កីឡាករ Cristiano Ronaldo បានជាប់ឈ្មោះជាកីឡាករល្អជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ English Premier League របស់អង់គ្លេស បើទោះបីប្រើពេលត្រឹម៦រដូវកាលជាមួយក្លិប Manchester United ក្ដី។
បន្ទាប់ពីជួយក្រុមបិសាចក្រហមលើកពាន Premier League បាន២ដងក្នុងរយៈពេល៦រដូវកាលនៅ Old Trafford ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានអ្នកគាំទ្របោះឆ្នោតឱ្យក្លាយជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្រ្ដ BPL របស់អង់គ្លេស ពោលគឺនៅលើ Thierry Henry និង Ryan Giggs ថែមទៀតផង។
ក្នុងការស្ទង់មតិនេះដែរ មានអ្នកគាំទ្រប្រមាណជា១០០០នាក់ បានបោះឆ្នោតជ្រើសរើសក្នុងចំណោមកីឡាករ១០នាក់។ កីឡាករ១០នាក់នោះរួមមាន Ronaldo , Henry , Giggs , Eric Cantona , Gianfranco Zola , Dennis Bergkamp , Steven Gerrard , Alan Shearer , Roy Keane និង Patrick Vieira ។ ហើយលទ្ធផលចុងក្រោយចេញមកថា Ronaldo ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ២៤% ចំណែកឯ Henry បាន១៨% និង Giggs បាន១៣%។
ម្ចាស់ពាន Ballon d’Or ៣សម័យកាលរូបនេះចូលមកលេងនៅបិសាចក្រហមឆ្នាំ២០០៣ ដែលពេលនោះលោក Alex Fugerson ទិញមកពីក្រុម Sporting Lisbon ក្នុងតម្លៃខ្លួន១២លានផោន។ ក្នុងរយៈពេល៦រដូវកាលនៅ Man Utd នេះដែរ ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់រូបនេះរកគ្រាប់បាល់បាន១១៨គ្រាប់ក្នុងការបង្ហាញខ្លួន២៩២ប្រកួត ហើយក៏មានឈ្មោះជាកីឡាករល្អជាងគេលើលោក (Ballon d’Or) ជាលើកដំបូងផងដែរនៅឆ្នាំ២០០៨។ នៅឆ្នាំ២០០៩ ក្រុម Real Madrid បានឱ្យតម្លៃខ្លួន Cr7 ខ្ពស់កប់ពពក ដែលធ្វើឱ្យបិសាចក្រហមមិនអាចប្រកែកបាន ទើបធ្វើឱ្យរូបគេត្រូវផ្លាស់ទៅអេស្ប៉ាញក្នុងតម្លៃខ្លួន៨០លានផោន។
សម្រាប់ប្រិយមិត្តវិញ យល់យ៉ាងណាដែរចំពោះចំពោះលទ្ធផលនៃការបោះឆ្នោតនេះ?
Post a Comment