GuidePedia

0
ទីភ្នាក់ងារ​ព័ត៌មាន AP បាន​ផ្សាយ​ថា កីឡាករ​ល្បីឈ្មោះ​លំដាប់​ពិភពលោក រ៉ា​ហ្វា​អែ​ល ណា​ដាល់ នឹង​បើក​សាលា​បណ្ឌិតសភា​កីឡា​វាយ​កូន​បាល់​លើ​ទឹកដី​ដំណើ​តរបស់​ខ្លួន​នា​កោះ Mallorca នៅ​ឆ្នាំ​២០១៦ ខាង​មុខ ។


ជើងឯក​ក្របខ័ណ្ឌ​ធំ​១៤​សម័យ​រូប​នេះ​បាន​ធ្វើ​រួច​ហើយ​នូវ​ពិធី​បញ្ចុះ​បឋមសិលា​លើ​ទីតាំង​ដែល​ត្រូវ​សាងសង់​ក្នុង​ទីក្រុង​កំណើត​របស់​គេ​ឈ្មោះ Manacor ។ ថ្លែង​ក្នុង​ឱកាស​នោះ កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ៖ « នេះ​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​សម្រាប់​រូប​ខ្ញុំ​។ គម្រោង​ដែល​យើង​បាន​ខិតខំ​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ទីបំផុត​បាន​លេច​ចេញ​ជា​រូបរាង​ពិតប្រាកដ​ហើយ​» ។ គេ​បាន​បន្ថែម​ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដោយ​ការ​បោះជំរំ​មួយ​ក្នុង​រដូវក្តៅ​នៅ​ឆ្នាំ ២០១៦ ។

សូម​បញ្ជាក់​ថា សាលា​បណ្ឌិតសភា​វាយ​កូន​បាល់​នេះ ក៏​មាន​ថ្នាក់រៀន​សម្រាប់​ឱ្យ​បណ្តា​កីឡាករ​/​កីឡាការិនី​ល្បី​ៗ​ឈ្មោះ និង​មាន​ទេព​កោសល្យ​បន្ត​ការ​សិក្សា​ជា​ធម្មតា​របស់​ខ្លួន​បាន​ផង​ដែរ ។ ក្នុង​ពេល​បច្ចុប្បន្ន ណា​ដាល់ កំពុង​សម្រាក​ព្យាបាល​មុខរបួស​ពី​ការ​វះកាត់​ពោះវៀន​ដុះ​ខ្នែង​។ នៅ​ខែមករា​ឆ្នាំ​ក្រោយ គេ​នឹង​វិល​ចូល​ទីលាន​ប្រកួត​ជា​ថ្មី​ម្តងទៀត ។

ដោយឡែក ក្នុង​ពេល​ដំណាលគ្នា​នឹង​ឈប់​សម្រាក​របស់​គេ មាន​លេចឮ​ពាក្យ​ចចាមអារ៉ាម​មួយ​ដែល​ថា រូបគេ​បាន​ប្រើប្រាស់​សារធាតុ​ហាមឃាត់​អំឡុង​ពេល​ព្យាបាល​បណ្តុះ​កោសិកា​ថ្មី ។ ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ ណា​ដាល់​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​មិន​គិត​ថា វា​អាច​ក្លាយជា​ដូច្នោះ​ទេ ។ ខ្ញុំ​មិន​បានដឹង​ពិស្តារ​អំពី​និ​តិ​វិធី​នៃ​ការ​ព្យាបាល​របស់​ពេទ្យ​នោះ​ទេ ។ ខ្ញុំ​ធ្វើ​តាម​អ្វី​ដែល​គ្រូពេទ្យ​ប្រាប់​ប៉ុណ្ណោះ​» ។

ក្នុង​រដូវ​កាល​នេះ ណា​ដាល់ ដណ្តើម​បាន​ពាន​ជើងឯក​ចំនួន​៣​លើក​ប៉ុណ្ណោះ ។ ក្នុង​ចំណោម​នោះ ពាន​ជើងឯក​សំខាន់​ជាងគេ គឺ​ពាន​ក្របខ័ណ្ឌ​ធំ French Open នៅ​ប្រទេស​បារាំង ៕

Post a Comment

 
Top