GuidePedia

0
អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​កម្ពុជា​ វ៉ន​ វីវ៉ា​ បាន​បង្ហាញ​​អារម្មណ៍​​សុំ​ទោស​ដល់​អ្នក​គាំទ្រ​កម្ពុជា​​តាម​ Facebook​ បន្ទាប់​ពី​រូប​គេ​ធ្វើ​មិន​បាន​ល្អ​ដោយ​ចាញ់​ពិន្ទុ​ជើង​ខ្លាំង​ចាស់​វស្សា​ថៃ​ Jomhod​ Kiatadisak​ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ក្នុង​ព្រឹត្តិការណ៍​ Full Metal Dojo នៅ​ទី​ក្រុង​បាងកក។


ឆ្លង​​កាត់​ការ​ប្រកួត​៣​ទឹក​ស្មើ​នឹង​១៥​នាទី វ៉ន វីវ៉ា ​បាន​ចាញ់​ត្រឹម​តែ​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ទំនង​ជា​សោកស្តាយ​យ៉ាង​ខ្លាំង​សម្រាប់​ការ​ប្រកួត MMA លើក​ដំបូង ហើយ​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត។ វ៉ន វីវ៉ា​បាន​និយាយ​ថា ៖«សុំ​ទោស​បង​ប្អូន​ការ​ប្រកួត​លើក​នេះ​ ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ទេ​ និង​មិត្ត​ទាំង​អស់»។

ចំពោះ​កីឡា​ការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន ដាវីន​ក៏​បាន​​បង្ហាញ​អារម្មណ៍​ដែរ​ថា ៖« លើក​នេះ​បង​ជ្រើស​រើស​ខុស​ មិន​អាច​ធ្វើ​បាន​ ខុស​ជំនាញ​របស់​បង»។

ការ​ប្រកួត​របស់​ វ៉ន វីវ៉ា និង​កីឡាករ​ថៃ​ម្នាក់​នេះ​បាន​ក្លាយ​ជា​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍​ ខណៈ​ទាំង​កម្មវិធី​ និង​បណ្តាញ​សារព័ត៌មាន​ថៃ​បាន​លើក​ឡើង​ថា​ ជា​ព្រឹត្តិការណ៍​ធំ​អស្ចារ្យ​សម្រាប់​ប្រវត្តិ​សាស្ត្រ​នៃ​អ្នក​ប្រដាល់​ថៃ​ Jomhod ដែល​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ពិភព​ប្រដាល់​គុន​សេរី​ហើយ​ងាក​​មក​ចាប់​ប្រឡូក​ក្នុង​ការ​ប្រដាល់​ MMA ទៀត​ ទោះ​ជា​វ័យ​៤៤​ឆ្នាំ​ហើយ​ក្តី។


ទោះ​បី​ជា​យ៉ាង​ណា​ អ្នក​ប្រដាល់​វ័យ​ក្មេង​ ថៃ រិទ្ធី​ បាន​ក្លាយ​ជា​អ្នក​ប្រដាល់​កម្ពុជា​ដំបូង​គេ​ដែល​បាន​សាង​ប្រវត្តិ​សាស្ត្រ​ឈ្នះ​កីឡាករ​បរទេស​សម្រាប់​ក្បាច់​គុន​ MMA​នេះ​ បន្ទាប់​ពី​បាន​ផ្តួល​កីឡាករ​វ័យ​ក្មេង​ស៊ុយអែត​ Fabian​ Pettersson​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​មួយ​ ខណៈ​ចាន់ ហេង​ ​ជា​កីឡាករ​ទី​២​​ ក្រោយ​ឈ្នះ​ពិន្ទុ​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​​ ​ Detchadin​ Srosirisuphathin​ ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា៕

Post a Comment

 
Top