ខ្សែបម្រើប្រយុទ្ធ Raheem Sterling បានច្រានចោលសំណើបន្តកុងត្រាថ្មីជាលើកទី២ ជាមួយនឹងក្រុមហង្សក្រហម Liverpool ដែលធ្វើឲ្យក្រុម Chelsea និង Real Madrid រឹតតែចង់បានកីឡាករឆ្នើមវ័យក្មេងរូបនេះថែមទៀត។ កីឡាករជម្រើសជាតិតោកំណាចអង់គ្លេសរូបនេះ បានបដិសេធម្ដងរួចមកហើយ កាលពីខែមុន ខណៈដែលក្លិប Liverpool ផ្ដល់ថ្លៃឈ្នួលទ្វេជា២ទៅនឹងថ្លៃឈ្នួលបច្ចុប្បន្ន រហូតដល់ទៅ ៧ម៉ឺនផោន (ជាង១០ម៉ឺនដុល្លារ) ប៉ុន្តែកីឡាកររូបនេះ ចង់បានតម្លៃខ្លួនខ្ពស់ជាងនោះទៀត។ ដោយសារ Liverpool ចង់រក្សាទុក Sterling ឲ្យនៅ Anfield ឲ្យបានរយៈពេលវែងឆ្ងាយទៀតទៅថ្ងៃអនាគត ទើបលោកគ្រូបង្វឹក Brendan Rodgers បង្កើនឲ្យថ្លៃឈ្នួលជាថ្មីទៀតដល់ទៅ ៩ម៉ឺនផោន (ជាង១៣ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍ ប៉ុន្តែត្រូវបានកីឡាករវ័យ២០ឆ្នាំ បដិសេធជាលើកទី២ ដោយរូបគេចង់បានយ៉ាងតិច ១០ម៉ឺនផោន (ជិត១៥ម៉ឺនដុល្លារ) ក្នុងមួយសប្ដាហ៍។ ការបដិសេធកុងត្រាថ្មីនេះ ធ្វើឲ្យក្លិបតោខៀវ Chelsea និងក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់ការចាប់អារម្មណ៍ចង់បាន Sterling យ៉ាងខ្លាំង។ Sterling បានក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមហង្សក្រហម និងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីមានទម្រង់លេងឡើងជើងគួរឲ្យកត់សម្គាល់ ខណៈដែលថ្មីៗនេះរូបគេទទួលបានពានរង្វាន់ ស្បែកជើងមាសប្រចាំឆ្នាំ២០១៤ ជាកីឡាករអាយុក្រោម២១ឆ្នាំលេងបានល្អដាច់គេនៅអឺរ៉ុបថែមទៀត៕
Post a Comment