ខ្សែប្រយុទ្ធRobin van Persie បានទទួលស្គាល់ថារូបគេមិនប្រាកដចំពោះអ្វីដែលនឹងកើតឡើងអំពីអនាគតដ៏យូរអង្វែងរបស់គេនៅឯក្លិប Manchester United។
កិច្ចសន្យារបស់ Van Persie នឹងផុតកំណត់នៅរដូវកាលក្តៅក្នុងឆ្នាំ២០១៦ ខណៈដែលខ្សែប្រយុទ្ធរូបនេះបានបញ្ជាក់ថា រូបគេមិនដឹងថា អ្វីនឹងកើតឡើងបន្ទាប់ពីនោះឡើយ។ កីឡាករវ័យ៣១ឆ្នាំរូបនេះបានឲ្យដឹងថា៖ «វាមិនមែនអាស្រ័យទៅលើរូបខ្ញុំឡើយ។ នៅពេលនេះ ខ្ញុំនឹងបន្តនៅក្នុងរយៈពេល១៨ខែទៀត។ នោះជារឿងដែលប្រាកដប្រជា។ ខ្ញុំមិនអាចសម្លឹងទៅថ្ងៃអនាគតបានឡើយ។ ខ្ញុំមិនដឹងអ្វីដែលនឹងកើតឡើងបន្ទាប់ពីនោះឡើយ។
Van Persie ក៏បានទទួលស្គាល់ផងដែរថា រូបគេមិនពេញចិត្តជាមួយនឹងទម្រង់លេងរបស់គេនៅរដូវកាលនេះឡើយ ខណៈដែលខ្សែប្រយុទ្ធរូបនេះ បានស៊ុតបាល់បញ្ចូលទីត្រឹមតែ៨គ្រាប់គត់ក្នុងការបង្ហាញខ្លួន២៥លើក។
ក្រុមរបស់លោក Louis van Gaal ក៏បានជួបភាពត្រដាបត្រដួសក្នុងការស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីផងដែរ ក្រោយពីពួកគេបាកត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីត្រឹមតែ៥គ្រាប់គត់ក្នុងការប្រកួត៦លើកចុងក្រោយរបស់ពួកគេ។
Van Persie ជឿជាក់ថា រាល់សមាជិកក្រុមទាំងអស់ត្រូវតែទទួលយកការទទួលខុសត្រូវសម្រាប់បញ្ហានេះ និងចំពោះយុទ្ធនាការមួយដែលបានធ្វើឲ្យពួកគេឈរក្នុងចំណាត់ថ្នាក់លេខ៤នៅលើតារាងលីក។ Man United ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Cambridge United កាលពីថ្ងៃសុក្រក្នុងការប្រកួតពាន FA Cup ជុំទី៤ផងដែរ ដោយក្នុងការប្រកួតនោះ ខ្សែប្រយុទ្ធ Van Persie បានបាត់បង់ឱកាសដ៏ល្អមួយ ក្រោយពីចូលលេងក្នុងនាមជាកីឡាករបម្រុង៕
Post a Comment