កីឡាករ Xavi បានអះអាងថា ជម្លោះនៅពីក្រោយឆាកនៅក្នុងក្លិប Barcelonaរវាងកីឡាករ Lionel Messiនឹងលោកគ្រូបង្វឹក Luis Enrique គ្មានអ្វីសំខាន់នោះទេ ចំពោះរយៈពេលសេសសល់នៅក្នុងរដូវកាលបាល់ទាត់២០១៤-១៥នេះ។សេចក្តីរាយការណ៍ បានឲ្យដឹងថា ទំនាក់ទំនងរវាងអ្នកទាំងពីរបានធ្លាក់ដល់កម្រិតក្រោមសូន្យកាលពីដើមខែនេះ និងជាពេលដែលមានពាក្យចចាមអារ៉ាមថា គ្រូបង្វឹកម្នាក់នេះ អាចនឹងត្រូវបណ្តេញចេញពីការងារ ខណៈដែលក្រុម Barcelonaអះអាងថា កីឡាករ Messi នឹងបន្តនៅលេងតទៅទៀត។ទោះបីជាយ៉ាងណាក៏ដោយ ខ្សែបម្រើជើងចាស់ Xavi បានអះអាងថា គ្មានអ្វីខុសពីប្រក្រតីនោះឡើយចំពោះគ្រូបង្វឹក និងកីឡាករ ពីព្រោះថា ភាពតានតឹងរវាងគ្រូបង្វឹក នឹងកីឡាករ អាចកើតឡើងរាប់លានដង អំឡុងរយៈពេលពេញមួយរដូវកាល។លោកបានបញ្ជាក់ទៀតថា ប្រធានបទនៃភាពចម្រូងចម្រាស បានបញ្ចប់អស់ហើយ ហើយឥឡូវក្រុមBarcelonaបានរួបរួមគ្នាវិញហើយ។ អ្នករាល់គ្នា មានឆន្ទៈរៀងខ្លួន ក្នុងការសម្រេចជោគជ័យនៅក្នុងរដូវកាលនេះ។ នេះមិនមែនជាលើកទី១នោះទេ ដែលរឿងរ៉ាវបែបនេះ បានកើតមានឡើង។ វាបានកើតឡើងច្រើនណាស់ចំពោះមិត្តរួមក្រុម ហើយករណីបែបនេះ វាតែងតែកើតឡើងនៅពេលដែលពួកគេបំពេញការងាររួមគ្នា៕
Post a Comment