GuidePedia

0
Chelsea ជា​ក្លិប​បាល់ទាត់​​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ក្នុង​​ប្រទេស​អង់គ្លេស ​ក្រោយ​​មាន​មហាសេដ្ឋី​រុស្សី​លោក Roman Abramovich ​ចូល​មក​​​កាន់​កាប់។ ក្លិប​​​​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​លិច​ទី​ក្រុង​ឡុងដុង​នេះ​ បាន​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​​របស់​​កីឡាករ​ល្អៗ​ជា​ច្រើន ដែល​តែង​ស្រមៃ​ចង់​លេង​ឲ្យ​ក្លិប​មួយ​នេះ។

​ខាង​ក្រោម​នេះ ​ជា​កីឡាករ​១០​រូប ដែល​​ផ្ទេរ​ទៅ​កាន់​កីឡដ្ឋាន Stamford Bridge ជា​មួយ​​នឹង​ក្ដី​សង្ឃឹម​យ៉ាង​ពេញ​លេញ ប៉ុន្តែ​បែរ​ជា​បរាជ័យ​​ ដោយសារ​​លេង​មិន​បាន​ល្អ​ទៅ​វិញ៖

១. Asier del Horno (ចូល​និវត្តន៍)

​ខ្សែ​ការពារ​អេស្ប៉ាញ គឺជា​តួអង្គ​ដ៏​សំខាន់​បំផុត​របស់​ក្រុម Athletic Bilbao ជា​ច្រើន​ឆ្នាំ​ និង​បាន​ផ្ទេរ​មក​កាន់​ Chelsea ក្នុង​តម្លៃ​ ៨លាន​ផោន (ជាង​១២​លាន​ដុល្លារ)។ ប៉ុន្តែ​រូប​គេ​លេង​មិន​បាន​ល្អ​ទេ នៅ​ក្រុម​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​ ហើយ​១​ឆ្នាំ​ក្រោយ​មក ក៏​ផ្ទេរ​ទៅ​កាន់​ក្រុម Valencia ក្នុង​តម្លៃ​ខាត​ពាក់​កណ្ដាល​វិញ។

២. Shaun Wright-Phillips (QPR )

​ខ្សែ​បម្រើ​អង់គ្លេស​លេង​បាន​ល្អ​ណាស់​ឲ្យ​ក្រុម​ Manchester City ​កាល​ពី​ឆ្នាំ​២០០៥ ប៉ុន្តែ​បន្ទាប់​ពី​ផ្ទេរ​មក​កាន់ Chelsea ក្នុង​តម្លៃ​ ២១​លាន​ផោន (ជាង​៣១​លាន​ដុល្លារ) ក៏​ធ្លាក់​ទម្រង់​លេង​ និង​ក្លាយ​ជា​កីឡាករ​បម្រុង​​។ បន្ទាប់​មក​​ក្លិប​តោ​ខៀវ​ព្រម​លក់​ខាត​ទៅ​ឲ្យ​ Man City វិញ។ បច្ចុប្បន្ន​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​ កំពុង​លេង​ឲ្យ​ក្រុម QPR។

៣. Scott Parker (Fulham)

​ខ្សែ​បម្រើ​​អង់គ្លេស​រូប​នេះ លេង​ឲ្យ​ក្រុម​នៅ​ក្នុង​ទី​ក្រុង​ឡុងដុង​ស្ទើរតែ​ទាំង​អស់​ ដែល​រួម​មាន​ក្រុម Charlton Athletic, West Ham, Fulham, Tottenham Hotspur និង​លេង​បាន​ល្អ​ទៀត​ផង ប៉ុន្តែ​កំឡុង​ពេល​ដែល​រូបគេ​លេង​នៅ​​ក្រុម Chelsea បែរ​ជា​​ពុំ​បាន​ល្អ​ទៅ​វិញ។ ​បច្ចុប្បន្ន​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ ​កំពុង​លេង​ឲ្យ​ក្រុម Fulham។

៤. Steve Sidwell (Stoke City)

ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​ គឺ​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម Reading។ ក្រោយ​មក​ Chelsea ក៏​បាន​ចុះ​កិច្ច​សន្យា​យក ដោយ​គ្មាន​តម្លៃ​ខ្លួន ប៉ុន្តែ​អាច​ទទួល​បាន​តម្លៃ​​ខ្លួន​ប្រចាំ​សប្ដាហ៍​ខ្ពស់។ លុះ​មក​ដល់​ក្រុម​តោ​ខៀវ​ កីឡាករ​រូប​នេះ​​ធ្លាក់​ទម្រង់​លេង​ និង​ក្លាយ​ជា​កីឡាករ​បម្រុង​​វិញ។ ​បច្ចុប្បន្ន​កីឡាករ​វ័យ៣២ឆ្នាំ​រូប​នេះ កំពុង​លេង​ឲ្យ​ក្រុម Stoke City។

៥. Marko Marin (Anderlecht)

កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ផ្ទេរ​ពី​ក្រុម Werder Bremen ​មក​កាន់​ Chelsea ក្នុង​តម្លៃ​៧​លាន​ផោន (ជាង​១០,៥​លាន​​ដុល្លារ) កាល​ពី​ឆ្នាំ​២០១២។ ប៉ុន្តែ​រូប​គេ​ ពុំ​បាន​បង្ហាញ​ទម្រង់​លេង​ណា​មួយ​ធ្វើ​ឲ្យ​ក្រុម​តោ​ខៀវ​ចាប់​អារម្មណ៍​នោះ​ទេ។ ​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ បច្ចុប្បន្ន​​កំពុង​លេង​ឲ្យ​ក្រុម Anderlecht ស្ថិត​ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង។

៦. Andriy Shevchenko (ចូល​និវត្តន៍)

​​​អតីត​ជម្រើស​ជាតិ​អ៊ុយក្រែន​ គឺជា​ខ្សែ​ប្រយុទ្ធ​ដ៏​លេច​ធ្លោ​មួយ​រូប​នៅ​អឺរ៉ុប។ ផ្ទេរ​មក​កាន់ Chelsea ក្នុង​តម្លៃ​៣០,៨​លាន​​ផោន (ជាង​៤៥​លាន​ដុល្លារ) កាល​​វ័យ​២៩​ឆ្នាំ។ ទោះ​យ៉ាងណា បុរស​វ័យ​៣៨​ឆ្នាំ​រូប​នេះ​ ពុំ​បាន​រក​គ្រាប់​បញ្ចូល​ទី​បាន​ច្រើន​សម​នឹង​តម្លៃ​ខ្លួន​ឲ្យ​ក្រុម​តោ​ខៀវ​នោះ​ទេ។

​៧. Fernando Torres (Atlético Madrid)

កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ បាន​ផ្ទេរ​ពី Liverpool ទៅ​កាន់​ Chelsea ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​ប្រទេស​អង់គ្លេស ៥០​លាន​ផោន (ជាង​៧៥​លាន​ដុល្លារ)។ ប៉ុន្តែ​​​លុះ​ទៅ​​ដល់​កីឡដ្ឋាន Stamford Bridge បែរ​ជា​ធ្លាក់​ជើង​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​ទៅ​វិញ។ ​បច្ចុប្បន្ន​ កីឡាករ​វ័យ៣០​ឆ្នាំ​ កំពុង​លេង​ឲ្យ​ក្រុម​ចាស់​របស់​គេ Atlético Madrid។

៨. Gael Kakuta (Rayo Vallecano)

កីឡាករ​​វ័យ​ក្មេង​សញ្ជាតិ​បារាំង​បាន​ផ្ទេរ​ពី​ក្រុម Lens ប៉ុន្តែ​ពុំ​ទាន់​បាន​ចូល​លេង​ឲ្យ​ក្លិប​ផង ក៏​ត្រូវ​បាន​គេ​ពិន័យ​ ដោយសារ​ក្លិប Chelsea ​​សហព័ន្ធ​ពិន័យ​មិន​ឲ្យ​ចុះ​កិច្ច​សន្យា​យក​កីឡាករ​ក្មេងៗ​។ កីឡាករ​វ័យ​២៣​ឆ្នាំ​រូប​នេះ ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្រុម Rayo Vallecano លក្ខណៈ​ខ្ចី​ជើង។

៩. Adrian Mutu (ចូល​និវត្តន៍)

​​អតីត​កីឡាករ​ជម្រើស​ជាតិ​រ៉ូម៉ានី​ គឺជា​កីឡាករ​ដែល​ក្លិប​ Chelsea ទិញ​ដោយ​ការ​សោកស្ដាយ​បំផុត ព្រោះ​កីឡាករ​រូប​នេះ គេ​រក​ឃើញ​ថា មាន​ប្រើ​ប្រាស់​គ្រឿង​ញៀន ដែល​ធ្វើ​ឲ្យ​អាជីព​ជា​កីឡាករ​របស់​គេ​ត្រូវ​បាត់​បង់​ផង​ដែរ។

១០. Yuri Zhirkov (Dynamo Moscow)

កីឡាករ​ជម្រើស​ជាតិ​រុស្សី បាន​ផ្ទេរ​ទៅ​កាន់ Chelsea ក្នុង​តម្លៃ​ ១៨​លាន​ផោន (ជាង​២៧​លាន​ដុល្លារ)។ ប៉ុន្តែ​អំឡុង​ពេល​នៅ​​ក្រុម​តោ​ខៀវ ​ខ្សែ​ការ​ពារ​រូប​នេះ​លេង​មិន​បាន​ល្អ​ទេ។ ហើយ​ចុង​ក្រោយ​កីឡាករ​វ័យ​៣១​​ឆ្នាំ ​ក៏​ត្រឡប់​ទៅ​លេង​ឲ្យ​ក្លិប​នៅ​ប្រទេស​កំណើត​ Dynamo Moscow វិញ រហូត​ដល់​បច្ចុប្បន្ន៕

ចុះ​ប្រិយ​មិត្ត​ គិត​ថា​មាន​កីឡាករ​ណា​ផ្សេង​ទៀត​​ដែល​លេង​​ធ្លាក់​ជើង​នៅ Chelsea ដែរ​​ទេ?

Post a Comment

 
Top