អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺអ៊ុង វិរៈ ក្លិបកងពលតូចទ័ពឆត្រយោង៩១១ និងឯម សាវឿន ក្លិបឫទ្ធីពោធិសែនជ័យ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងព្រឹត្តិការណ៍ប្រដាល់មិត្តភាពកម្ពុជា-ថៃខារ៉ាបាវ នាយប់ថ្ងៃអាទិត្យទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះ នៅលើសង្វៀនស្ទឹងមានជ័យ។
អ៊ុង វិរៈ នឹងមកជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Prakao Klang Sang ក្នុងទម្ងន់៧០គីឡូក្រាម។ វិរៈ លើកនេះ ប៉ះចំជើងខ្លាំងហើយ ព្រោះអ្នកប្រដាល់ថៃPrakao Klang Sang នេះ មិនត្រឹមតែខ្ពស់ជាងទេ គឺមានប្រវត្តិប្រកួតដល់ទៅ១០០ ដង ឈ្នះ៨៥ដង ចាញ់១០ដង និង ស្មើ៥ដង ហើយថែមទាំងធ្លាប់ផ្តួលដៃគូប្រកួតឲ្យសន្លប់ចំនួន៣៥នាក់ឯណោះ។ ដូចនេះមិនធម្មតាទេ ឡើងប្រកួត១០០ដង ចាញ់តែ១០ដងនោះ។
ទោះជាយ៉ាងណា អ៊ុង វិរៈ គេមិនខ្លាចនោះឡើយ ហើយគេក៏ទើបតែផ្តួលអ្នកប្រដាល់ថៃSaree Chhai Luck Prabath ដោយពិន្ទុកាលពីថ្ងៃទី៣១ ខែមករាកន្លងមកនេះ។ គិតត្រឹមពេលនេះ វិរៈគេធ្លាប់វាយឈ្នះថៃ៨នាក់ហើយ។
ប្រកួតជាមួយខ្មែរគ្នាឯង អ៊ុង វិរៈហាក់ដូចជារកដៃគូមិនបាននោះទេ ព្រោះគេឈ្នះរហូត តែជាមួយបរទេសគេនៅមានពិសោធន៍តិចតួចនៅឡើយ។ ទោះជាយ៉ាងណា គេជួបប្រកួតជាមួយអ្នកប្រដាល់បរទេសចំនួន១៤នាក់កន្លងមកនេះ វិរៈមិនទាន់ស្គាល់ពាក្យថាចាញ់ម្តងណានៅឡើយទេ។
អ៊ុងវិរៈមានចិត្តប្រដាល់ធំ មិនចេះខ្លាច មិនចេះញញើត គ្រាន់តែគេខ្វះល្បិចកលក្នុងការផ្តួលគូប្រកួតតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី អ្នកប្រដាល់ថៃ Prakao Klang Sang មិនប្រាកដថាអាចយកឈ្នះលើអ៊ុងវិរៈបាននោះឡើយ ដោយសារអ៊ុងវិរៈ គេរឹងមាំ កម្លាំងស៊ុហ្វខ្លាំងមិនចាញ់ស៊ុហ្វអ្នកប្រដាល់បរទេសនោះទេ។ ប៉ុន្តែយ៉ាងណាអ៊ុង វិរៈ មិនអាចមើលស្រាលអ្នកប្រដាល់ថៃនោះបានឡើយ។
អ៊ុង វិរៈ មានប្រវត្តិប្រកួតប្រហែល៦១ដង ដែលក្នុងចំនួននេះគេវាយឈ្នះ៥៥ដង ចាញ់៦ដងប៉ុណ្ណោះ ហើយគេក៏ជាម្ចាស់ខ្សែក្រវាត់មួយដែរនៅក្នុងស្រុកខ្មែរនេះ។ ចាំមើល តើអ៊ុងវិរៈ ឬ Prakao Klang Sang ដែលឈ្នះក្នុងការប្រកួតគ្នានេះ។
អ្នកប្រដាល់ស្រករក្រោយ ឯម សាវឿន ត្រូវគេផ្តល់ទំនុកចិត្តឲ្យជួបប្រកួតជាមួយ អ្នកប្រដាល់ថៃឈ្មោះBunnam ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។ អ្នកប្រដាល់ថៃBunnamនេះ មិនដែលមកប្រកួតនៅស្រុកខ្មែរទេកន្លងមក។
Bunnam គេមានកំណត់ត្រាប្រកួតច្រើនជាងសាវឿន គឺប្រកួតបាន៨០ដង ឈ្នះ៦០ដង ចាញ់១៥ដង និងស្មើ០៥ដង ខណៈដែលកំណត់ត្រាប្រកួតរបស់សាវឿន មានចំនួន៥៥ ដង ឈ្នះ៤៣ដង ចាញ់១១ដង និងស្មើម្តង តែសាវឿនធ្លាប់ផ្តួលដៃគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង។
ឯម សាវឿន គេមានផ្លែល្អ ពិសេសគឺផ្លែកែងនិងជង្គង់ ដោយសារគេខ្ពស់ ដៃជើងវែង ប៉ុន្តែអ្វីដែលគេបារម្ភជំនួសសាវឿននោះ គឺខ្លាចតែចាញ់កម្លាំងស៊ុហ្វថៃមួយមុខប៉ុណ្ណោះ។ ទោះជាយ៉ាងណា សាវឿន មានតែមឈ្នះត្រង់គេខ្ពស់ជាងថៃ។
ជាលើកទី១របស់ឯម សាវឿន ដែលឡើងប្រកួតជាមួយថៃបែបនេះ គេមិនហ៊ានអះអាងមុនថា សាវឿនឈ្នះក្នុងការប្រកួតនេះទេ។ ចាំមើល តើសាវឿនឈ្នះឬមួយក៏Bunnamឈ្នះសម្រាប់ការជួបគ្នានេះ ?៕
Post a Comment