មិន​ល្អ​ដូច​កាល​លេង​នៅ Real Madrid ​នោះ​ទេ ពោល​គឺ​នៅ​អេស្ប៉ាញ​រូប​គេ​ជា Key Player ​ម្នាក់​នៅ​ក្នុង​ក្រុម ត្បិត​តែ​ពូកែ​ប្រើ​តែ​ជើង​ឆ្វេង​ក៏​ដោយ។ ដូច​កាល​នៅ​ World Cup ​អីចឹង រូប​គេ​អូស​បាល់​ ឬ​ស៊ុត​បាល់​អី​គឺ​ប្រើ​តែ​ជើង​ឆ្វេង​ដែរ​ ទោះ​ជា​ដល់​ពេល​ត្រូវ​ប្រើ​ស្ដាំ ក៏​រូប​គេ​ច្នៃ​ទាត់​ខាង​ឆ្វេង​ឱ្យ​ទាល់តែ​បាន​ដែរ។

៥. Antonio Valencia ជំនាញ​ជើង​ស្ដាំ


Valencia ​ជា​កីឡាករ​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​លើ​លោក​នេះ ប៉ុន្តែ​ដោយសារ​តែ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​ពូកែ​តែ​ជើង​ស្ដាំ​ទើប​ធ្វើ​ឱ្យ​ទម្រង់​លេង​របស់​គេ​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន។

៦. Arjen Robben ជំនាញ​ជើង​ឆ្វេង


Robben ​មិន​ខុស​អី​ពី​ Di Maria ​នោះ​ទេ ពោល​គឺ​ពួកគេ​ពូកែ​ខ្លាំង​ណាស់​ជើង​ខាង​ឆ្វេង។ ទន្ទឹម​នឹង​ភាព​ប៉ិនប្រសប់​​នេះ​ដែរ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្អ​ខ្លាំង​ណាស់​ជាមួយ​ក្រុម Bayern Munich ​ពោល​គឺ​រូប​គេ​ជា​តួ​អង្គ​ម្នាក់​សំខាន់​ខ្លាំង​ណាស់​នៅ​តំបន់​ស្លាប​ដែល​មិន​អាច​ខ្វះ​បាន​។

យ៉ាង​ណា​មិញ ​នេះ​មិនមែន​មានន័យ​ថា​អស់​កីឡាករ​ដែល​ពូកែ​លេង​ជើង​តែ​ម្ខាង​​​នោះ​ទេ ពោល​គឺ​បញ្ជី​៦​នាក់​នេះ​រើស​យក​តែ​កីឡាករ​ណា​ដែល​មាន​ឈ្មោះ​ល្បី​តែ​ប៉ុណ្ណោះ៕

Post a Comment

 
Top